គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 9:8-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. អណ្តាត​គេ​ជា​ព្រួញ​ដែល​សំឡាប់ ក៏​ពោល​សុទ្ធ​តែ​សេចក្តី​ប្រវ័ញ្ច​បញ្ឆោត គេ​និយាយ​សេចក្តី​មេត្រី​នឹង​អ្នក​ជិត​ខាង​ដោយ​បបូរ​មាត់ តែ​ឯ​ក្នុង​ចិត្ត នោះ​គេ​លប​ចាំ​ចាប់​វិញ

9. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​មិន​ត្រូវ​ឲ្យ​អញ​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ​អី។

10. ខ្ញុំ​នឹង​ឡើង​សំឡេង​យំ ហើយ​ស្រែក​ទ្រហោ​នឹង​ភ្នំ​ទាំង​ប៉ុន្មាន ហើយ​នឹង​ទួញ​ទំនួញ​ចំពោះ​វាល​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ពី​ព្រោះ​បាន​ឆេះ​អស់​ហើយ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត ក៏​គ្មាន​អ្នក​ណា​ឮ​សំឡេង​របស់​ហ្វូង​សត្វ​ដែរ ឯ​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​បាន​បាត់​អស់​ទៅ​ហើយ។

11. អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក ហើយ​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ

12. តើ​អ្នក​ណា​មាន​ប្រាជ្ញា ដែល​អាច​នឹង​យល់​សេចក្តី​នេះ​បាន តើ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចំពោះ​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ត​ទៅ ហេតុ​អ្វី​បាន​ជា​ស្រុក​បាន​ត្រូវ​វិនាស ហើយ​ឆេះ​សុស​ដូច​ជា​ទី​រហោ‌ស្ថាន ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​កាត់​ទៀត​ដូច្នេះ

13. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​អញ ដែល​អញ​បាន​ដាក់​នៅ​មុខ​គេ ហើយ​មិន​បាន​ស្តាប់ ឬ​ដើរ​តាម​ពាក្យ​របស់​អញ​ប៉ុណ្ណោះ

14. គឺ​គេ​បាន​ដើរ​តាម​តែ​ចិត្ត​រឹង​របស់​គេ​វិញ ព្រម​ទាំង​តាម​ព្រះ‌បាល​ទាំង​ប៉ុន្មាន ដែល​ពួក​ព្ធយុ‌កោ​គេ​បាន​បង្រៀន​ដល់​គេ​ផង

15. ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ គឺ​ជន‌ជាតិ​នេះ​ឯង ដោយ​ស្លែង ហើយ​នឹង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក

16. អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​កណ្តាល​គ្រប់​ទាំង​សាសន៍ ជា​សាសន៍​ដែល​ខ្លួន​គេ ឬ​ពួក​ព្ធយុ‌កោ​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​អញ​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។

17. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចុះ រួច​ឲ្យ​ហៅ​ពួក​ស្រី​អ្នក​យំ ឲ្យ​គេ​មក ចូរ​ចាត់​ទៅ​ហៅ​ពួក​ស្រី​វាង‌វៃ​ឲ្យ​មក​ដែរ

18. ត្រូវ​ឲ្យ​គេ​ប្រញាប់​ឡើង នឹង​លើក​បទ​ទំនួញ​ឲ្យ​យើង ដើម្បី​ឲ្យ​ភ្នែក​យើង​បាន​ស្រក់​ទឹក​ចុះ ហើយ​ឲ្យ​ត្របក​ភ្នែក​យើង​បាន​ចេញ​ទឹក​ល្ហល្ហាច

19. ដ្បិត​មាន​ឮ​សំឡេង​ទ្រហោ​យំ ពី​ក្រុង​ស៊ីយ៉ូន​មក​ថា ឱ​ម៉្លេះ​សម​យើង​វេទនា​យ៉ាង​ណា​ហ្ន៎ យើង​មាន​សេចក្តី​ខ្មាស​ជ្រប់​មុខ ដោយ​ព្រោះ​យើង​ត្រូវ​ចោល​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​រំលំ​ទី​លំនៅ​របស់​យើង​បង់

20. ប៉ុន្តែ ឱ​ពួក​ស្រីៗ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ឲ្យ​ត្រចៀក​ទទួល​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់​ផង ត្រូវ​ឲ្យ​បង្រៀន​កូន​ស្រី​របស់​ឯង​រាល់​គ្នា ឲ្យ​ចេះ​ទ្រហោ​យំ ហើយ​ឲ្យ​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន​ចេះ​ទួញ​ទំនួញ

សូមអានជំពូកពេញលេញ យេរេមា 9