គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:55-64 ព្រះគម្ពីរបរិសុទ្ធ (KHOV)

55. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​រំលាង​ក្រុង​បាប៊ីឡូន ហើយ​ក៏​បំផ្លាញ​សំឡេង​យ៉ាង​ធំ​ឲ្យ​បាត់​ចេញ​ពី​វា​ទៅ រលក​គេ​ឮ​សន្ធឹក​ដូច​ជា​ទឹក​ធំ ក៏​ឮ​សូរ​របស់​គេ​ចេញ​មក

56. ដ្បិត​មេ​បំផ្លាញ​បាន​មក​លើ​វា​ហើយ គឺ​លើ​ក្រុង​បាប៊ីឡូន ពួក​ខ្លាំង​ពូកែ​របស់​វា​ត្រូវ​គេ​ចាប់​បាន ហើយ​ធ្នូ​ទាំង​ប៉ុន្មាន​របស់​គេ​ត្រូវ​បាក់​ខ្ទេច‌ខ្ទី ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​សង​សំណង ទ្រង់​នឹង​តប​ស្នង​ជា​មិន​ខាន

57. ឯ​ពួក​មេ‌ទ័ព ពួក​អ្នក​ប្រាជ្ញ ពួក​ចៅ‌ហ្វាយ ពួក​នាយ និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​របស់​វា នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្រវឹង គេ​នឹង​ដេក​លក់​ទៅ​ជា​រៀង‌រាប​ដរាប ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

58. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កំផែង​យ៉ាង​ក្រាស់​របស់​ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​រលំ​អស់​រលីង ហើយ​ទ្វារ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ភ្លើង​ឆេះ គឺ​យ៉ាង​នោះ​ដែល​ជន‌ជាតិ​ទាំង‌ឡាយ​បាន​ខំ​ធ្វើ​ការ ឲ្យ​តែ​បាន​ទទេៗ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​តែ​បាន​ជា​ចំណី​ភ្លើង​ដែរ គេ​នឹង​នឿយ​ហត់​ទៅ។

59. នេះ​ជា​ពាក្យ ដែល​ហោរា​យេរេមា​បាន​ផ្តាំ ដល់​សេរ៉ាយ៉ា ជា​កូន​នេរីយ៉ា ដែល​ជា​កូន​ម៉ាសេយ៉ា ក្នុង​កាល​ដែល​លោក​បាន​ទៅ​ឯ​ក្រុង​បាប៊ីឡូន ជា​មួយ​នឹង​សេដេគា​ស្តេច​យូដា នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​ទ្រង់ រីឯ​សេរ៉ាយ៉ា​នេះ​លោក​ជា​ចៅ‌ហ្វាយ​ស្លូត​ល្អ

60. យេរេមា​ក៏​សរសេរ​ចុះ​ក្នុង​សៀវភៅ ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ត្រូវ​កើត​ដល់​ក្រុង​បាប៊ីឡូន គឺ​គ្រប់​ពាក្យ​ទាំង​នេះ​ដែល​បាន​កត់​ទុក ពី​ដំណើរ​ក្រុង​បាប៊ីឡូន​ហើយ

61. យេរេមា​ក៏​ជំរាប​សេរ៉ាយ៉ា​ថា កាល​ណា​លោក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ហើយ នោះ​ត្រូវ​ឲ្យ​លោក​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល​នេះ

62. បន្ទាប់​មក​ត្រូវ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ពី​ដំណើរ​ទី​នេះ ដើម្បី​នឹង​កាត់​ចេញ ឲ្យ​ឥត​មាន​អ្វី​នៅ​ទៀត​ឡើយ ទោះ​មនុស្ស ឬ​សត្វ​ក្តី គឺ​ឲ្យ​ទី​នេះ​បាន​នៅ​ចោល​ស្ងាត់​ជា​រៀង‌រាប​ដរាប​ទៅ

63. រួច​កាល​ណា​លោក​អាន​មើល​សៀវភៅ​នេះ​សព្វ​គ្រប់​ហើយ នោះ​ត្រូវ​យក​ថ្ម​មក​ចង​ភ្ជាប់ ហើយ​បោះ​ទំលាក់​ទៅ​កណ្តាល​ទន្លេ​អ៊ើប្រាត​ទៅ

64. រួច​ត្រូវ​ថា ក្រុង​បាប៊ីឡូន​នឹង​លិច​បាត់​យ៉ាង​ដូច្នេះ​ដែរ ឥត​ដែល​ងើប​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ការ​អាក្រក់​ដែល​អញ​នឹង​នាំ​មក​លើ​វា នោះ​គេ​នឹង​នឿយ‌ហត់​ទៅ។ពាក្យ​របស់​យេរេមា​ចប់​តែ​ប៉ុណ្ណេះ។

សូមអានជំពូកពេញលេញ យេរេមា 51