49. រីឯក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែលដួលស្លាប់ទៅយ៉ាងណា នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដួលស្លាប់ នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។
50. នែ ឯងរាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះកុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចំងាយ ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតឯងដែរ
51. យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល យើងរាល់គ្នាបានឡើងមុខក្រហមហើយ ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះវិហារនៃព្រះយេហូវ៉ា
52. ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោស ដល់អស់ទាំងរូបឆ្លាក់របស់គេ ហើយពួកគេដែលត្រូវរបួសក៏នឹងថ្ងូរ នៅពេញក្នុងស្រុក
53. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ ហើយចំរើនកំឡាំងនៃទីខ្ពស់របស់គេ ឲ្យរឹងរឹតតែមាំមួនឡើងក៏ដោយ គង់តែអញនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។
54. មានឮសូរសំរែកចេញពីក្រុងបាប៊ីឡូនមក និងសូរនៃការបំផ្លាញយ៉ាងសំបើម មកពីស្រុករបស់ពួកខាល់ដេ
55. ដ្បិតព្រះយេហូវ៉ាទ្រង់រំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក
56. ដ្បិតមេបំផ្លាញបានមកលើវាហើយ គឺលើក្រុងបាប៊ីឡូន ពួកខ្លាំងពូកែរបស់វាត្រូវគេចាប់បាន ហើយធ្នូទាំងប៉ុន្មានរបស់គេត្រូវបាក់ខ្ទេចខ្ទី ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលសងសំណង ទ្រង់នឹងតបស្នងជាមិនខាន
57. ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះអញនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរាបដរាប ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ
58. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូននឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលជនជាតិទាំងឡាយបានខំធ្វើការ ឲ្យតែបានទទេៗ ហើយសាសន៍ទាំងប៉ុន្មានឲ្យតែបានជាចំណីភ្លើងដែរ គេនឹងនឿយហត់ទៅ។
59. នេះជាពាក្យ ដែលហោរាយេរេមាបានផ្តាំ ដល់សេរ៉ាយ៉ា ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា ក្នុងកាលដែលលោកបានទៅឯក្រុងបាប៊ីឡូន ជាមួយនឹងសេដេគាស្តេចយូដា នៅឆ្នាំទី៤ក្នុងរាជ្យទ្រង់ រីឯសេរ៉ាយ៉ានេះលោកជាចៅហ្វាយស្លូតល្អ
60. យេរេមាក៏សរសេរចុះក្នុងសៀវភៅ ពីគ្រប់ទាំងការអាក្រក់ ដែលត្រូវកើតដល់ក្រុងបាប៊ីឡូន គឺគ្រប់ពាក្យទាំងនេះដែលបានកត់ទុក ពីដំណើរក្រុងបាប៊ីឡូនហើយ
61. យេរេមាក៏ជំរាបសេរ៉ាយ៉ាថា កាលណាលោកទៅដល់ក្រុងបាប៊ីឡូនហើយ នោះត្រូវឲ្យលោកអានមើលអស់ទាំងព្រះបន្ទូលនេះ
62. បន្ទាប់មកត្រូវថា ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនេះពីដំណើរទីនេះ ដើម្បីនឹងកាត់ចេញ ឲ្យឥតមានអ្វីនៅទៀតឡើយ ទោះមនុស្ស ឬសត្វក្តី គឺឲ្យទីនេះបាននៅចោលស្ងាត់ជារៀងរាបដរាបទៅ