12. ពីដើមខ្ញុំមានសេចក្តីសុខ តែទ្រង់បានបំបាក់បំបែកខ្ញុំ អើ ទ្រង់បានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកំទេចផង ក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង់របស់ទ្រង់
13. ពួកពលធ្នូរបស់ទ្រង់ឡោមព័ទ្ធខ្ញុំ ទ្រង់ពុះចិត្តថ្លើមខ្ញុំជា២ឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី
14. ទ្រង់ទំលាយខ្ញុំជាចន្លោះខ្ជាន់ៗ ក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ
15. ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើសាច់ខ្ញុំ ហើយបានដាក់អំណាចខ្ញុំចុះក្នុងធូលីដី
16. មុខខ្ញុំក្រហមដោយយំ ហើយមានម្លប់នៃសេចក្តីស្លាប់នៅត្របកភ្នែកខ្ញុំ
17. ទោះបើខ្ញុំគ្មានសេចក្តីអយុត្តិធម៌នៅក្នុងដៃ ហើយសេចក្តីអធិស្ឋានខ្ញុំជាបរិសុទ្ធក៏ដោយ។
18. ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសំរែករបស់ខ្ញុំ បានឈប់ឈរ នៅកន្លែងណាឡើយ
19. ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ហើយ សាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់
20. ឯពួកមិត្ររបស់ខ្ញុំគេឡកឡឺយឲ្យខ្ញុំ តែខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះវិញ
21. ព្រមទាំងសូមឲ្យទ្រង់ធ្វើជាអ្នកកណ្តាលនៃមនុស្ស និងព្រះ ហើយកណ្តាលមនុស្សជាតិ១ និងអ្នកជិតខាងខ្លួនផង
22. ដ្បិតកាលណាកំណត់ឆ្នាំតែបន្តិចនេះ បានមកដល់ហើយ នោះខ្ញុំនឹងទៅតាមផ្លូវដែលមិនត្រឡប់មកវិញឡើយ។