ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ប្រសាសន៍​របស់​លោក​អេលី‌ផាស: អ្នក​ដែល​ត្រូវ​ព្រះ​ស្តី​ប្រដៅ ពិត​ជា​មាន​សុភមង្គល​មិន​ខាន!

1. អេលី‌ផាស ជា​សាសន៍​ថេម៉ាន គាត់​ឆ្លើយ​តប​ថា

2. បើ​សិន​ជា​យើង​ស៊ក​ឆ្លើយ​នឹង​អ្នក នោះ​តើ​អ្នក​នឹង​អន់​ចិត្ត​ឬ​ទេ តែ​តើ​អ្នក​ឯ​ណា​នឹង​ទ្រាំ​មិន​និយាយ​បាន

3. មើល​អ្នក​បាន​ទូន្មាន​ប្រដៅ​ដល់​មនុស្ស​ជា​ច្រើន ក៏​បាន​ធ្វើ​ឲ្យ​ដៃ​ខ្សោយ​មាន​កំឡាំង​ឡើង

4. ពាក្យ​សំដី​របស់​អ្នក​បាន​ទប់‌ទល់​ពួក​អ្នក ដែល​កំពុង​តែ​ដួល ហើយ​អ្នក​បាន​ចំរើន​កំឡាំង​ដល់​ជង្គង់​ខ្សោយ

5. តែ​ឥឡូវ​នេះ សេចក្តី​នោះ​បាន​មក​ដល់​អ្នក​វិញ ហើយ​អ្នក​ទ្រាំ​មិន​បាន ក៏​ពាល់​ប៉ះ​នឹង​អ្នក ហើយ​អ្នក​មាន​សេចក្តី​ស្រយុត​ចុះ

6. ដែល​អ្នក​កោត‌ខ្លាច​ដល់​ព្រះ នោះ​តើ​មិន​មែន​ជា​ទី​អាង​របស់​អ្នក ហើយ​ដែល​ផ្លូវ​ប្រព្រឹត្ត​របស់​អ្នក​សុទ្ធ​តែ​ទៀង​ត្រង់ នោះ​តើ​មិន​មែន​ជា​ទី​សង្ឃឹម​ដល់​អ្នក​ទេ​ឬ​អី

7. ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ

8. តាម​ដែល​ខ្ញុំ​បាន​ឃើញ នោះ​គឺ​អស់​អ្នក​ដែល​ភ្ជួរ​បំផុល​សេចក្តី​ទុច្ចរិត​ឡើង ហើយ​សាប‌ព្រោះ​សេចក្តី​កំណាច​ចុះ គេ​រមែង​ច្រូត​បាន​សេចក្តី​នោះ​ឯង​វិញ

9. គេ​ត្រូវ​វិនាស​ទៅ ដោយ​អស្សាសៈ​របស់​ព្រះ ហើយ​ខ្យល់​ចំហួល​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់​ក៏​បញ្ឆេះ​គេ​អស់​ទៅ

10. ឯ​សូរ​គ្រហឹម​របស់​សិង្ហ និង​សំឡេង​របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់

11. ឯ​សិង្ហ​ចាស់ វា​ស្លាប់​ទៅ​ដោយ​អត់​រំពា ហើយ​កូន​របស់​មេ​សិង្ហ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ។

12. រីឯ​មាន​សេចក្តី​១​បាន​ឮ​មក​ដល់​ខ្ញុំ ដោយ​សំងាត់ ត្រចៀក​ខ្ញុំ​បាន​ទទួល​ពាក្យ​ខ្សឹប​ពី​ដំណើរ​នោះ

13. នៅ​វេលា​ដែល​ការ​ជាក់​ស្តែង កំពុង​តែ​បណ្តាល​ឲ្យ​គំនិត​កំរើក​ឡើង នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស​កំពុង​ដេក​លក់​ស៊ប់

14. នោះ​សេចក្តី​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​បាន​កើត​ដល់​ខ្ញុំ ក៏​ធ្វើ​ឲ្យ​អស់​ទាំង​ឆ្អឹង​ខ្ញុំ​រញ្ជួយ​ផង

15. រួច​មាន​វិញ្ញាណ​១​កាត់​មុខ​ខ្ញុំ​ទៅ ខ្ញុំ​ក៏​ព្រឺ​រោម​ឡើង

16. វិញ្ញាណ​នោះ​ក៏​ឈប់​នឹង​នៅ តែ​ខ្ញុំ​រក​សំគាល់​ថា​ជា​មាន​រូប‌ភាព​យ៉ាង​ណា​មិន​បាន មាន​តែ​ភាព​ជា​រូប​នៅ​មុខ​ខ្ញុំ​ប៉ុណ្ណោះ ខ្ញុំ​ក៏​ឮ​សំឡេង​រសាវៗ​ពោល​មក​ថា

17. មនុស្ស​ដែល​តែង‌តែ​ស្លាប់ តើ​នឹង​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​ឬ តើ​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក​ឬ​អី

18. មើល ទ្រង់​មិន​ទុក​ចិត្ត​នឹង​ពួក​បរិវារ​ទ្រង់​ទេ ឯ​ពួក​ទេវតា​ទ្រង់ នោះ​ក៏​ប្រកាន់​ថា​មាន​សេចក្តី​អួត​អាង​ដែរ

19. ចំណង់​បើ​មនុស្ស​ដែល​នៅ​ក្នុង​ភាជនៈ​ដី ដែល​មាន​កំណើត​មក​ពី​ធូលី​ដី ហើយ​ដែល​ត្រូវ​ឈ្លី​ទៅ​ដូច​ជា​ដង្កូវ នោះ​តើ​យ៉ាង​ណា​ទៅ

20. ពី​ព្រឹក​ដល់​ល្ងាច​វា​ត្រូវ​បំផ្លាញ​ទៅ វា​សូន្យ​ទៅ​អស់​កល្ប ឥត​មាន​អ្នក​ណា​សង្កេត​ឡើយ

21. ខ្សែ​ជ្រែង​របស់​គេ​ត្រូវ​ដាច់​ចេញ ហើយ​គេ​ក៏​ស្លាប់​ទៅ ឥត​ទាន់​បាន​ប្រាជ្ញា​ផង។