គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 31:18-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. (ប៉ុន្តែ​គ្មាន​ទេ គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក គេ​បាន​ធំ​ឡើង​ជា​មួយ​នឹង​ខ្ញុំ ដូច​ជា​នៅ​នឹង​ឪពុក​ជា​មួយ​គ្នា ហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក នោះ​ខ្ញុំ​តែង‌តែ​នាំ​ផ្លូវ​ស្រី​មេម៉ាយ​វិញ)

19. បើ​ខ្ញុំ​ដែល​ឃើញ​អ្នក​ណា​វិនាស​ទៅ ដោយ​ឥត​មាន​អ្វី​ស្លៀក‌ពាក់ ឬ​អ្នក​កំសត់​ទុគ៌ត​ឥត​មាន​អ្វី​ដណ្តប់​ខ្លួន

20. បើ​ចង្កេះ​គេ​មិន​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ បើ​គេ​មិន​បាន​កក់‌ក្តៅ​ដោយ​រោម​ចៀម​របស់​ខ្ញុំ​ទេ

21. បើ​ខ្ញុំ​បាន​លើក​ដៃ​ទាស់​នឹង​ពួក​កំព្រា ដោយ​ឃើញ​មនុស្ស​ដែល​បាន​ជួយ​ខ្ញុំ​នៅ​មាត់​ទ្វារ

22. នោះ​សូម​ឲ្យ​ស្មា​ខ្ញុំ បាន​សណ្តក​ចេញ ពី​ឆ្អឹង​ស្លាប​ប្រចៀវ ហើយ​ឲ្យ​ដៃ​ខ្ញុំ​ភ្លាត់​ពី​ឆ្អឹង​ចេញ​ចុះ

23. ដ្បិត​សេចក្តី​អន្តរាយ​ដែល​មក​ពី​ព្រះ នោះ​នាំ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច​ណាស់ ហើយ​ដោយ​ព្រោះ​ទ្រង់​ខ្ពស់​ទាំង​ម៉្លេះ​បាន​ជា​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត

24. បើ​សិន​ជា​ខ្ញុំ​បាន​យក​មាស​ជា​ទី​សង្ឃឹម ហើយ​បាន​ពោល​ដល់​មាស​សុទ្ធ​ថា ឯង​ជា​ទី​ទុក​ចិត្ត​របស់​អញ

25. បើ​ខ្ញុំ​បាន​រីក‌រាយ​សប្បាយ​ដោយ​ព្រោះ​មាន​ទ្រព្យ‌សម្បត្តិ​ច្រើន ហើយ​ដោយ​ព្រោះ​ដៃ​ខ្ញុំ​បាន​ប្រមូល​ជា​បរិបូរ

26. បើ​ខ្ញុំ​បាន​មើល​ទៅ​ព្រះ‌អាទិត្យ​ក្នុង​កាល​ដែល​ចាំង​មក ឬ​ទៅ​ព្រះ‌ចន្ទ​ដែល​ភ្លឺ​ត្រសែត​ទៅ

27. រួច​ចិត្ត​ខ្ញុំ​មាន​សេចក្តី​ល្បួង​ដោយ​សំងាត់ ហើយ​មាត់​ក៏​បាន​ថើប​ដៃ​របស់​ខ្ញុំ

28. យ៉ាង​នោះ​ក៏​ជា​ការ​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស​ដែរ ដ្បិត​ដូច្នោះ ខ្ញុំ​បាន​លះ​ចោល​ព្រះ​ដែល​គង់​នៅ​ស្ថាន​លើ​ហើយ

29. បើ​ខ្ញុំ​ដែល​រីក‌រាយ​សប្បាយ ដោយ​ឃើញ​សេចក្តី​ហិន‌វិនាស​របស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឬ​បំប៉ោង​ចិត្ត​ឡើង ក្នុង​កាល​ដែល​សេចក្តី​អាក្រក់​បាន​មក​ដល់​គេ

30. (ប៉ុន្តែ​គ្មាន​ទេ គឺ​ខ្ញុំ​មិន​បាន​ឲ្យ​មាត់​ធ្វើ​បាប ដោយ​ដាក់​បណ្តាសា ដល់​ជីវិត​គេ​ឡើយ)

31. បើ​សិន​ណា​ជា​ពួក​មនុស្ស​នៅ​ទី​លំនៅ​ខ្ញុំ មិន​បាន​ពោល​ថា តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​បាន​ឆ្អែត ដោយ​អាហារ​របស់​គាត់

32. (សូម្បី​តែ​ពួក​ដំណើរ ក៏​មិន​បាន​ដេក​នៅ​នា​ផ្លូវ​ដែរ ដ្បិត​ខ្ញុំ​បាន​បើក​ទ្វារ​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​វិញ)

33. បើ​ខ្ញុំ​បាន​គ្រប​បាំង​សេចក្តី​រំលង​របស់​ខ្ញុំ ដូច​ជា​មនុស្ស​លោក ដោយ​លាក់​សេចក្តី​អាក្រក់​ខ្ញុំ​នៅ​ក្នុង​ទ្រូង

34. ព្រោះ​តែ​ខ្លាច​ចំពោះ​ហ្វូង​មនុស្ស ហើយ​សេចក្តី​មើល‌ងាយ​របស់​គ្រួ​ផ្សេងៗ​បាន​នាំ​ឲ្យ​ខ្ញុំ​ភ័យ ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​នៅ​ស្ងៀម ឥត​ដែល​ចេញ​តាម​មាត់​ទ្វារ​សោះ-

35. ឱ​បើ​មាន​អ្នក​ណា​មួយ​ស្តាប់​ខ្ញុំ​ទៅ​អេះ មើល ខ្ញុំ​ចុះ​ឈ្មោះ​ហើយ សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ឆ្លើយ​មក​ខ្ញុំ​ចុះ ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ​បាន​ធ្វើ​ពាក្យ​ថ្លែង​ការ​ទៅ​អេះ

សូមអានជំពូកពេញលេញ យ៉ូប 31