គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:6-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​រត់​ចេញ​ពី​កណ្តាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្តី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​តប​ស្នង​ដល់​គេ

7. ពី​ដើម​បាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ពែង​ដែល​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់​បាន​ត្រឡប់​ជា​រវើ‌រវាយ​ទៅ

8. ក្រុង​បាប៊ីឡូន​ស្រាប់​តែ​រំលំ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ភ្លាម ចូរ​ទ្រហោ​យំ​នឹង​វា​ចុះ ត្រូវ​ឲ្យ​យក​ប្រទាល​មុខ‌សះ​ទៅ​បិទ​ឲ្យ​វា​បាត់​ឈឺ បើ​សិន​ជា​នឹង​មើល​ឲ្យ​ជា​បាន

9. យើង​រាល់​គ្នា​ចង់​តែ​មើល​បាប៊ីឡូន​ឲ្យ​ជា​ដែរ តែ​វា​មិន​បាន​ជា​សោះ ចូរ​យើង​លះ​ចោល​វា​ទៅ ហើយ​ត្រឡប់​ទៅ​ឯ​ស្រុក​យើង​រៀង​ខ្លួន​វិញ ដ្បិត​ទោស​វា​លូត​រហូត​ដល់​លើ គឺ​បាន​ឡើង​ទៅ​ដល់​ផ្ទៃ​មេឃ​តែ​ម្តង

10. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​សេចក្តី​សុចរិត​របស់​យើង​ចេញ​មក​ហើយ ចូរ​មក យើង​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង។

11. ចូរ​សំរួច​ព្រួញ​ឲ្យ​មុត ចូរ​ចាប់​ខែល​កាន់​ឲ្យ​មាំ​ចុះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​ដាស់​វិញ្ញាណ​របស់​ពួក​ស្តេច​សាសន៍​មេឌី​ឡើង ពី​ព្រោះ​ទ្រង់​មាន​គំនិត​ទាស់​នឹង​បាប៊ីឡូន ដើម្បី​នឹង​បំផ្លាញ​ចេញ ដ្បិត​នេះ​ជា​សេចក្តី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ការ​សង‌សឹក​ស្នង​ព្រះ‌វិហារ​នៃ​ទ្រង់

12. ចូរ​ដំឡើង​ទង់‌ជ័យ​ទាស់​នឹង​កំផែង​ក្រុង​បាប៊ីឡូន​ចុះ ត្រូវ​ឲ្យ​ពួក​យាម​បាន​កំឡាំង​ឡើង ចូរ​ដាក់​ពួក​ចាំ​យាម ហើយ​រៀប​ទ័ព​បង្កប់​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច ហើយ​បាន​បង្ហើយ​ការ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន

13. ឱ​ក្រុង​ដែល​តាំង​នៅ​លើ​ទី​ទឹក​ជា​ច្រើន ហើយ​មាន​ទ្រព្យ‌សម្បត្តិ​ដ៏​បរិបូរ​អើយ ចុង​បំផុត​របស់​ឯង​បាន​មក​ដល់​ហើយ សេចក្តី​លោភ​របស់​ឯង​ក៏​ដល់​កំណត់​ផង

14. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ពេញ​ដោយ​មនុស្ស ដូច​ជា​ពេញ​ដោយ​ដង្កូវ ហើយ​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​ឯង។

15. ឯ​ព្រះ​ទ្រង់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា ទ្រង់​ក៏​បាន​តាំង​លោកីយ៍​ឡើង ដោយ​ប្រាជ្ញា​របស់​ទ្រង់ ក៏​បាន​លាត​ផ្ទៃ​មេឃ ដោយ​យោបល់​ទ្រង់

16. កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សូរ‌សៀង នោះ​មាន​ឮ​សូរ​សន្ធឹក​នៃ​ទឹក​នៅ​លើ​មេឃ ហើយ​ទ្រង់​បណ្តាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី ទ្រង់​បង្កើត​ផ្លេក‌បន្ទោរ​សំរាប់​ភ្លៀង ក៏​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​នៃ​ទ្រង់​ផង

17. គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​កំរោល ហើយ​ក៏​ឥត​មាន​ដំរិះ​ផង គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្តី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ

18. វា​សុទ្ធ​តែ​ឥត​ប្រយោជន៍ ជា​របស់​ក្លែង​បញ្ឆោត​ទទេ នៅ​គ្រា​ដែល​ធ្វើ​ទោស​វា នោះ​វា​នឹង​សូន្យ​បាត់​ទៅ

19. ឯ​ចំណែក​របស់​ពួក​យ៉ាកុប មិន​មែន​ដូច្នោះ​ទេ ដ្បិត​គឺ​ទ្រង់​ដែល​ជប​សូន​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រា‌អែល​ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

សូមអានជំពូកពេញលេញ យេរេមា 51