គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 19:2-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. អ្នក​រាល់​គ្នា​នឹង​ធ្វើ​ទុក្ខ​ដល់​ព្រលឹង​ខ្ញុំ ហើយ​ឈ្លី‌ឈ្លក់​ខ្ញុំ​ដោយ​ពាក្យ​សំដី​ដល់​កាល​ណា​ទៀត

3. មាន​ទាំង​១០​ដង​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ដៀល‌ត្មះ​ខ្ញុំ ព្រម​ទាំង​បញ្ឈឺ​ចិត្ត​ខ្ញុំ​ដោយ​ឥត​ខ្មាស

4. បើ​សិន​ជា​ខ្ញុំ​បាន​ធ្វើ​ខុស​មែន សេចក្តី​កំហុស​នោះ​ក៏​នៅ​ជាប់​តែ​នឹង​ខ្លួន​ខ្ញុំ​ទេ

5. បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ធំ​លើ​ខ្ញុំ ហើយ​ជជែក​យក​ខុស​ត្រូវ​ពី​សេចក្តី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ​នេះ

6. នោះ​ត្រូវ​ដឹង​ថា គឺ​ព្រះ​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ដោយ​មង​របស់​ទ្រង់។

7. មើល ខ្ញុំ​ស្រែក​ឡើង​ថា ខ្ញុំ​ត្រូវ​គេ​ធ្វើ​អាក្រក់​ហើយ តែ​គ្មាន​អ្នក​ណា​ឮ​សោះ ខ្ញុំ​ស្រែក​ឲ្យ​គេ​ជួយ តែ​គ្មាន​សេចក្តី​យុត្តិ‌ធម៌​ឡើយ

8. ទ្រង់​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ងងឹត​ទៅ

9. ទ្រង់​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​ចាប់​យក​មកុដ​ពី​ក្បាល​ខ្ញុំ​ចេញ​ផង

10. ទ្រង់​បាន​បំផ្លាញ​ខ្ញុំ​ពី​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​ទៅ​បាត់ ឯ​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ នោះ​ទ្រង់​បាន​រំលើង​ចេញ ដូច​ជា​ដើម​ឈើ

11. ទ្រង់​បាន​បង្កាត់​សេចក្តី​ក្រោធ​របស់​ទ្រង់​ទាស់​នឹង​ខ្ញុំ ក៏​រាប់​ខ្ញុំ ទុក​ដូច​ជា​សត្រូវ​នឹង​ទ្រង់

12. ពល​ទ័ព​របស់​ទ្រង់​ចូល​មក​ព្រមៗ​គ្នា ហើយ​លើក​ថ្នល់​មក​ទាស់​នឹង​ខ្ញុំ ក៏​បោះ​ទ័ព​ព័ទ្ធ​ជុំវិញ​ទី​លំនៅ​របស់​ខ្ញុំ​ដែរ។

13. ទ្រង់​បាន​ញែក​ពួក​បង​ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់

14. ញាតិ​សន្តាន​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ហើយ​មិត្រ​សំឡាញ់​ដែល​ជិត‌ស្និទ្ធ ក៏​ភ្លេច​ខ្ញុំ​អស់​ហើយ

15. ទាំង​ពួក​អ្នក​នៅ​ផ្ទះ​ខ្ញុំ និង​បាវ​ស្រី ក៏​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃ ខ្ញុំ​ដូច​ជា​អ្នក​កន្ទៀត​ដល់​ភ្នែក​គេ

16. ខ្ញុំ​ហៅ​អ្នក​បំរើ​ខ្ញុំ តែ​វា​មិន​ឆ្លើយ​សោះ ទោះ​បើ​ខ្ញុំ​សូម​អង្វរ​វា​ផង

សូមអានជំពូកពេញលេញ យ៉ូប 19