គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 19:9-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ទ្រង់​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​ចាប់​យក​មកុដ​ពី​ក្បាល​ខ្ញុំ​ចេញ​ផង

10. ទ្រង់​បាន​បំផ្លាញ​ខ្ញុំ​ពី​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​ទៅ​បាត់ ឯ​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ នោះ​ទ្រង់​បាន​រំលើង​ចេញ ដូច​ជា​ដើម​ឈើ

11. ទ្រង់​បាន​បង្កាត់​សេចក្តី​ក្រោធ​របស់​ទ្រង់​ទាស់​នឹង​ខ្ញុំ ក៏​រាប់​ខ្ញុំ ទុក​ដូច​ជា​សត្រូវ​នឹង​ទ្រង់

12. ពល​ទ័ព​របស់​ទ្រង់​ចូល​មក​ព្រមៗ​គ្នា ហើយ​លើក​ថ្នល់​មក​ទាស់​នឹង​ខ្ញុំ ក៏​បោះ​ទ័ព​ព័ទ្ធ​ជុំវិញ​ទី​លំនៅ​របស់​ខ្ញុំ​ដែរ។

13. ទ្រង់​បាន​ញែក​ពួក​បង​ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់

14. ញាតិ​សន្តាន​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ហើយ​មិត្រ​សំឡាញ់​ដែល​ជិត‌ស្និទ្ធ ក៏​ភ្លេច​ខ្ញុំ​អស់​ហើយ

15. ទាំង​ពួក​អ្នក​នៅ​ផ្ទះ​ខ្ញុំ និង​បាវ​ស្រី ក៏​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃ ខ្ញុំ​ដូច​ជា​អ្នក​កន្ទៀត​ដល់​ភ្នែក​គេ

16. ខ្ញុំ​ហៅ​អ្នក​បំរើ​ខ្ញុំ តែ​វា​មិន​ឆ្លើយ​សោះ ទោះ​បើ​ខ្ញុំ​សូម​អង្វរ​វា​ផង

17. ខ្យល់​មាត់​របស់​ខ្ញុំ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ប្រពន្ធ​ខ្ញុំ ហើយ​សេចក្តី​អង្វរ​របស់​ខ្ញុំ​ជា​ទី​ខ្ពើម​ដល់​បង​ប្អូន​ពោះ​១​នឹង​ខ្ញុំ​ដែរ

18. ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា​និយាយ​បង្កាច់​ខ្ញុំ

19. ពួក​មិត្រ​សំឡាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ

20. ឆ្អឹង​ខ្ញុំ​នៅ​ជាប់​នឹង​ស្បែក ហើយ​នឹង​សាច់​ខ្ញុំ ខ្ញុំ​រួច​បាន​តែ​ជីវិត​ប៉ុណ្ណោះ

21. ឱ​អ្នក​រាល់​គ្នា ជា​សំឡាញ់​ខ្ញុំ​អើយ សូម​អាណិត​ខ្ញុំ សូម​អាណិត​ខ្ញុំ​ផង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​បាន​ពាល់​ខ្ញុំ​ហើយ

22. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេញ​តាម​ខ្ញុំ​ដូច​ជា​ព្រះ​ដែរ ហើយ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត

23. ឱ​បើ​សិន​ជា​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ

24. គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ

25. ប៉ុន្តែ ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី

26. ហើយ​ក្រោយ​ដែល​សំបក​កាយ​ខ្ញុំ​នេះ​ត្រូវ​រលាយ​ទៅ គឺ​ក្រៅ​ពី​រាង​កាយ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ

សូមអានជំពូកពេញលេញ យ៉ូប 19