គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 6:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​អើយ ចូរ​រត់​ទៅ​ចុះ ចូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​ត្កូអា ត្រូវ​ឲ្យ​ដុត​ភ្លើង ទុក​ជា​ទី​សំគាល់ នៅ​ត្រង់​បេត-ហាកេរែម​ដែរ ពី​ព្រោះ​មាន​សេចក្តី​អាក្រក់ បាន​ចេញ​ពី​ទិស​ខាង​ជើង​មក ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង

2. ឯ​កូន​ស្រី​ស៊ីយ៉ូន​ដ៏​ល្អ​ហើយ​រុងរឿង នោះ​អញ​នឹង​បំផ្លាញ​បង់

3. ពួក​អ្នក​គង្វាល​នឹង​នាំ​ហ្វូង​ចៀម​របស់​គេ​ទៅ​ឯ​ក្រុង​នោះ គេ​នឹង​ដំឡើង​ត្រសាល នៅ​ផ្ទល់​មុខ​ជុំវិញ គេ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​គេ តាម​កន្លែង​ទីទៃ​ពី​គ្នា

4. ចូរ​ចាត់‌ចែង​ច្បាំង​នឹង​ទី​ក្រុង​នេះ​ចុះ ចូរ​រៀប‌ចំ​ឡើង យើង​នឹង​ឡើង​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់ វរ‌ហើយ​យើង ពី​ព្រោះ​ថ្ងៃ​ជ្រេ​ហើយ ស្រមោល​ល្ងាច​ក៏​កាន់​តែ​វែង​ទៅ

5. ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ទាំង​យប់ យើង​នឹង​បំផ្លាញ​អស់​ទាំង​ដំណាក់​របស់​គេ

6. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​កាប់​ដើម​ឈើ​ចុះ ហើយ​ជីក​ស្នាម​ភ្លោះ​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ទៅ នេះ​ហើយ​ជា​ទី​ក្រុង​ដែល​ត្រូវ​ទោស ដ្បិត​នៅ​កណ្តាល​នោះ មាន​សុទ្ធ​តែ​ការ​សង្កត់‌សង្កិន

7. អណ្តូង​ផុស​ទឹក​ចេញ​មក​ជា​យ៉ាង​ណា ទី​ក្រុង​នេះ​ក៏​ផុស​ចេញ ជា​អំពើ​អាក្រក់​យ៉ាង​នោះ​ដែរ មាន​ឮ​សុទ្ធ​តែ​ការ​ច្រឡោត និង​ការ​បំផ្លាញ ឃើញ​មាន​តែ​ជំងឺ​ឈឺ និង​របួស​នៅ​មុខ​អញ​ជានិច្ច

8. ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​ឯង​រាង‌ចាល​ចុះ ក្រែង​ព្រលឹង​អញ​ព្រាត់​ចេញ​ពី​ឯង ក្រែង​លោ​អញ​បំផ្លាញ​ឯង ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។

9. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​ប្រឡេះ​ពួក​សំណល់​សាសន៍​អ៊ីស្រា‌អែល​អស់​រលីង ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ ចូរ​ដាក់​ដៃ​ឯង​ទៅ​ក្នុង​កព្ឆោ​វិញ ដូច​ជា​អ្នក​បេះ​ផ្លែ

10. តើ​នឹង​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែក​ទេ គេ​ស្តាប់​មិន​បាន មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​ត្រឡប់​ជា​ទី​មើល‌ងាយ​ដល់​គេ គេ​មិន​យក​ជា​ទី​រីក‌រាយ​ចិត្ត​ឡើយ

11. ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ដោយ​សេចក្តី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទប់​ចិត្ត​ទៀត​មិន​បាន​ទេ បើ​ដូច្នេះ ចូរ​ចាក់​ទៅ​លើ​កូន​ក្មេង​តាម​ផ្លូវ ហើយ​លើ​ជំនុំ​ពួក​កំឡោះៗ ដ្បិត​នឹង​ត្រូវ​ចាប់​យក​ទាំង​ប្ដី និង​ប្រពន្ធ ទាំង​មនុស្ស​ចាស់‌ជរា និង​មនុស្ស​មាន​វ័យ​កន្លង​ផង

12. ផ្ទះ​គេ​នឹង​ទៅ​ជា​របស់​ផង​មនុស្ស​ដទៃ ព្រម​ទាំង​ស្រែ​ចំការ និង​ប្រពន្ធ​របស់​គេ​ដែរ ដ្បិត​អញ​នឹង​លូក​ដៃ​ទៅ​លើ​ពួក​អ្នក​ស្រុក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

13. ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ទៅ​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ នោះ​សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្តី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា ទៅ​ដល់​សង្ឃ នោះ​គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ

14. គេ​បាន​មើល​របួស​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា​សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្តី​សុខ​ឡើយ

15. កាល​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្តី​ខ្មាស​ឬ​ទេ ទេ គេ​មិន​បាន​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម​ផង ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​វេលា​ដែល​អញ​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។

សូមអានជំពូកពេញលេញ យេរេមា 6