គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 50:8-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ចូរ​រត់​ពី​កណ្តាល​ក្រុង​បាប៊ីឡូន​ទៅ ហើយ​ចេញ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ឲ្យ​ផុត ឲ្យ​បាន​ដូច​ជា​ពពែ​ឈ្មោល​ដែល​នាំ​មុខ​ហ្វូង​ចុះ

9. ដ្បិត​មើល អញ​នឹង​ដាស់​នគរ​ធំៗ​១​ពួក នៅ​ស្រុក នៅ​ខាង​ជើង​ឡើង ហើយ​បណ្តាល​ឲ្យ​គេ​មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​ចាប់​យក​បាន ព្រួញ​របស់​គេ​នឹង​បាន​ដូច​ជា​ព្រួញ​របស់​មនុស្ស​ស្ទាត់​ជំនាញ ហើយ​ខ្លាំង​ពូកែ ឥត​មាន​ណា​មួយ​បាញ់​ទៅ ជា​ឥត​ប្រយោជន៍​នោះ​ទេ

10. នោះ​ស្រុក​ខាល់ដេ​នឹង​ត្រូវ​ជា​រំពា ហើយ​អស់​អ្នក​ដែល​ចាប់​យក នោះ​នឹង​បាន​ឆ្អែត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

11. នែ ឯង​រាល់​គ្នា​ដែល​ប្លន់​មរដក​របស់​អញ​អើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​អំណរ ដោយ​ព្រោះ​ចិត្ត​ឯង​រាល់​គ្នា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​លោភ ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ ហើយ​កញ្ជ្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង

12. នោះ​ម្តាយ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្តី​ខ្មាស​គ្រប់​យ៉ាង អ្នក​ដែល​បាន​បង្កើត​ឯង​មក​នឹង​ត្រូវ​ជ្រប់​មុខ​ចុះ មើល គាត់​នឹង​ត្រូវ​ជា​ប្រទេស​ក្រោយ​បំផុត គឺ​ជា​ទី​រហោ‌ស្ថាន ជា​ដី​ហួត‌ហែង ជា​ទី​សមុទ្រ​ខ្សាច់

13. ឥត​មាន​អ្នក​ណា​នៅ ដោយ​ព្រោះ​សេចក្តី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ទទេ អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ក្រុង​បាប៊ីឡូន​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​ទី​ក្រុង

14. នែ ពួក​អ្នក​ដែល​ដំឡើង​ធ្នូ​អើយ ចូរ​ដំរៀប​គ្នា​នៅ​ព័ទ្ធ​ជុំវិញ ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​បាញ់​ទៅ កុំ​ឲ្យ​សំចៃ​ព្រួញ​ឡើយ ដ្បិត​ទី​ក្រុង​នេះ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ

15. ចូរ​ហ៊ោ​ឡើង​ជុំវិញ​ទាស់​នឹង​វា​ចុះ គេ​បាន​ទទួល​ចាញ់​ហើយ របង​សំរាប់​ការ‌ពារ​បាន​ដួល កំផែង​ទី​ក្រុង​បាន​រំលំ​ហើយ ដ្បិត​នេះ​ជា​សេចក្តី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ចូរ​សង‌សឹក​នឹង​គេ​ចុះ ចូរ​សង​គេ​ឲ្យ​ស្នង​នឹង​ការ​ដែល​គេ​បាន​ធ្វើ​ដល់​ឯង

16. ត្រូវ​ឲ្យ​កាត់​អ្នក​ដែល​សាប‌ព្រោះ និង​អ្នក​ដែល​កាន់​កណ្តៀវ​ក្នុង​រដូវ​ចំរូត ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ គេ​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​គេ​រៀង​ខ្លួន ហើយ​រត់​ទៅ​ឯ​ស្រុក​គេ​គ្រប់​គ្នា ដោយ​ខ្លាច​ដាវ​ដែល​កំពុង​តែ​ធ្វើ​ទុក្ខ។

17. ពួក​អ៊ីស្រា‌អែល គេ​ប្រៀប​ដូច​ជា​ចៀម ដែល​ត្រូវ​ប្រដេញ​កំចាយ​ទៅ ពួក​សិង្ហ​បាន​ដេញ​កំចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាស‌ស៊ើរ​បាន​ត្របាក់​ស៊ី​គេ ឥឡូវ​នេះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ ជា​ខាង​ក្រោយ

សូមអានជំពូកពេញលេញ យេរេមា 50