គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 52:26-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​នាំ​អ្នក​ទាំង​នោះ ទៅ​ឯ​ស្តេច​បាប៊ីឡូន​ត្រង់​រីបឡា

27. ស្តេច​បាប៊ីឡូន​ក៏​ប្រហារ​ជីវិត​គេ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ គឺ​យ៉ាង​នោះ​ដែល​ពួក​យូដា​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ។

28. នេះ​ជា​ពួក​បណ្តា‌ជន ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​៧ គឺ​មាន​ពួក​យូដា អស់​ចំនួន​៣០២៣​នាក់

29. នៅ​ឆ្នាំ​ទី​១៨​នៃ​នេប៊ូ‌ក្នេសា នោះ​ទ្រង់​នាំ​យក​មនុស្ស​ចំនួន​៨៣២​នាក់ ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ

30. រួច​នៅ​ឆ្នាំ​ទី​២៣​នៃ​នេប៊ូ‌ក្នេសា នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ក៏​នាំ​យក​ពួក​សាសន៍​យូដា​ចំនួន​៧៤៥​នាក់​ទៅ​ជា​ឈ្លើយ​ទៀត បូក​រួម​មនុស្ស​ទាំង​អស់​មាន​ចំនួន​៤៦០០​នាក់។

31. លុះ​ដល់​ឆ្នាំ​ទី​៣៧ ដែល​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជា​ឈ្លើយ គឺ​នៅ​ថ្ងៃ​២៥​ខែ​ផល្គុណ នោះ​អេវីល-មេរ៉ូដាក ស្តេច​បាប៊ីឡូន​ក៏​លើក​មុខ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​ឡើង នៅ​ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​ទ្រង់ ហើយ​ដោះ​ទ្រង់​ឲ្យ​រួច​ចេញ​ពី​គុក

32. ក៏​មាន​ព្រះ‌បន្ទូល​នឹង​ទ្រង់​ដោយ​ផ្អែម​ពីរោះ ហើយ​តាំង​បល្ល័ង្ក​ទ្រង់​ឲ្យ​ខ្ពស់​ជាង​បល្ល័ង្ក​នៃ​ពួក​ស្តេច ដែល​នៅ​ជា​មួយ​ក្នុង​ក្រុង​បាប៊ីឡូន

33. ក៏​ផ្លាស់​សំលៀក‌បំពាក់​គុក​ពី​ទ្រង់​ចេញ រួច​យ៉ូយ៉ា‌គីន​ក៏​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ស្តេច​បាប៊ីឡូន​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់

34. ឯ​ចំណែក​សំរាប់​ចិញ្ចឹម​ទ្រង់ នោះ​មាន​១​ចំណែក​ចេញ​ពី​ស្តេច​បាប៊ីឡូន​ទៅ​រាល់ៗ​ថ្ងៃ​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់។:៚

សូមអានជំពូកពេញលេញ យេរេមា 52