គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 34:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អេលី‌ហ៊ូវ​ក៏​ពោល​ឡើង​ទៀត​ថា

2. ឱ​មនុស្ស​ប្រាជ្ញ​រាល់​គ្នា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ ឱ​ពួក​អ្នក​ដែល​មាន​យោបល់​អើយ សូម​ផ្ទៀង​ត្រចៀក​ចំពោះ​ខ្ញុំ​ចុះ

3. ដ្បិត​ត្រចៀក​តែង‌តែ​ល្បង​ល​ពាក្យ​សំដី ដូច​ជា​មាត់​តែង​ភ្លក់​រស‌ជាតិ​អាហារ​ដែរ

4. សូម​ឲ្យ​យើង​រាល់​គ្នា​រើស​យក​សេចក្តី​ណា​ដែល​ត្រឹម​ត្រូវ សំរាប់​ពួក​យើង ហើយ​ឲ្យ​យើង​បាន​ស្គាល់​សេចក្តី​ដែល​ល្អ​នៅ​ក្នុង​ចំណោម​យើង

5. ដ្បិត​លោក​យ៉ូប​បាន​ពោល​ថា លោក​សុចរិត ឯ​ព្រះ​ទ្រង់​បាន​ដក​យក​សេចក្តី​យុត្តិ‌ធម៌ ចេញ​ពី​លោក​ហើយ

6. ទោះ​បើ​លោក​សុចរិត គង់​តែ​បាន​រាប់​ជា​អ្នក​កំភូត​វិញ របួស​របស់​លោក​មើល​មិន​ជា​ទេ ទោះ​បើ​លោក​ឥត​ទោស​ក៏​ដោយ

7. តើ​មាន​អ្នក​ឯ​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្តី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក

8. លោក​សេព​គប់​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត ក៏​ដើរ​ជា​មួយ​នឹង​មនុស្ស​អាក្រក់

9. ដ្បិត​លោក​ពោល​ថា ដែល​មនុស្ស​បាន​ពេញ​ចិត្ត​នឹង​ព្រះ នោះ​គ្មាន​ប្រយោជន៍​សោះ។

10. ដូច្នេះ ឱ​មនុស្ស​មាន​យោបល់​អើយ សូម​ស្តាប់​ខ្ញុំ​ចុះ កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​ប្រព្រឹត្ត​សេចក្តី​ទុច្ចរិត​នោះ​ឡើយ

11. ដ្បិត​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​ការ​ដែល​គេ​ធ្វើ ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ផ្លូវ​របស់​ខ្លួន

12. អើ ពិត​ប្រាកដ​ជា​ព្រះ​ទ្រង់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ទ្រង់​នឹង​មិន​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ដែរ

13. តើ​អ្នក​ណា​បាន​ដំរូវ​ឲ្យ​ទ្រង់​គ្រប់‌គ្រង​ផែនដី ឬ​ផ្ទុក​លោកីយ៍​ទាំង​មូល​ទៅ​លើ​ទ្រង់

14. បើ​ទ្រង់​ផ្ចង់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​តែ​ព្រះ‌អង្គ​ទ្រង់ ហើយ​ប្រមូល​វិញ្ញាណ និង​ខ្យល់​ដង្ហើម​ទ្រង់ ត្រឡប់​ទៅ​វិញ

15. នោះ​គ្រប់​ទាំង​សាច់​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់ ហើយ​មនុស្ស​នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។

16. ឥឡូវ​នេះ បើ​មាន​យោបល់​ពិត នោះ​សូម​ស្តាប់​សេចក្តី​នេះ​ទៀត សូម​ផ្ទៀង​ត្រចៀក​ចំពោះ​សំឡេង​នៃ​ពាក្យ​របស់​ខ្ញុំ​ចុះ

សូមអានជំពូកពេញលេញ យ៉ូប 34