10. ហើយសំឡាប់ពួកបុត្រានៃសេដេគា នៅចំពោះព្រះនេត្រទ្រង់ ក៏សំឡាប់អស់ទាំងចៅហ្វាយរបស់ស្រុកយូដា នៅត្រង់រីបឡាដែរ
11. ហើយចាក់បង្ខូចព្រះនេត្ររបស់សេដេគា រួចមក ស្តេចបាប៊ីឡូនដាក់ច្រវាក់លង្ហិន នាំយកទៅដល់ក្រុងបាប៊ីឡូនឃុំទុកនៅក្នុងគុក ដរាបដល់ថ្ងៃសុគត។
12. រីឯនៅថ្ងៃ១០ខែស្រាពណ៍ ក្នុងឆ្នាំទី១៩នៃរាជ្យនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំ ដែលឈរនៅចំពោះស្តេចបាប៊ីឡូន លោកចូលមកក្នុងក្រុងយេរូសាឡិម
13. ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា និងដំណាក់ស្តេច ព្រមទាំងបណ្តាផ្ទះនៅក្រុងយេរូសាឡិមផង គឺលោកដុតអស់ទាំងផ្ទះធំៗចោល
14. ឯពួកទ័ពសាសន៍ខាល់ដេទាំងប៉ុន្មាន ដែលនៅជាមួយនឹងមេទ័ពធំ គេក៏មករំលំកំផែងនៃទីក្រុងយេរូសាឡិមគ្រប់ជុំវិញ
15. រួចនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកនាំពួកក្រីក្របំផុតក្នុងបណ្តាជន និងសំណល់មនុស្សដែលនៅក្នុងទីក្រុង ព្រមទាំងពួកអ្នកដែលបានរវាតចូលទៅខាងស្តេចបាប៊ីឡូន និងសំណល់នៃមនុស្សទៅជាឈ្លើយ
16. តែនេប៊ូសារ៉ាដានជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រខ្លះនៃស្រុកនោះ ឲ្យថែចំការទំពាំងបាយជូរ ហើយភ្ជួររាស់ដី។
17. ឯសសរលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងជើងថ្កល់ ហើយសមុទ្រលង្ហិនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេបំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅឯស្រុកបាប៊ីឡូនទៅ
18. ឯកន្ថោរ ចបចូក ឃ្នាបប្រឆេះ ចានគោម កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មានដែលប្រើសំរាប់គោរព នោះគេក៏យកទៅដែរ
19. ហើយទាំងផើង ជើងក្រាន ចានគោម កន្ថោរ ជើងចង្កៀង កូនចាន និងពែង ដែលធ្វើពីមាស ហើយដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់