គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 3:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​នោះ​មក យ៉ូប​ក៏​បើក​មាត់​ពោល​ពាក្យ​ប្រទេច​ផ្តាសា ដល់​ថ្ងៃ​កំណើត​របស់​ខ្លួន

2. លោក​ពោល​ពាក្យ​ថា

3. សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​វិនាស​ទៅ គឺ​ជា​យប់​ដែល​គេ​ប្រកាស​ថា មាន​កូន​មក​ចាប់​ទំ​ផ្ទៃ​នោះ

4. សូម​ឲ្យ​ថ្ងៃ​នោះ​បាន​សូន្យ​ទៅ សូម​កុំ​ឲ្យ​ព្រះ​នឹក​រក​ពី​ស្ថាន​លើ​ឡើយ ក៏​កុំ​ឲ្យ​មាន​ពន្លឺ​ចាំង​មក​បំភ្លឺ​ឲ្យ​សោះ

5. សូម​ឲ្យ​សេចក្តី​ងងឹត និង​ម្លប់​នៃ​សេចក្តី​ស្លាប់​មក​ទទួល​ធ្វើ​ជា​ម្ចាស់ សូម​ឲ្យ​មាន​ពពក​នៅ​ជាប់​ពី​លើ ហើយ​សូម​ឲ្យ​សូរ្យ‌គ្រាស​មក​បំភ័យ​ផង

6. ឯ​យប់​នោះ សូម​ឲ្យ​សេចក្តី​ងងឹត​សូន្យ‌សុង​ចាប់​ទុក កុំ​ឲ្យ​យប់​នោះ​មាន​កន្លែង នៅ​ជា​មួយ​នឹង​ថ្ងៃ​ឯ​ទៀត​ក្នុង​ឆ្នាំ​ឡើយ ក៏​កុំ​ឲ្យ​បាន​រាប់​ក្នុង​ខែ​នោះ​ដែរ

7. អើ សូម​ឲ្យ​យប់​នោះ​បាន​ទៅ​ជា​អសារ​ឥត​ការ ឥត​មាន​ឮ​សូរ‌សៀង​អរ​សប្បាយ​ឡើយ

8. សូម​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ពេល​ថ្ងៃ បាន​ដាក់​បណ្តាសា​ដល់​យប់​នោះ ព្រម​ទាំង​ពួក​អ្នក​ដែល​ប្រុង​នឹង​ដាស់​ក្រពើ​ឡើង​ផង

9. សូម​ឲ្យ​អស់​ទាំង​ផ្កាយ ដែល​ភ្លឺ​នៅ​ពេល​ព្រលប់​ក្នុង​យប់​នោះ​បាន​ងងឹត​វិញ ឲ្យ​បាន​រក​ពន្លឺ​ឥត​មាន​ឡើយ ក៏​កុំ​ឲ្យ​បាន​ឃើញ​បើក​ពន្លឺ នៅ​ពេល​បច្ចូស‌កាល​ដែរ

10. ពី​ព្រោះ​មិន​បាន​បិទ​ទ្វារ​ផ្ទៃ​ម្តាយ​ខ្ញុំ​ទេ ក៏​មិន​បាន​បិទ​បាំង​សេចក្តី​វេទនា ពី​ភ្នែក​ខ្ញុំ​ដែរ។

11. ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​បាន​ស្លាប់ ចាប់​តាំង​ពី​ក្នុង​ផ្ទៃ ហើយ​ប្រគល់​វិញ្ញាណ​ទៅ​វិញ ក្នុង​កាល​ដែល​ម្តាយ​ខ្ញុំ​បាន​សំរាល​មក​នោះ

សូមអានជំពូកពេញលេញ យ៉ូប 3