ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទុក្ខ​លំបាក

1. ដូច្នេះ លោក​យ៉ូប​អើយ ខ្ញុំ​សូម​ឲ្យ​លោក​ស្តាប់​សេចក្តី​អធិប្បាយ​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​អស់​ទាំង​ពាក្យ​របស់​ខ្ញុំ​ចុះ

2. មើល ខ្ញុំ​បាន​បើក​មាត់​ហើយ អណ្តាត​ក៏​បាន​រលាស់​និយាយ​នៅ​ក្នុង​មាត់​ខ្ញុំ

3. ពាក្យ​សំដី​ខ្ញុំ​នឹង​សំដែង​ចេញ ជា​សេចក្តី​ទៀង​ត្រង់​នៃ​ចិត្ត​ខ្ញុំ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​និយាយ​យ៉ាង​ច្បាស់ ពី​សេចក្តី​ដែល​ខ្ញុំ​ដឹង

4. ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​បង្កើត​ខ្ញុំ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​បាន​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជីវិត

5. បើ​លោក​អាច​នឹង​ឆ្លើយ​បាន នោះ​សូម​ឆ្លើយ​មក​ចុះ សូម​រៀប​លំដាប់​សេចក្តី​នៅ​មុខ​ខ្ញុំ រួច​ឈរ​ឡើង

6. មើល លោក​ហើយ​នឹង​ខ្ញុំ​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ ខ្ញុំ​បាន​កើត​ពី​ដី​ឥដ្ឋ​មក​ដែរ

7. មើល​ខ្ញុំ​ឥត​មាន​សេចក្តី​ស្ញែង​ខ្លាច​ណា នឹង​នាំ​ឲ្យ​លោក​ភ័យ​ទេ ហើយ​អំណាច​ខ្ញុំ​ក៏​នឹង​មិន​សង្កត់​លើ​លោក​ជា​ធ្ងន់​ដែរ។

8. ប៉ុន្តែ លោក​បាន​និយាយ​ឲ្យ​ត្រចៀក​ខ្ញុំ​ឮ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​លោក​ថា

9. លោក​ស្អាត ឥត​មាន​មន្ទិល​ឡើយ លោក​គ្មាន​ទោស ក៏​គ្មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ដែរ

10. មើល ព្រះ​ទ្រង់​រក​ហេតុ​ទាស់​នឹង​លោក ហើយ​ក៏​រាប់​លោក​ទុក​ដូច​ជា​ខ្មាំង​សត្រូវ​ដល់​ទ្រង់

11. ទ្រង់​បាន​ដាក់​ជើង​លោក​ភ្ជាប់​ដោយ​ខ្នោះ ហើយ​ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​របស់​លោក

12. ដូច្នេះ ខ្ញុំ​នឹង​ឆ្លើយ​ដល់​លោក​ថា ក្នុង​សេចក្តី​នេះ​លោក​មិន​សុចរិត​ទេ ដ្បិត​ព្រះ​ទ្រង់​ធំ​ជាង​មនុស្ស

13. ហេតុ​អ្វី​បាន​ជា​លោក​ត​តាំង​នឹង​ទ្រង់ ដ្បិត​ទ្រង់​មិន​បាច់​នឹង​រៀប‌រាប់​ប្រាប់ ពី​ការ​ណា​មួយ​របស់​ទ្រង់​ទេ

14. តែ​ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ម្តង ២​ដង​ផង ឥត​មាន​អ្នក​ណា​ស្វែង​រក​ន័យ​សេចក្តី​ទេ

15. គឺ​ក្នុង​ពេល​យល់‌សប្តិ ឬ​ក្នុង​ការ​ជាក់​ស្តែង​នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស​ដេក​លក់​ស៊ប់​នៅ​ដំណេក​ហើយ

16. នៅ​វេលា​នោះ ទ្រង់​បើក​ត្រចៀក​មនុស្ស ហើយ​ក៏​បោះ​ត្រា​សេចក្តី​ដែល​ទ្រង់​ប្រដៅ​គេ

17. ដើម្បី​នឹង​ទាញ​មនុស្ស​ចេញ​ពី​ការ​ដែល​គេ​គិត​ធ្វើ ហើយ​រាំង‌រា​គេ​ពី​សេចក្តី​អំនួត

18. ទ្រង់​ឃាំង​ព្រលឹង​គេ​ឲ្យ​រួច​ពី​ជង្ហុក ហើយ​ជីវិត​គេ​ឲ្យ​រួច​ពី​ការ​វិនាស​ដោយ​ដាវ។

19. គេ​ត្រូវ​វាយ‌ផ្ចាល ដោយ​ឈឺ​ចាប់​ដេក​នៅ​ដំណេក ហើយ​អស់​ទាំង​ឆ្អឹង​គេ​ក៏​ឈឺ​ដែរ

20. ដល់​ម៉្លេះ​បាន​ជា​ជីវិត​គេ​ធុំ​អាហារ ហើយ​ព្រលឹង​គេ​ក៏​ខ្ពើម​ចំណី

21. សាច់​គេ​ក៏​ស្គាំង‌ស្គម​ទៅ ហើយ​ឆ្អឹង​គេ​ដែល​ពី​ដើម​មើល​មិន​ឃើញ នោះ​ក៏​លេច​ឡើង​រគាម

22. អើ ព្រលឹង​គេ​ចូល​ទៅ​ជិត​រណ្តៅ​ស្លាប់ ហើយ​ជីវិត​គេ​ក៏​ជិត​ដល់​មេ​បំផ្លាញ​ហើយ។

23. បើ​សិន​ជា​មាន​ទេវតា​១​នៅ​នឹង​គេ ដើម្បី​ថ្លែង​ការ គឺ​១​ក្នុង​១​ពាន់ សំរាប់​នឹង​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ប្រព្រឹត្ត

24. នោះ​ទ្រង់​ប្រោស​មេត្តា​ដល់​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ជួយ​ឲ្យ​រួច កុំ​ឲ្យ​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​ឡើយ ដ្បិត​អញ​រក​បាន​ថ្លៃ​លោះ​គេ​ហើយ

25. យ៉ាង​នោះ​សាច់​គេ នឹង​បាន​ស្រស់​ជាង​សាច់​របស់​កូន​ក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ

26. គេ​នឹង​អធិ‌ស្ឋាន​ដល់​ព្រះ ហើយ​ទ្រង់​នឹង​ប្រោស​ដល់​គេ ឲ្យ​គេ​បាន​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់​ដោយ​សេចក្តី​រីក‌រាយ ហើយ​ទ្រង់​នឹង​ប្រគល់​សេចក្តី​សុចរិត​ដល់​គេ​វិញ

27. នោះ​គេ​នឹង​ច្រៀង​នៅ​មុខ​មនុស្ស ដោយ​ពាក្យ​ថា ខ្ញុំ​បាន​ធ្វើ​បាប ហើយ​រំលង​នឹង​សេចក្តី​ត្រឹម​ត្រូវ ជា​ការ​ដែល​ឥត​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ឡើយ

28. ប៉ុន្តែ​ទ្រង់​បាន​លោះ​ព្រលឹង​ខ្ញុំ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទេ ជីវិត​ខ្ញុំ​ក៏​នឹង​ឃើញ​ពន្លឺ​ដែរ។

29. មើល បណ្តា‌ការ​ទាំង​នេះ គឺ​ព្រះ​ទ្រង់​ធ្វើ ទ្រង់​ធ្វើ​ដល់​មនុស្ស​២​ដង ហើយ​៣​ដង​ផង

30. ដើម្បី​នឹង​ទាញ​ព្រលឹង​គេ​ពី​រណ្តៅ​មក​វិញ ប្រយោជន៍​ឲ្យ​គេ​បាន​ភ្លឺ​ដោយ​ពន្លឺ​នៃ​មនុស្ស​រស់

31. ឱ​យ៉ូប​អើយ សូម​ផ្ទៀង​ត្រចៀក​ស្តាប់​ខ្ញុំ​សិន សូម​ឲ្យ​លោក​ស្ងៀម​នៅ នោះ​ខ្ញុំ​នឹង​និយាយ

32. បើ​លោក​មាន​អ្វី​នឹង​ពោល សូម​ឆ្លើយ​តប​មក​ចុះ សូម​ពោល​ចេញ​មក ដ្បិត​ខ្ញុំ​ចង់​កែ​ឲ្យ​លោក​បាន​សុចរិត​វិញ

33. បើ​គ្មាន​ទេ នោះ​សូម​ស្តាប់​ខ្ញុំ​ចុះ សូម​លោក​ស្ងៀម​នៅ ខ្ញុំ​នឹង​បង្រៀន​ឲ្យ​លោក​មាន​ប្រាជ្ញា។