គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 6:16-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ

17. អញ​ក៏​បាន​ដាក់​ពួក​ចាំ​យាម​ឲ្យ​ត្រួត​លើ​ឯង​រាល់​គ្នា ឲ្យ​ប្រាប់​ថា ចូរ​ប្រុង​ស្តាប់​សូរ​ត្រែ តែ​គេ​ប្រកែក​ថា យើង​មិន​ព្រម​ស្តាប់​ទេ

18. ដូច្នេះ ចូរ​ស្តាប់​ចុះ អស់​ទាំង​សាសន៍​អើយ ហើយ​ពួក​ជំនុំ​អើយ ចូរ​ដឹង​ពី​សេចក្តី​ដែល​ត្រូវ​កើត​ដល់​គេ

19. ម្នាល​ផែនដី​អើយ ចូរ​ស្តាប់​ចុះ មើល អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​ជន‌ជាតិ​នេះ គឺ​ជា​ផល​នៃ​គំនិត​របស់​គេ ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​អញ​ទេ ឯ​ចំណែក​ក្រឹត្យ‌វិន័យ​របស់​អញ នោះ​គេ​បាន​បោះ‌បង់​ចោល​ហើយ

20. តើ​មាន​ប្រយោជន៍​អ្វី​ដែល​មាន​កំញាន​មក​ពី​ស្រុក​សេបា ហើយ​នឹង​ឫស​កន្ធាយ​ពី​ស្រុក​ឆ្ងាយ មក​ឯ​អញ​ដូច្នេះ អញ​មិន​ទទួល​ដង្វាយ​ដុត​របស់​ឯង​រាល់​គ្នា​ទេ ហើយ​យញ្ញ‌បូជា​របស់​ឯង ក៏​មិន​គាប់​ចិត្ត​ដល់​អញ​ដែរ

21. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ដាក់​ថ្ម​ចំពប់​មួយ នៅ​មុខ​ជន‌ជាតិ​នេះ ហើយ​ទាំង​ឪពុក និង​កូន​ផង​នឹង​ចំពប់​ចុះ​លើ​ថ្ម​នោះ​ជា​មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង និង​មិត្រ​សំឡាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​បង់​ទាំង​អស់។

22. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល មាន​ជន‌ជាតិ​មក​ពី​ស្រុក​ខាង​ជើង គឺ​សាសន៍​១​យ៉ាង​ធំ ដែល​នៅ​ចុង​ផែនដី នឹង​ត្រូវ​កំរើក​ឡើង

23. គេ​ចាប់​កាន់​ធ្នូ និង​លំពែង ជា​សាសន៍​សាហាវ ឥត​ត្រា‌ប្រណី សំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​ដំរៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​ឯង​ហើយ

24. យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​កើត​មាន​សេចក្តី​បារម្ភ​ព្រួយ ព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សំរាល​កូន

25. កុំ​ឲ្យ​ចេញ​ទៅ​ឯ​ចំការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ និង​សេចក្តី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំវិញ​ហើយ

26. ឱ​កូន​ស្រី​នៃ​រាស្ត្រ​អញ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ននៀល​ក្នុង​ផេះ​ចុះ ត្រូវ​ឲ្យ​កាន់​ទុក្ខ ដូច​ជា​កាន់​ទុក្ខ​នឹង​កូន​តែ​១ ជា​ទំនួញ​យ៉ាង​ជូរ‌ចត់​បំផុត ពី​ព្រោះ​មេ​បំផ្លាញ​នឹង​ស្រាប់​តែ​មក​លើ​យើង​រាល់​គ្នា​ភ្លាម។

27. អញ​បាន​តាំង​ឯង​ឡើង ឲ្យ​បាន​ដូច​ជា​ប៉ម​ចាំ​យាម ហើយ​ជា​បន្ទាយ​នៅ​កណ្តាល​រាស្ត្រ​អញ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់ ហើយ​ល្បង​ល​ផ្លូវ​ប្រព្រឹត្ត​របស់​គេ

សូមអានជំពូកពេញលេញ យេរេមា 6