ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

លោក​អេលី‌ហ៊ូវ​ពន្យល់​ពី​របៀប​ដែល​ព្រះ​ប្រៀន‌ប្រដៅ​មនុស្ស​លោក

1. អេលី‌ហ៊ូវ​ក៏​ពោល​ត​ទៅ​ថា

2. សូម​ទ្រាំ​ចាំ​ខ្ញុំ​បន្តិច​សិន ខ្ញុំ​នឹង​បង្ហាញ​លោក ដ្បិត​ខ្ញុំ​នៅ​មាន​សេចក្តី​ខ្លះ​នឹង​ពោល​ដំកើង​ពី​ព្រះ

3. ខ្ញុំ​នឹង​នាំ​យក​សេចក្តី​ចេះ​ដឹង​របស់​ខ្ញុំ​មក​ពី​ចំងាយ ហើយ​នឹង​សំដែង​ច្បាស់​ថា ព្រះ​ដែល​បង្កើត​ខ្ញុំ​ទ្រង់​សុចរិត

4. ដ្បិត​ពិត​ជា​ពាក្យ​ខ្ញុំ មិន​មែន​ជា​ពាក្យ​កំភូត​ទេ គឺ​មាន​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ខ្ញុំ​វិញ

5. មើល ព្រះ​ទ្រង់​មាន​ព្រះ‌ចេស្តា តែ​ទ្រង់​មិន​មើល‌ងាយ​ដល់​អ្នក​ណា​ឡើយ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ​ដោយ​កំឡាំង​នៃ​ព្រះ​ដំរិះ

6. ទ្រង់​មិន​គាំពារ​ជីវិត​របស់​មនុស្ស​អាក្រក់ នោះ​ទេ តែ​ទ្រង់​ប្រោស​មនុស្ស ដែល​ត្រូវ​វេទនា​តាម​ត្រឹម​ត្រូវ

7. ទ្រង់​មិន​ដក​ព្រះ‌នេត្រ​ចេញ​ពី​មនុស្ស​សុចរិត​ឡើយ គឺ​ទ្រង់​តាំង​ឲ្យ​គេ​អង្គុយ​លើ​បល្ល័ង្ក ជា​មួយ​នឹង​ពួក​ស្តេច ឲ្យ​នៅ​អស់​កល្ប‌ជានិច្ច​វិញ ហើយ​គេ​បាន​ថ្កើង​ឡើង

8. បើ​កាល​ណា​គេ​ត្រូវ​ជាប់​ច្រវាក់ ឬ​ជាប់​ចំណង​នៃ​សេចក្តី​វេទនា

9. នោះ​ទ្រង់​ក៏​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពើ​របស់​គេ ព្រម​ទាំង​សេចក្តី​រំលង​របស់​គេ ដែល​គេ​ប្រព្រឹត្ត​ដោយ​ហួស​ល្បត់

10. ទ្រង់​ក៏​បើក​ត្រចៀក​គេ​ឲ្យ​ស្តាប់​សេចក្តី​ដំបូន្មាន ហើយ​បង្គាប់​ឲ្យ​គេ​វេះ​ចេញ​ពី​សេចក្តី​ទុច្ចរិត​វិល​មក​វិញ

11. បើ​គេ​ស្តាប់​តាម ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ នោះ​គេ​នឹង​រស់​នៅ​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​គេ ដោយ​សេចក្តី​រុងរឿង ហើយ​អស់​ទាំង​ឆ្នាំ​គេ ដោយ​សេចក្តី​អំណរ

12. ប៉ុន្តែ បើ​គេ​មិន​ស្តាប់​វិញ នោះ​គេ​នឹង​ត្រូវ​វិនាស​ទៅ​ដោយ​ដាវ ហើយ​នឹង​ស្លាប់​ទៅ​ដោយ​ខ្វះ​ប្រាជ្ញា

13. ឯ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទមិល​ល្មើស គេ​ប្រមូល​ទុក​សេចក្តី​ខ្ញាល់ ហើយ​កាល​ណា​ទ្រង់​ចង​គេ នោះ​គេ​មិន​អំពាវ‌នាវ​ទេ

14. ព្រលឹង​គេ​ស្លាប់​ទៅ​ក្នុង​វ័យ​នៅ​ក្មេង​នៅ​ឡើយ ហើយ​ជីវិត​គេ​ក៏​នៅ​រួម​នឹង​ពួក​ស្មោក‌គ្រោក

15. ទ្រង់​ជួយ​អ្នក​ដែល​មាន​សេចក្តី​ទុក្ខ ឲ្យ​រួច​ដោយ​ការ​រង​ទុក្ខ​របស់​គេ​នោះ ក៏​បើក​ត្រចៀក​គេ​ក្នុង​គ្រា​ដែល​កើត​មាន​សេចក្តី​សង្កត់‌សង្កិន

16. អើ ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​នាំ​លោក​ចេញ​ពី​ទី​ចង្អៀត ទៅ​ឯ​ទី​ធំ​ទូលាយ​វិញ ជា​ទី​គ្មាន​សេចក្តី​ត្បៀត‌ត្បុល​ឡើយ យ៉ាង​នោះ អាហារ​ដែល​បាន​ដាក់​លើ​តុ​លោក នឹង​បាន​ជា​របស់​មាន​រស​ដ៏​ប្រសើរ។

17. ប៉ុន្តែ លោក​បាន​សំរេច​ពេញ​ទី តាម​សេចក្តី​ជំនុំ​ជំរះ​របស់​មនុស្ស​អាក្រក់ ដូច្នេះ សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត​បាន​ចាប់​លោក​ហើយ

18. កុំ​បី​លោក​ទុក​ឲ្យ​សេចក្តី​ក្រោធ​បណ្តាល​ឲ្យ​ទាស់​ទទឹង​នឹង​ការ​រាង‌ចាល​ឡើយ ក៏​កុំ​ឲ្យ​ថ្លៃ​លោះ​យ៉ាង​ធំ​ក្រៃលែង​នេះ នាំ​ឲ្យ​លោក​វង្វេង​ចេញ​ដែរ

19. តើ​សំរែក​របស់​លោក ឬ​ឫទ្ធិ​នៃ​កំឡាំង​លោក​នឹង​បាន​ល្មម អាច​នឹង​ជួយ​ឲ្យ​លោក​រួច​ពី​សេចក្តី​ទុក្ខ​នេះ​បាន​ឬ​ទេ

20. កុំ​ឲ្យ​សង្វាត​ចង់​បាន​ពេល​យប់ ជា​ពេល​ដែល​ពួក​ជន​ត្រូវ​ដក​ចេញ​ពី​កន្លែង​គេ​នោះ​ឡើយ

21. ត្រូវ​ឲ្យ​ប្រយ័ត្ន និង​ចៀស​ចេញ​ពី​សេចក្តី​ទុច្ចរិត ដ្បិត​លោក​បាន​រើស​សេចក្តី​នោះ​ជំនួស​ការ​រង​ទុក្ខ​វិញ។

22. មើល ព្រះ​ទ្រង់​ធ្វើ​ការ​យ៉ាង​ខ្ពស់​វិសេស ដោយ​ឫទ្ធិ​របស់​ទ្រង់ តើ​មាន​គ្រូ​ឯ​ណា​ដែល​ប្រៀប‌ផ្ទឹម​នឹង​ទ្រង់​បាន

23. តើ​អ្នក​ណា​បាន​បង្គាប់​បង្ហាញ​ផ្លូវ ដែល​ទ្រង់​ត្រូវ​ដើរ ឬ​អ្នក​ណា​ហ៊ាន​ថា ទ្រង់​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត

24. ត្រូវ​ឲ្យ​លោក​នឹក​ចាំ និង​លើក​ដំកើង​ការ​ទ្រង់​វិញ គឺ​ជា​ការ​ដែល​មនុស្ស​លោក​បាន​ច្រៀង​សរសើរ​ដែរ

25. មនុស្ស​ផង​ទាំង‌ឡាយ​រំពឹង​មើល​ការ​នោះ តែ​គេ​មើល​ពី​ចំងាយ​ទេ

26. មើល ព្រះ​ទ្រង់​ធំ​ណាស់ យើង​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ចំនួន​ឆ្នាំ​នៃ​ព្រះ‌ជន្ម​ទ្រង់ នោះ​រក​កំណត់​មិន​បាន

27. គឺ​ទ្រង់​ដែល​ជក់​ទឹក​ទៅ​លើ ឲ្យ​ប្រែ​ជា​ចំហាយ រួច​ទំលាក់​ជា​ភ្លៀង​វិញ

28. ជា​ទឹក​ដែល​ពពក​ចាក់​ចុះ​មក ឲ្យ​ធ្លាក់​ជា​បរិបូរ ស្រោច‌ស្រព​លើ​មនុស្ស​លោក

29. អើ តើ​មាន​អ្នក​ណា​យល់​ពី​ការ​រាច​ពពក ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ទ្រង់​បាន

30. មើល​ទ្រង់​បំព្រាច​ពន្លឺ​រស្មី​ព័ទ្ធ​ជុំវិញ​ទ្រង់ ហើយ​ក៏​គ្រប​បាំង​ទាំង​បាត​សមុទ្រ​ផង

31. ដ្បិត​គឺ​ដោយ‌សារ​ការ​ទាំង​នោះ ដែល​ទ្រង់​ពិចារណា​មើល​អស់​ទាំង​សាសន៍ ទ្រង់​ប្រោស​ប្រទាន​អាហារ​ឲ្យ​ជា​បរិបូរ

32. ទ្រង់​យក​រន្ទះ​កាន់​នៅ​ព្រះ‌ហស្ត ហើយ​ក៏​បាញ់​ទៅ​ចំ​ពួក​ខ្មាំង​សត្រូវ

33. សូរ​គ្រាំ‌គ្រេង​នោះ​សំដែង​ពី​ទ្រង់ ដូច​ជា​ក៏​ឲ្យ​ពពួក​សត្វ​ដឹង​ពេល​ដែល​ត្រូវ​ភ្លៀង‌ផ្គរ​នោះ​ដែរ។