គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 5:12-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ទ្រង់​ធ្វើ​ឲ្យ​ថ្លស់​ឧបាយ​របស់​មនុស្ស​ឆ្លាត មិន​ឲ្យ​ដៃ​គេ​សំរេច​ការ​ដែល​គេ​ផ្តើម​ធ្វើ​នោះ​ឡើយ

13. ទ្រង់​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង‌វៃ

14. អ្នក​ទាំង​នោះ​ប្រទះ​នឹង​សេចក្តី​ងងឹត​នៅ​វេលា​ថ្ងៃ ហើយ​គេ​ដើរ​ស្ទាបៗ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​យប់

15. តែ​ទ្រង់​ជួយ​ឲ្យ​រួច​ពី​ដាវ​នៃ​មាត់​គេ គឺ​ជា​មនុស្ស​កំសត់​ទុគ៌ត ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ

16. យ៉ាង​នោះ​មនុស្ស​ក្រ‌ខ្សត់​មាន​ទី​សង្ឃឹម ហើយ​សេចក្តី​ទុច្ចរិត​ត្រូវ​បិទ​មាត់​ទៅ។

17. មើល សប្បាយ​ហើយ​អ្នក​ណា​ដែល​ព្រះ​ទ្រង់​បាន​កែ​ឡើង ដូច្នេះ កុំ​ឲ្យ​មើល‌ងាយ​សេចក្តី​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​ឡើយ

18. ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​មាន​របួស រួច​ក៏​រុំ​ឲ្យ ទ្រង់​វាយ​កំទេច ហើយ​ព្រះ‌ហស្ត​ទ្រង់​ក៏​មើល​ឲ្យ​ជា​ឡើង​វិញ

19. ទ្រង់​នឹង​ប្រោស​ឲ្យ​អ្នក​រួច​ពី​សេចក្តី​វេទនា​៦​មុខ អើ ដល់​គំរប់​៧​ផង នោះ​សេចក្តី​អាក្រក់​នឹង​មិន​មក​ពាល់​ប៉ះ​អ្នក​ឡើយ

20. នៅ​គ្រា​អំណត់ ទ្រង់​នឹង​លោះ​អ្នក​ឲ្យ​រួច​ពី​សេចក្តី​ស្លាប់ ហើយ​នៅ​គ្រា​សឹក​សង្គ្រាម​ឲ្យ​រួច​ពី​អំណាច​ដាវ​ផង

21. អ្នក​នឹង​បាន​លាក់​កំបាំង​ពី​រំពាត់​នៃ​អណ្តាត​គេ ហើយ​កាល​គ្រោះ​ថ្នាក់​មក​ដល់ នោះ​អ្នក​មិន​ត្រូវ​ខ្លាច​ឡើយ

22. អ្នក​នឹង​សើច​ឡក​ដល់​គ្រោះ​ថ្នាក់ និង​គ្រា​អំណត់ ហើយ​មិន​ខ្លាច​សត្វ​កំណាច​នៅ​ផែនដី​ផង

23. ដ្បិត​អ្នក និង​ថ្ម​នៅ​ស្រែ នឹង​បាន​ជា​មិត្រ​នឹង​គ្នា ហើយ​ទាំង​សត្វ​ព្រៃ​នឹង​នៅ​ជា​មេត្រី​នឹង​អ្នក​ដែរ

24. អ្នក​នឹង​បាន​ទុក​ចិត្ត​ថា លំនៅ​របស់​អ្នក​នឹង​មាន​សេចក្តី​សុខ កាល​អ្នក​ចេញ​ទៅ​មើល​ក្រោល​សត្វ​របស់​អ្នក នោះ​នឹង​ឃើញ​ថា​មិន​ខ្វះ​ខាត​អ្វី​ឡើយ

25. អ្នក​នឹង​ឃើញ​ពូជ​ពង្ស​អ្នក​ចំរើន​ជា​ច្រើន​ឡើង ហើយ​កូន​ចៅ​អ្នក​បាន​គ្នា​ច្រើន ដូច​ជា​ស្មៅ​នៅ​ផែនដី

សូមអានជំពូកពេញលេញ យ៉ូប 5