គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 32:7-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន​បង្រៀន​ពី​ប្រាជ្ញា

8. ប៉ុន្តែ មនុស្ស​លោក​សុទ្ធ​តែ​មាន​វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក៏​ឲ្យ​មាន​យោបល់

9. មិន​មែន​សុទ្ធ​តែ​ជា​អ្នក​សំខាន់ៗ​ដែល​មាន​ប្រាជ្ញា ឬ​ជា​ពួក​ចាស់ៗ​ប៉ុណ្ណោះ​ដែល​យល់​សេចក្តី​យុត្តិ‌ធម៌​នោះ​ទេ

10. ហេតុ​នោះ​បាន​ជា​ខ្ញុំ​ថា សូម​ស្តាប់​ខ្ញុំ​សិន ខ្ញុំ​នឹង​សំដែង​គំនិត​របស់​ខ្ញុំ​ដែរ។

11. មើល ខ្ញុំ​បាន​រង់‌ចាំ​ពាក្យ​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រុង​ស្តាប់​ហេតុ​ផល​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា កំពុង​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក​សេចក្តី​ដែល​ត្រូវ​និយាយ

12. អើ ខ្ញុំ​បាន​ប្រុង​ស្តាប់​អ្នក​រាល់​គ្នា​ឲ្យ​យល់​ដែរ ហើយ​មើល គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​បាន​អធិប្បាយ​ផ្ចាញ់​យ៉ូប ឬ​ឆ្លើយ​សប​នឹង​សំដី​លោក​ទេ

13. ប៉ុន្តែ កុំ​ឲ្យ​ថា យើង​បាន​រក​ប្រាជ្ញា​ឃើញ​ហើយ​នោះ​ឡើយ ដ្បិត​ព្រះ​ទ្រង់​នឹង​ឈ្នះ​លោក​បាន ឯ​មនុស្ស​ឈ្នះ​មិន​បាន​ទេ

14. លោក​មិន​បាន​ពោល​ពាក្យ​មក​ចំ​លើ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ឆ្លើយ​តប​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ

15. ដូច្នេះ អ្នក​ទាំង​៣​នោះ​ក៏​គាំង​នៅ ឥត​មាន​ឆ្លើយ​ទៀត​ឡើយ គេ​រក​ផ្លូវ​នឹង​និយាយ​មិន​បាន​ផង។

16. តើ​គួរ​ឲ្យ​ខ្ញុំ​រង់‌ចាំ​ទៀត ដោយ​ព្រោះ​តែ​គេ​មិន​ពោល​ទៀត ហើយ​ស្ងៀម​នៅ ឥត​ឆ្លើយ​ត​ទៅ​ទៀត​ឬ​អី

17. ទេ ចំណែក​ខាង​ខ្ញុំ ចង់​ឆ្លើយ​ដែរ ខ្ញុំ​នឹង​សំដែង​គំនិត​របស់​ខ្ញុំ

18. ដ្បិត​ខ្ញុំ​មាន​ពេញ​ហើយ ដោយ​ខ​សេចក្តី ឯ​វិញ្ញាណ​ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ ក៏​បណ្តាល​ខ្ញុំ​ផង

19. មើល ចិត្ត​ខ្ញុំ​ប្រៀប​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​ឥត​មាន​ផ្លូវ​ឲ្យ​ខ្យល់​ចេញ ដូច​ជា​ថង់​ស្បែក​ថ្មី​ដែល​រៀប​នឹង​ធ្លាយ​ហើយ

20. ខ្ញុំ​នឹង​និយាយ​ចេញ ដើម្បី​ឲ្យ​បាន​ធូរ​ចិត្ត ខ្ញុំ​នឹង​បើក​បបូរ​មាត់​ឆ្លើយ​តប​ទៅ

21. សូម​កុំ​ឲ្យ​ខ្ញុំ​យល់​ដល់​មុខ​អ្នក​ណា ឬ​លើក​មុខ​អ្នក​ណា​ដោយ​ពាក្យ​បញ្ចើច​ឡើយ

22. ដ្បិត​ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេ បើ​យ៉ាង​នោះ ព្រះ​ដែល​បង្កើត​ខ្ញុំ ទ្រង់​នឹង​ដក​យក​ខ្ញុំ​ចេញ​ទៅ​ភ្លាម។

សូមអានជំពូកពេញលេញ យ៉ូប 32