គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:33-47 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. ដ្បិត​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន​ធៀប​ដូច​ជា​លាន​ស្រូវ នៅ​រដូវ​បញ្ជាន់ នៅ​តែ​បន្តិច​ទៀត​រដូវ​ចំរូត​នឹង​មក​ដល់​នាង

34. នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ស៊ី​បង្ហិន​ខ្ញុំ បាន​ទាំង​ជាន់​ឈ្លី បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​ភាជនៈ​ទទេ​បាន​លេប​ខ្ញុំ​ទៅ ដូច​ជា​សត្វ​សំបើម​ក៏​បាន​បំពេញ​ផ្ទៃ ដោយ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​ខ្ញុំ ហើយ​បាន​បោះ​ខ្ញុំ​ចេញ​ទៅ​ក្រៅ

35. សូម​ឲ្យ​ការ​យុក‌យាក់​ដែល​គេ​បាន​ធ្វើ​ដល់​ខ្ញុំ ហើយ​ដល់​សាច់​ខ្ញុំ​បាន​ធ្លាក់​ទៅ​លើ​បាប៊ីឡូន​វិញ នេះ​ជា​ពាក្យ​ដែល​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​នឹង​ថា គឺ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ពោល​ថា សូម​ឲ្យ​ឈាម​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​ពួក​អ្នក នៅ​ស្រុក​ខាល់ដេ​ដែរ

36. ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​កាន់​ក្តី​ឯង ហើយ​នឹង​សង‌សឹក​ជំនួស​ឯង អញ​នឹង​ពង្រីង​សមុទ្រ​គេ​ទៅ ហើយ​ធ្វើ​ឲ្យ​រន្ធ​ទឹក​របស់​គេ​ស្ងួត​ដែរ

37. ឯ​ក្រុង​បាប៊ីឡូន​នឹង​ត្រឡប់​ជា​កង​គំនរ ជា​ទី​លំនៅ​របស់​សត្វ​ស្វាន ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ឥត​មាន​អ្នក​ណា​នៅ​ឡើយ

38. គេ​នឹង​ស្រែក​ជា​មួយ​គ្នា ដូច​ជា​សិង្ហ​ស្ទាវ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ

39. កាល​ណា​គេ​ក្តៅ​ខ្លួន នោះ​អញ​នឹង​រៀប​ជប់‌លៀង​ឲ្យ​គេ អញ​នឹង​ធ្វើ​ឲ្យ​គេ​ស្រវឹង ដើម្បី​ឲ្យ​គេ​បាន​រីក‌រាយ​ចិត្ត ហើយ​ឲ្យ​ដេក​លក់​ទៅ​ជានិច្ច ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

40. អញ​នឹង​នាំ​គេ​ចុះ​ទៅ​ដល់​ទី​សំឡាប់ ដូច​ជា​កូន​ចៀម​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ផង។

41. សេសាក​បាន​ត្រូវ​ចាប់​យក​យ៉ាង​ណា​ហ្ន៎ ទី​គួរ​លើក​សរសើរ​របស់​ផែនដី​ទាំង​មូល ត្រូវ​ចាប់​បាន​យ៉ាង​ណា​ហ្ន៎ អើ បាប៊ីឡូន​បាន​ទៅ​ជា​ទី​ស្ងាត់​ច្រៀប នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎

42. សមុទ្រ​បាន​ឡើង​មក​លើ​ស្រុក​បាប៊ីឡូន វា​ត្រូវ​គ្រប​ដោយ​រលក​ដ៏​ក្រាស់‌ក្រៃ

43. ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ទី​ស្ងាត់​ច្រៀប ជា​ដី​ហួត‌ហែង ជា​វាល​ស្ងាត់ ជា​ទី​ដែល​ឥត​មាន​អ្នក​ណា​នៅ ហើយ​គ្មាន​មនុស្ស​ជាតិ​ណា​មួយ​ដើរ​តាម​នោះ​ឡើយ

44. អញ​នឹង​ធ្វើ​ទោស​ដល់​ព្រះ‌បាល នៅ​ស្រុក​បាប៊ីឡូន ហើយ​នឹង​ធ្វើ​ឲ្យ​របស់​ទាំង​ប៉ុន្មាន ដែល​វា​បាន​លេប​ទៅ បាន​ចេញ​ពី​មាត់​មក​វិញ នោះ​អស់​ទាំង​សាសន៍​នឹង​លែង​ទៅ​ជា​ហូរ‌ហែ​រក​វា​ទៀត ហើយ​កំផែង​នៃ​ក្រុង​បាប៊ីឡូន​នឹង​រលំ​ចុះ។

45. ឱ​រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ត្រូវ​ឲ្យ​គ្រប់​គ្នា​ដោះ​ខ្លួន ឲ្យ​រួច​ពី​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា

46. កុំ​ឲ្យ​ឯង​រាល់​គ្នា​ស្រយុត​ចិត្ត​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ដំណឹង​ដែល​ឮ​នៅ​ក្នុង​ស្រុក​ដែរ ដ្បិត​នៅ​ឆ្នាំ​១ នឹង​មាន​ឮ​ដំណឹង​មក​ដល់ រួច​ដល់​ឆ្នាំ​ក្រោយ ក៏​នឹង​ឮ​ដំណឹង​១​ទៀត ព្រម​ទាំង​មាន​ការ​យុក‌យាក់​នៅ​ក្នុង​ស្រុក​ផង គឺ​ជា​ស្តេច​១​ទាស់​នឹង​ស្តេច​១​ទៀត

47. ហេតុ​នោះ​មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​ទោស​ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​ស្រុក​បាប៊ីឡូន ហើយ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ជ្រប់​មុខ ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​សំឡាប់​នោះ នឹង​ដួល​នៅ​កណ្តាល​វា

សូមអានជំពូកពេញលេញ យេរេមា 51