27. ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្តាលសាសន៍ទាំងប៉ុន្មាន ត្រូវឲ្យប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី និងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង
28. ចូរប្រមូលផ្តុំសាសន៍ទាំងប៉ុន្មានមកទាស់នឹងវា គឺអស់ទាំងស្តេចនៃសាសន៍មេឌី និងពួកចៅហ្វាយ ពួកនាយរបស់គេ ព្រមទាំងស្រុកទាំងមូល ដែលនៅក្រោមអំណាចគេផង
29. ផែនដីកំពុងញាប់ញ័រ ក៏ឈឺចាប់ ពីព្រោះការដែលព្រះយេហូវ៉ាទ្រង់សំរេចនឹងធ្វើដល់ក្រុងបាប៊ីឡូន នោះស្ថិតស្ថេរនៅ ដើម្បីនឹងធ្វើឲ្យស្រុកបាប៊ីឡូនត្រូវខូចបង់ ឥតមានអ្នកណានៅ
30. ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កំឡាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់ផង
31. អ្នកយាមនឹងរត់ច្រវាត់ទៅមក ហើយអ្នកនាំដំណឹងនឹងរត់ប្រទាក់គ្នា ដើម្បីនឹងបន្តដំណឹងដល់ស្តេចបាប៊ីឡូនឲ្យជ្រាបថា ទីក្រុងត្រូវគេចាប់យកនៅគ្រប់ទិសហើយ
32. ឯផ្លូវទឹក គេចាប់យកបាន ហើយវាលបឹងគេដុតអស់ទៅ ដូច្នេះ ពួកទាហានមានចិត្តភ័យខ្លាច។
33. ដ្បិតព្រះយេហូវ៉ា នៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា កូនស្រីនៃក្រុងបាប៊ីឡូនធៀបដូចជាលានស្រូវ នៅរដូវបញ្ជាន់ នៅតែបន្តិចទៀតរដូវចំរូតនឹងមកដល់នាង
34. នេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានស៊ីបង្ហិនខ្ញុំ បានទាំងជាន់ឈ្លី បានធ្វើឲ្យខ្ញុំដូចជាភាជនៈទទេបានលេបខ្ញុំទៅ ដូចជាសត្វសំបើមក៏បានបំពេញផ្ទៃ ដោយរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តខ្ញុំ ហើយបានបោះខ្ញុំចេញទៅក្រៅ
35. សូមឲ្យការយុកយាក់ដែលគេបានធ្វើដល់ខ្ញុំ ហើយដល់សាច់ខ្ញុំបានធ្លាក់ទៅលើបាប៊ីឡូនវិញ នេះជាពាក្យដែលពួកអ្នកនៅក្រុងស៊ីយ៉ូននឹងថា គឺពួកអ្នកនៅក្រុងយេរូសាឡិម នឹងពោលថា សូមឲ្យឈាមរបស់ខ្ញុំធ្លាក់ទៅលើពួកអ្នក នៅស្រុកខាល់ដេដែរ