គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 52:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​កាល​សេដេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២១​ឆ្នាំ​ហើយ ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​គ្រប់​១១​ឆ្នាំ ព្រះ​មាតា​ទ្រង់​នាម​ជា​ហាមូថាល ជា​បុត្រី​យេរេមា ដែល​នៅ​ក្រុង​លិបណា

2. ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​តាម​គ្រប់​ទាំង​ការ​ដែល​យេហូយ៉ាគីម​បាន​ធ្វើ

3. គឺ​ហេតុ​នោះ​បាន​ជា​សេចក្តី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​កើត​ឡើង ដល់​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ទាល់​តែ​ទ្រង់​បាន​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ ឯ​សេដេគា​ក៏​បះ‌បោរ​នឹង​ស្តេច​បាប៊ីឡូន​ដែរ។

4. ដល់​ឆ្នាំ​ទី​៩​ក្នុង​រាជ្យ​ទ្រង់ គឺ​នៅ​ថ្ងៃ​១០​ខែ​បុស្ស នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ព្រម​ទាំង​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​តាំង​បន្ទាយ​ប្រទល់​មុខ​នឹង​ទី​ក្រុង​ជុំវិញ

5. យ៉ាង​នោះ​ទី​ក្រុង​ត្រូវ​គេ​ឡោម‌ព័ទ្ធ ដរាប​ដល់​ឆ្នាំ​ទី​១១​ក្នុង​រាជ្យ​ស្តេច​សេដេគា

6. លុះ​ដល់​ថ្ងៃ​៩​ខែ​អាសាធ នោះ​នៅ​ក្នុង​ទី​ក្រុង​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អាហារ​សំរាប់​បណ្តា‌ជន​សោះ

7. នៅ​គ្រា​នោះ គេ​ទំលាយ​កំផែង​ទី​ក្រុង​បាន រួច​ពួក​ទាហាន​ទាំង​អស់​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទាំង​យប់ ទៅ​តាម​ផ្លូវ​ទ្វារ​កណ្តាល​កំផែង​ទាំង​២ ដែល​នៅ​ជិត​ច្បារ​ស្តេច ហើយ​គេ​រត់​ដំរង់​ទៅ​ឯ​ស្រុក​វាល (ចំណែក​ពួក​ខាល់ដេ​គេ​នៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង)

8. ប៉ុន្តែ​ពល‌ទ័ព​សាសន៍​ខាល់ដេ គេ​ដេញ​តាម​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ ហើយ​បណ្តា‌ទ័ព​របស់​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ពី​ទ្រង់​អស់​ទៅ

9. គេ​ចាប់​ស្តេច​នាំ​ទៅ​ឯ​ស្តេច​បាប៊ីឡូន ត្រង់​ក្រុង​រីបឡាប ក្នុង​ស្រុក​ហាម៉ាត ស្តេច​បាប៊ីឡូន​ក៏​កាត់​ទោស​ដល់​ទ្រង់

10. ហើយ​សំឡាប់​ពួក​បុត្រា​នៃ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ក៏​សំឡាប់​អស់​ទាំង​ចៅ‌ហ្វាយ​របស់​ស្រុក​យូដា នៅ​ត្រង់​រីបឡា​ដែរ

11. ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​មក ស្តេច​បាប៊ីឡូន​ដាក់​ច្រវាក់​លង្ហិន នាំ​យក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ឃុំ​ទុក​នៅ​ក្នុង​គុក ដរាប​ដល់​ថ្ងៃ​សុគត។

12. រីឯ​នៅ​ថ្ងៃ​១០​ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​១៩​នៃ​រាជ្យ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ដែល​ឈរ​នៅ​ចំពោះ​ស្តេច​បាប៊ីឡូន លោក​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡិម

សូមអានជំពូកពេញលេញ យេរេមា 52