គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 16:2-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ខ្ញុំ​បាន​ឮ​សេចក្តី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កំសាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ

3. តើ​ពាក្យ​ជា​អសារ​ឥត​ការ​ទាំង​នេះ​នឹង​ចប់​ចុះ​ត្រឹម​ណា តើ​មាន​អ្វី​បណ្តាល​ឲ្យ​អ្នក​រាល់​គ្នា​តប​មក​ដូច្នេះ

4. ខ្ញុំ​ក៏​និយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ បើ​សិន​ជា​ព្រលឹង​នៃ​អ្នក​រាល់​គ្នា នៅ​ក្នុង​សណ្ឋាន​នៃ​ព្រលឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រមុំ​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​គ្រវី​ក្បាល​នឹង​អ្នក​បាន​ដែរ

5. ប៉ុន្តែ​ខ្ញុំ​នឹង​បញ្ចេញ​ពាក្យ​ចំរើន​កំឡាំង​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​រក​បន្ធូរ​ទុក្ខ​របស់​អ្នក​រាល់​គ្នា​ដែរ។

6. តែ​ឥឡូវ​នេះ ទោះ​បើ​ខ្ញុំ​និយាយ​ទៅ គង់​តែ​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​មិន​អន់​ថយ​ដែរ ហើយ​បើ​ស្ងៀម​នៅ នោះ​តើ​ខ្ញុំ​បាន​ធូរ​យ៉ាង​ណា

7. ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បំភាំង​ពួក​មិត្រ​របស់​ទូល‌បង្គំ​ទាំង​អស់​ហើយ

8. ក៏​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ជ្រួញ​សាច់ នោះ​ជា​ទី​បន្ទាល់​១ ហើយ​អាការៈ​ស្គាំង‌ស្គម​របស់​ទូល‌បង្គំ ក៏​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ទូល‌បង្គំ​ទៀត

9. ព្រះ​ទ្រង់​បាន​ហែក‌ហួរ​ខ្ញុំ ដោយ​សេចក្តី​កំហឹង​របស់​ទ្រង់ ព្រម​ទាំង​ស្អប់​ខ្ញុំ​ផង ទ្រង់​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បាន​សំលៀង​ភ្នែក​ទាស់​នឹង​ខ្ញុំ

10. ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ គេ​បាន​ទះ​កំផ្លៀង​បង្អៀន​ខ្ញុំ ហើយ​ប្រមូល​គ្នា​ទាស់​នឹង​ខ្ញុំ

11. ព្រះ​ទ្រង់​បាន​ប្រគល់​ខ្ញុំ​ទៅ​ឯ​អា​ទមិល​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មេ​កំណាច

12. ពី​ដើម​ខ្ញុំ​មាន​សេចក្តី​សុខ តែ​ទ្រង់​បាន​បំបាក់​បំបែក​ខ្ញុំ អើ ទ្រង់​បាន​ចាប់​កញ្ចឹង‌ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កំទេច​ផង ក៏​បាន​បញ្ឈរ​ខ្ញុំ​ឡើង​ទុក​ជា​ទី​វង់​របស់​ទ្រង់

13. ពួក​ពល​ធ្នូ​របស់​ទ្រង់​ឡោម‌ព័ទ្ធ​ខ្ញុំ ទ្រង់​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​២​ឥត​ត្រា‌ប្រណី​ឡើយ ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី

14. ទ្រង់​ទំលាយ​ខ្ញុំ​ជា​ចន្លោះ​ខ្ជាន់ៗ ក៏​រត់​ចូល​មក​លើ​ខ្ញុំ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ

សូមអានជំពូកពេញលេញ យ៉ូប 16