គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 31:2-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ដ្បិត​យ៉ាង​នោះ តើ​នឹង​មាន​ចំណែក​អ្វី​ពី​ព្រះ​ដ៏​គង់​នៅ​ស្ថាន​លើ ហើយ​តើ​នឹង​មាន​មរដក​អ្វី ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ

3. តើ​មិន​មែន​ជា​សេចក្តី​អន្តរាយ ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្តី​វេទនា​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់​ទេ​ឬ​អី

4. តើ​ទ្រង់​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ​អី។

5. បើ​ខ្ញុំ​បាន​ដើរ​ដោយ​សេចក្តី​ភូត‌ភរ ហើយ​ជើង​ខ្ញុំ​បាន​រហ័ស​ទៅ​តាម​សេចក្តី​ល្បួង

6. នោះ​សូម​ឲ្យ​ព្រះ​ថ្លឹង​ខ្ញុំ ដោយ​ជញ្ជីង​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​គំនិត​ទៀង​ត្រង់​របស់​ខ្ញុំ

7. បើ​ជើង​ខ្ញុំ​បាន​ឈាន​ចេញ​ពី​ផ្លូវ ហើយ​ចិត្ត​បាន​ទៅ​តាម​ភ្នែក បើ​មាន​សេចក្តី​ស្មោក‌គ្រោក​អ្វី​ជាប់​នៅ​ដៃ​ខ្ញុំ

8. នោះ​សូម​ឲ្យ​ខ្ញុំ​សាប‌ព្រោះ ហើយ​ម្នាក់​ទៀត​ស៊ី​ផល​ចុះ អើ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​រំលើង​ផល​ក្នុង​ស្រែ​ចំការ​ខ្ញុំ​ទាំង​អស់​ទៅ​ផង

9. បើ​ចិត្ត​ខ្ញុំ​បាន​ចុះ​ចូល​នឹង​សេចក្តី​លួង‌លោម​របស់​ស្ត្រី​ណា ហើយ​ខ្ញុំ​បាន​លប​ចាំ​នៅ​មាត់​ទ្វារ​អ្នក​ជិត​ខាង​ខ្ញុំ

10. នោះ​សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​បាន​កិន​ស្រូវ​ឲ្យ​ម្នាក់​ទៀត ហើយ​ឲ្យ​មនុស្ស​ឯ​ទៀត​រួម​រស់​ជា​មួយ​ចុះ

11. ដ្បិត​យ៉ាង​នោះ​ជា​ការ​មាន​ទោស​យ៉ាង​ធ្ងន់ ជា​សេចក្តី​ទុច្ចរិត​ដែល​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស

12. នោះ​ជា​ភ្លើង​ដែល​ឆេះ​បន្សុស​រហូត​ដល់​ស្ថាន​វិនាស ហើយ​នឹង​រំលើង​អស់​ទាំង​ផល​ចំរើន​របស់​ខ្ញុំ

13. បើ​ខ្ញុំ​ដែល​មើល‌ងាយ​រឿង​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្ញុំ ក្នុង​កាល​ដែល​វា​បាន​តវ៉ា​នឹង​ខ្ញុំ

14. យ៉ាង​នោះ តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ក្រោក​ឡើង កាល​ណា​ទ្រង់​ពិចារណា​សួរ​ខ្ញុំ នោះ​តើ​ខ្ញុំ​នឹង​ឆ្លើយ​ដល់​ទ្រង់​ដូច​ម្តេច

15. ឯ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្តាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១​ដែល​ស្អាង​យើង​ទាំង​២​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ទេ​ឬ​អី។

16. បើ​ខ្ញុំ​បាន​ឃាត់​មិន​ឲ្យ​ពួក​ក្រីក្រ​បាន​តាម​បំណង​ចិត្ត ឬ​បាន​ធ្វើ​ឲ្យ​ភ្នែក​នៃ​ស្រី​មេម៉ាយ​ស្រវាំង​ទៅ

17. ឬ​បើ​បាន​ទទួល​ទាន​អាហារ​តែ​ឯង​ម្នាក់ ឥត​ចែក​ឲ្យ​ដល់​ពួក​កំព្រា​ផង

18. (ប៉ុន្តែ​គ្មាន​ទេ គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក គេ​បាន​ធំ​ឡើង​ជា​មួយ​នឹង​ខ្ញុំ ដូច​ជា​នៅ​នឹង​ឪពុក​ជា​មួយ​គ្នា ហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក នោះ​ខ្ញុំ​តែង‌តែ​នាំ​ផ្លូវ​ស្រី​មេម៉ាយ​វិញ)

19. បើ​ខ្ញុំ​ដែល​ឃើញ​អ្នក​ណា​វិនាស​ទៅ ដោយ​ឥត​មាន​អ្វី​ស្លៀក‌ពាក់ ឬ​អ្នក​កំសត់​ទុគ៌ត​ឥត​មាន​អ្វី​ដណ្តប់​ខ្លួន

20. បើ​ចង្កេះ​គេ​មិន​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ បើ​គេ​មិន​បាន​កក់‌ក្តៅ​ដោយ​រោម​ចៀម​របស់​ខ្ញុំ​ទេ

សូមអានជំពូកពេញលេញ យ៉ូប 31