គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 7:22-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ពី​ព្រោះ​នៅ​គ្រា​ដែល​អញ​បាន​នាំ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​និយាយ​នឹង​គេ ឬ​បង្គាប់​គេ ពី​ដំណើរ​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ទេ

23. គឺ​អញ​បាន​បង្គាប់​សេចក្តី​នេះ​ដល់​គេ​វិញ​ថា ចូរ​ស្តាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ផ្លូវ​ដែល​អញ​បង្គាប់​ឯង​គ្រប់​ចំពូក ដើម្បី​ឲ្យ​ឯង​បាន​សេចក្តី​សុខ​ស្រួល

24. ប៉ុន្តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​គេ​បាន​ដើរ​តាម​តែ​គំនិត​របស់​ខ្លួន​គេ និង​សេចក្តី​រឹង‌ចចេស​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​វិញ គេ​បាន​រា‌ថយ​ក្រោយ ឥត​ជឿន​ទៅ​ខាង​មុខ​ទេ

25. ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ អញ​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ ឲ្យ​មក​ឯ​ឯង ដោយ​ខ្នះ‌ខ្នែង​នឹង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​តែ​ថ្ងៃ​ផង

26. ប៉ុន្តែ​ឯង​មិន​បាន​ស្តាប់​តាម​អញ ឬ​ផ្ទៀង​ត្រចៀក​មក​សោះ គឺ​បាន​តាំង​ក្បាល​រឹង ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​ពួក​ព្ធយុ‌កោ​ទៅ​ទៀត។

27. ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​គេ​តាម​អស់​ទាំង​ពាក្យ​នេះ តែ​គេ​នឹង​មិន​ស្តាប់​តាម​ឯង​ទេ ហើយ​ឯង​នឹង​ស្រែក​ហៅ​គេ​ដែរ តែ​គេ​មិន​ព្រម​ឆ្លើយ​តប​ឡើយ

28. ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា នេះ​ហើយ ជា​សាសន៍​ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​មិន​បាន​ទទួល​សេចក្តី​ប្រៀន​ប្រដៅ​ឡើយ ឯ​សេចក្តី​ពិត នោះ​បាន​សូន្យ​បាត់ គឺ​បាន​កាត់​ចេញ​ពី​មាត់​គេ​ហើយ។

29. ចូរ​កាត់​សក់​ឯង​បោះ​ចោល​ទៅ ហើយ​ចាប់​តាំង​ទួញ​ទំនួញ​នៅ​លើ​ទី​ខ្ពស់​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បដិសេធ ហើយ​បោះ‌បង់​ចោល​ដំណ​មនុស្ស ដែល​ត្រូវ​សេចក្តី​ខ្ញាល់​របស់​ទ្រង់​ចេញ

30. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ភ្នែក​អញ គេ​បាន​ទាំង​ដាក់​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​អាប់‌ឱន​ទៅ

31. គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ត្រង់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ពួក​កូន​ចៅ​ហ៊ីនណំម ដើម្បី​នឹង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​អញ​ដែរ

32. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នោះ​ថា តូផែត ឬ​ថា​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណំម​ត​ទៅ គឺ​នឹង​ហៅ​ថា​ជា​ច្រក​ភ្នំ​នៃ​ការ​សំឡេះ​វិញ ពី​ព្រោះ​គេ​នឹង​កប់​ខ្មោច​នៅ​ត្រង់​តូផែត​នោះ​ទាល់​តែ​គ្មាន​កន្លែង​ទំនេរ​ទៀត

33. ហើយ​ខ្មោច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​នេះ នឹង​ជា​ចំណី​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ

34. នៅ​គ្រា​នោះ​អញ​នឹង​ធ្វើ​ឲ្យ​បាត់​ឮ​សំឡេង​អំណរ និង​សំឡេង​រីក‌រាយ ជា​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី ពី​អស់​ទាំង​ក្រុង​ស្រុក​យូដា ហើយ​ពី​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទៅ ពី​ព្រោះ​ស្រុក​នេះ​នឹង​ត្រឡប់​ជា​ទី​សូន្យ​បង់។

សូមអានជំពូកពេញលេញ យេរេមា 7