គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 51:17-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​កំរោល ហើយ​ក៏​ឥត​មាន​ដំរិះ​ផង គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្តី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ

18. វា​សុទ្ធ​តែ​ឥត​ប្រយោជន៍ ជា​របស់​ក្លែង​បញ្ឆោត​ទទេ នៅ​គ្រា​ដែល​ធ្វើ​ទោស​វា នោះ​វា​នឹង​សូន្យ​បាត់​ទៅ

19. ឯ​ចំណែក​របស់​ពួក​យ៉ាកុប មិន​មែន​ដូច្នោះ​ទេ ដ្បិត​គឺ​ទ្រង់​ដែល​ជប​សូន​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រា‌អែល​ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

20. ឯង​ជា​ពូថៅ​ចំបាំង ហើយ​ជា​គ្រឿង​សស្ត្រា‌វុធ​របស់​អញ អញ​នឹង​បំបាក់‌បំបែក​អស់​ទាំង​សាសន៍ ឲ្យ​ខ្ទេច‌ខ្ទី​ដោយ‌សារ​ឯង ហើយ​នឹង​បំផ្លាញ​នគរ​ផ្សេងៗ ដោយ‌សារ​ឯង​ដែរ

21. អញ​នឹង​បំបាក់​បំបែក​ទាំង​សេះ និង​អ្នក​ជិះ​ផង ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​រទេះ​ចំបាំង និង​អ្នក​បរ ដោយ‌សារ​ឯង

22. អញ​នឹង​បំបាក់​បំបែក​ទាំង​ប្រុស​ទាំង​ស្រី ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ចាស់​ទាំង​ក្មេង ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ពួក​កំឡោះ និង​ក្រមុំ ដោយ‌សារ​ឯង

23. អញ​នឹង​បំបាក់​បំបែក​ទាំង​អ្នក​គង្វាល និង​ហ្វូង​សត្វ ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​អ្នក​ភ្ជួរ និង​គោ ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ចៅ‌ហ្វាយ និង​នាយ​ផង ដោយ‌សារ​ឯង

24. ហើយ​អញ​នឹង​សង​ដល់​ក្រុង​បាប៊ីឡូន និង​ពួក​អ្នក​ស្រុក​ខាល់ដេ​ទាំង​ប៉ុន្មាន​នៅ​ភ្នែក​ឯង តាម​គ្រប់​ទាំង​ការ​អាក្រក់​ដែល​គេ​បាន​ធ្វើ​ដល់​ក្រុង​ស៊ីយ៉ូន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

25. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ភ្នំ​ដែល​បំផ្លាញ គឺ​ដែល​បំផ្លាញ​ផែនដី​ទាំង​មូល​អើយ មើល អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង ហើយ​ប្រមៀល​ឯង​ទំលាក់​ពី​លើ​ថ្មដា ព្រម​ទាំង​ឲ្យ​ឯង​ឆេះ​អស់​ទៅ

26. គេ​នឹង​មិន​យក​ថ្ម​ពី​ឯង សំរាប់​ធ្វើ​ជា​ថ្ម​ជ្រុង​ផ្ទះ ឬ​ជា​ឫស​ជញ្ជាំង​ឡើយ គឺ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ជា​ដរាប​ត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

27. ចូរ​ដំឡើង​ទង់‌ជ័យ​នៅ​ក្នុង​ស្រុក ចូរ​ផ្លុំ​ត្រែ​នៅ​នា​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ប្រមូល​ផ្តុំ​អស់​ទាំង​សាសន៍ មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​ហៅ​នគរ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ារ៉ាត មីនី និង​អ័សក្នាស ឲ្យ​គេ​មូល​គ្នា​មក​ទាស់​នឹង​ទី​ក្រុង ចូរ​តាំង​មេ‌ទ័ព​ធំ​ម្នាក់ ឲ្យ​ទាស់​នឹង​វា​ចុះ ហើយ​ឲ្យ​មាន​សេះ​ឡើង​មក បែប​ដូច​ជា​ដង្កូវ​មាន​រោម​ច្រាង

28. ចូរ​ប្រមូល​ផ្តុំ​សាសន៍​ទាំង​ប៉ុន្មាន​មក​ទាស់​នឹង​វា គឺ​អស់​ទាំង​ស្តេច​នៃ​សាសន៍​មេឌី និង​ពួក​ចៅ‌ហ្វាយ ពួក​នាយ​របស់​គេ ព្រម​ទាំង​ស្រុក​ទាំង​មូល ដែល​នៅ​ក្រោម​អំណាច​គេ​ផង

29. ផែនដី​កំពុង​ញាប់‌ញ័រ ក៏​ឈឺ​ចាប់ ពី​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​នឹង​ធ្វើ​ដល់​ក្រុង​បាប៊ីឡូន នោះ​ស្ថិត‌ស្ថេរ​នៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​ស្រុក​បាប៊ីឡូន​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ

30. ពួក​ខ្លាំង​ពូកែ​របស់​ក្រុង​បាប៊ីឡូន គេ​បាន​អាក់‌ខាន​តស៊ូ គេ​នៅ​តែ​ក្នុង​ទី​មាំ‌មួន​របស់​គេ កំឡាំង​គេ​ស្បើយ​ហើយ ក៏​បាន​ត្រឡប់​ដូច​ជា​ស្រី​វិញ ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​បាន​ឆេះ​អស់​ហើយ រនុក​ទ្វារ​ក្រុង​ទាំង​អស់​ត្រូវ​បាក់​ផង

សូមអានជំពូកពេញលេញ យេរេមា 51