គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 41:3-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. តើ​វា​នឹង​អង្វរ​ឯង​ជា​ច្រើន ឬ​នឹង​និយាយ​ពាក្យ​ស្រទន់​ដល់​ឯង​ឬ​ទេ

4. តើ​វា​នឹង​ចុះ​សន្យា​នឹង​ឯង ឲ្យ​ឯង​បាន​យក​វា​ទៅ​បំរើ​ជា​ដរាប​ឬ

5. តើ​ឯង​នឹង​លេង​ជា​មួយ​នឹង​វា ដូច​ជា​លេង​នឹង​ចាប ឬ​ចង​វា​ទុក ឲ្យ​ពួក​ទាសី​ឯង​ឬ​ទេ

6. តើ​ពួក​នេសាទ​នឹង​ចាប់​វា​លក់​ដោយ​បែង​ចំណែក​ទៅ​ឲ្យ​ពួក​ឈ្មួញ​ឬ​អី

7. តើ​ឯង​អាច​នឹង​ចាក់​ស្បែក​វា​ពេញ​ដោយ​ផ្លែ​ច្បូក ឬ​ក្បាល​វា​ដោយ​ស្ន​ចាក់​ត្រី​បាន​ឬ​ទេ

8. ចូរ​ឯង​ដាក់​ដៃ​ពាល់​វា​មើល រួច​ឲ្យ​នឹក​ចាំ​ទុក កុំ​ឲ្យ​ធ្វើ​ទៀត

9. មើល ដែល​ចាំ​ចាប់​វា នោះ​ស៊ុន​ខ្លួន​ហើយ គ្រាន់​តែ​ឃើញ​ភាព​វា​ប៉ុណ្ណោះ នោះ​ល្មម​ស្លុត​ចិត្ត​ទៅ

10. គ្មាន​អ្នក​ណា​អាច​ហ៊ាន​ដាស់​វា​ឡើង​ឡើយ បើ​ដូច្នេះ តើ​មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​អញ​បាន

11. តើ​អ្នក​ណា​ដែល​ឲ្យ​អ្វី​មក​អញ​ជា​មុន បាន​ជា​អញ​ត្រូវ​សង​គេ​វិញ សារពើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​មេឃ​ជា​របស់​ផង​អញ​ទេ​តើ។

12. អញ​មិន​ទាន់​ឈប់​និយាយ​ពី​ជើង និង​កំឡាំង​វា ឬ​ពី​រាង​ដ៏​សម‌សួន​របស់​វា​នៅ​ឡើយ

13. តើ​មាន​អ្នក​ណា​អាច​នឹង​ពន្លាត់​ស្បែក​វា​បាន តើ​អ្នក​ណា​ហ៊ាន​ដាក់​បង្ហៀរ​ក្នុង​មាត់​វា

14. តើ​អ្នក​ណា​អាច​នឹង​បើក​មាត់​វា​បាន ធ្មេញ​វា​នៅ​ព័ទ្ធ​ជុំវិញ​គួរ​ស្ញែង​ខ្លាច

15. ស្រកា​វា​ជា​ទី​អំនួត​ដល់​វា ក៏​ជាប់​គ្នា​ដូច​ជា​ត្រា

16. មួយៗ​ជិត​ស្និទ្ធ​គ្នា ដល់​ម៉្លេះ​បាន​ជា​ខ្យល់​ចូល​មិន​បាន​ផង

17. មួយ​ប្រទល់​នឹង​មួយ ហើយ​ក៏​ជាប់ៗ​គ្នា និង​ផ្តាច់​ចេញ​ពី​គ្នា​មិន​បាន​ឡើយ

18. កាល​ណា​វា​ព្រួស​ទឹក​ចេញ នោះ​ក៏​បែក​ជា​ពន្លឺ ភ្នែក​វា​ក៏​ដូច​ជា​អរុណ​រះ

19. មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា ហើយ​ផ្កា​ភ្លើង​ហើរ​ចេញ​មក​ដែរ

សូមអានជំពូកពេញលេញ យ៉ូប 41