គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 8:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. គេ​បាន​មើល​របួស​នៃ​កូន​ស្រី​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា សុខៗ​ប៉ុណ្ណោះ​ក្នុង​កាល​ដែល​ឥត​មាន​សេចក្តី​សុខ​ឡើយ

12. កាល​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្តី​ខ្មាស​ឬ​ទេ ទេ​គេ​ឥត​មាន​សេចក្តី​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម​ផង ហេតុ​នោះ​បាន​ជា​គេ​នឹង​ដួល​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​វេលា​ដែល​អញ​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត

13. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​បំផ្លាញ​គេ​អស់​រលីង នៅ​គ្រា​នោះ​នឹង​គ្មាន​ចង្កោម​ផ្លែ​នៅ​ដើម​ទំពាំង‌បាយ‌ជូរ ឬ​ផ្លែ​ល្វា​នៅ​ដើម​ល្វា​សោះ ស្លឹក​ទាំង​ប៉ុន្មាន​នឹង​ស្វិត​ក្រៀម ហើយ​របស់​ទាំង​អស់​ដែល​អញ​បាន​ឲ្យ​ដល់​គេ​នឹង​សូន្យ​បាត់​ទៅ។

14. ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​នៅ​ភាំង នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ទ្រង់

15. យើង​បាន​ទន្ទឹង​ចាំ​សេចក្តី​សុខ ប៉ុន្តែ​ឥត​មាន​អ្វី​ល្អ​មក​សោះ ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា តែ​មើល បាន​តែ​សេចក្តី​វេទនា​ទទេ

16. មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ស្រុក និង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក​ផង ព្រម​ទាំង​ទី​ក្រុង និង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ

17. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ចាត់​ពស់ គឺ​ជា​ពស់‌វែក ឲ្យ​មក​កណ្តាល​ឯង​រាល់​គ្នា​ដែល​មិន​ព្រម​តាម​សែក​មន្ត​ទេ ពស់​ទាំង​នោះ​នឹង​ចឹក​ឯង​រាល់​គ្នា។

18. ឱ​បើ​ខ្ញុំ​នឹង​អាច​កំសាន្ត​ទុក្ខ​របស់​ខ្ញុំ​បាន​ទៅ​អេះ ចិត្ត​របស់​ខ្ញុំ​ល្វើយ​នៅ​ក្នុង​ខ្លួន

19. ន៏ ឮ​សំឡេង​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ស្រែក​នៅ​ឯ​ស្រុក​ឆ្ងាយ​ណាស់​ថា តើ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ទេ​ឬ​អី តើ​មហា‌ក្សត្រ​នៃ​ក្រុង​នោះ​មិន​នៅ​ទេ​ឬ ហេតុ​អ្វី​បាន​ជា​គេ​បណ្តាល​ឲ្យ​អញ​ខឹង ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ហើយ​ដោយ​របស់​ឥត​ប្រយោជន៍​ពី​ប្រទេស​ដទៃ​ដូច្នេះ

20. រដូវ​ច្រូត​កាត់​បាន​កន្លង​ហើយ រដូវ​ក្តៅ​ក៏​ផុត​ទៅ តែ​យើង​រាល់​គ្នា​មិន​ទាន់​បាន​សង្គ្រោះ​នៅ​ឡើយ

21. ខ្ញុំ​ត្រូវ​របួស​ដោយ​ឈឺ‌ឆ្អាល​ចំពោះ​របួស​របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ខ្ញុំ​កាន់​ទុក្ខ ហើយ​សេចក្តី​ស្រឡាំង‌កាំង​បាន​ចាប់​ខ្ញុំ​ផង

22. តើ​គ្មាន​ប្រទាល​មុខ‌សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ​អី តើ​គ្មាន​គ្រូ‌ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​មិន​ជា​ដូច្នេះ។

សូមអានជំពូកពេញលេញ យេរេមា 8