គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 3:9-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. សូម​ឲ្យ​អស់​ទាំង​ផ្កាយ ដែល​ភ្លឺ​នៅ​ពេល​ព្រលប់​ក្នុង​យប់​នោះ​បាន​ងងឹត​វិញ ឲ្យ​បាន​រក​ពន្លឺ​ឥត​មាន​ឡើយ ក៏​កុំ​ឲ្យ​បាន​ឃើញ​បើក​ពន្លឺ នៅ​ពេល​បច្ចូស‌កាល​ដែរ

10. ពី​ព្រោះ​មិន​បាន​បិទ​ទ្វារ​ផ្ទៃ​ម្តាយ​ខ្ញុំ​ទេ ក៏​មិន​បាន​បិទ​បាំង​សេចក្តី​វេទនា ពី​ភ្នែក​ខ្ញុំ​ដែរ។

11. ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​បាន​ស្លាប់ ចាប់​តាំង​ពី​ក្នុង​ផ្ទៃ ហើយ​ប្រគល់​វិញ្ញាណ​ទៅ​វិញ ក្នុង​កាល​ដែល​ម្តាយ​ខ្ញុំ​បាន​សំរាល​មក​នោះ

12. ម្តេច​ក៏​មាន​ភ្លៅ​ទទួល​ទ្រ​ខ្ញុំ ហើយ​នឹង​ដោះ​ឲ្យ​ខ្ញុំ​បៅ

13. កុំ​តែ​មាន​ដូច្នោះ នោះ​ខ្ញុំ​បាន​ដេក​ទៅ​ដោយ​សុខ​ស្រួល ខ្ញុំ​នឹង​បាន​ដេក​លក់​ទៅ ដោយ​មាន​សេចក្តី​ស្រាន្ត​ហើយ

14. នៅ​ជា​មួយ​ពួក​ស្តេច និង​ពួក​អ្នក​ប្រាជ្ញ​នៃ​លោកីយ៍ ជា​ពួក​អ្នក​ដែល​បាន​សង់​ទី​សំងាត់​សំរាប់​ខ្លួន

15. ឬ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ជា​ប្រធាន ដែល​មាន​មាស ហើយ​បាន​បំពេញ​ផ្ទះ​គេ​ដោយ​ប្រាក់

16. ឬ​នឹង​ឥត​មាន​ខ្ញុំ​សោះ ដូច​ជា​កូន​រំលូត​លាក់​កំបាំង គឺ​ជា​កូន​ដែល​មិន​បាន​ឃើញ​ពន្លឺ​ឡើយ

17. នៅ​ទី​នោះ​ពួក​អាក្រក់​លែង​ធ្វើ​ទុក្ខ នៅ​កន្លែង​នោះ ពួក​នឿយ​ហត់​មាន​សេចក្តី​ស្រាក‌ស្រាន្ត

18. នៅ​ទី​នោះ ពួក​អ្នក​ទោស​មាន​សេចក្តី​សំរាក​ព្រម​គ្នា គេ​មិន​ឮ​សូរ​កំហែង​នៃ​អ្នក​នាយ​ដំរួត​ទៀត​ទេ

19. មាន​ទាំង​អ្នក​តូច​អ្នក​ធំ​នៅ​ទី​នោះ ហើយ​បាវ​ក៏​បាន​រួច​ពី​ចៅ‌ហ្វាយ​ខ្លួន​ដែរ។

20. ហេតុ​អ្វី​បាន​ជា​ឲ្យ​មាន​ពន្លឺ​ភ្លឺ ដល់​មនុស្ស​រង​វេទនា ព្រម​ទាំង​ឲ្យ​ជីវិត ដល់​អ្នក​ដែល​មាន​សេចក្តី​ជូរ​ចត់​ក្នុង​ចិត្ត​ដូច្នេះ

21. គេ​ទន្ទឹង​ចាំ​តែ​ស្លាប់ តែ​សេចក្តី​ស្លាប់​មិន​មក​ដល់​សោះ ទោះ​បើ​គេ​សង្វាត​រក​លើស​ជាង​រក​ទ្រព្យ‌សម្បត្តិ​ផង​ក៏​ដោយ

22. គេ​មាន​សេចក្តី​រីក‌រាយ​ក្រៃលែង ហើយ​ក៏​អរ​សប្បាយ ក្នុង​កាល​ដែល​ប្រទះ​នឹង​ផ្នូរ​ហើយ

23. ហេតុ​អ្វី​បាន​ជា​ឲ្យ​ពន្លឺ​ភ្លឺ​ដល់​មនុស្ស ដែល​ផ្លូវ​របស់​ខ្លួន​សុទ្ធ​តែ​ងងឹត​ដូច្នេះ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ហើយ

24. ព្រោះ​សេចក្តី​ដំអូញ​របស់​ខ្ញុំ ទុក​ដូច​ជា​អាហារ ហើយ​ដំងូរ​ខ្ញុំ​ក៏​ហូរ​ចេញ​ដូច​ជា​ទឹក

25. ដ្បិត​សេចក្តី​ដែល​ខ្ញុំ​ខ្លាច នោះ​បាន​កើត​ដល់​ខ្ញុំ សេចក្តី​ដែល​នាំ​ឲ្យ​ខ្ញុំ​ភ័យ នោះ​ក៏​មក​ដល់​ខ្ញុំ​ហើយ

26. ខ្ញុំ​គ្មាន​សេចក្តី​សុខ គ្មាន​សេចក្តី​ក្សេម‌ក្សាន្ត ក៏​គ្មាន​សេចក្តី​សំរាក​ឡើយ គឺ​មាន​តែ​សេចក្តី​ទុក្ខ​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ យ៉ូប 3