គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 50:35-46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

35. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​ដាវ​មក​លើ​ពួក​ខាល់ដេ និង​លើ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន លើ​ពួក​ចៅ‌ហ្វាយ និង​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​ផង

36. មាន​ដាវ​មក​លើ​ពួក​ភូត‌ភរ គេ​នឹង​ត្រឡប់​ជា​វិង‌ស៊ុង​ស្មារតី មាន​ដាវ​មក​លើ​ពួក​ខ្លាំង​ពូកែ​របស់​គេ ហើយ​ពួក​នោះ​នឹង​ភ័យ​ស្លុត​ទៅ

37. មាន​ដាវ​មក​លើ​សេះ​ទាំង​ប៉ុន្មាន និង​រទេះ​ចំបាំង​របស់​គេ ហើយ​លើ​ជន‌ជាតិ​លាយ‌ឡំ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បាប៊ីឡូន​ដែរ គេ​នឹង​ត្រឡប់​ទៅ​ដូច​ជា​ស្រី​វិញ មាន​ដាវ​មក​លើ​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​របស់​គេ ហើយ​ទាំង​អស់​នឹង​ត្រូវ​ប្លន់​យក​ទៅ

38. មាន​រដូវ​រាំង‌រឹះ​មក​លើ​ទី​ទឹក​របស់​គេ ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត​ទៅ ពី​ព្រោះ​ស្រុក​នោះ​មាន​សុទ្ធ​តែ​រូប​ឆ្លាក់ ក៏​វក់​នឹង​រូប​ព្រះ​ផង

39. ហេតុ​នោះ​សត្វ​ព្រៃ​នៅ​ទី​ស្ងាត់ ហើយ​ចចក នឹង​អាស្រ័យ​នៅ​ទី​នោះ ព្រម​ទាំង​សត្វ​អូសទ្រីច​ផង ឥត​មាន​មនុស្ស​ណា​នៅ​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ក៏​នឹង​គ្មាន​អ្នក​ណា​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ​ដែរ

40. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា​នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ​ទី​នោះ ឬ​មនុស្ស​ជាតិ​ណា​ស្នាក់​នៅ​ឡើយ ដូច​កាល​ព្រះ​ទ្រង់​បំផ្លាញ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ហើយ​ទី​ក្រុង​នៅ​ជិត​ខាង​ទាំង​ប៉ុន្មាន​ដែរ។

41. មើល មាន​សាសន៍​១​មក​ពី​ទិស​ខាង​ជើង ជា​សាសន៍​យ៉ាង​ធំ និង​ស្តេច​ជា​ច្រើន បាន​ត្រូវ​ដាស​ឡើង​ពី​ចុង​ផែនដី

42. គេ​ចាប់​យក​ធ្នូ និង​លំពែង ជា​ពួក​សាហាវ​ណាស់ ឥត​មាន​ត្រា‌ប្រណី​ឡើយ សំឡេង​គេ​ឮ​សន្ធឹក​ដូច​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ គេ​ដំរៀប​គ្នា ដូច​ជា​មនុស្ស​ដែល​រៀប​ទៅ​ច្បាំង ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ គេ​មក​ទាស់​នឹង​ឯង​ហើយ

43. ស្តេច​ក្រុង​បាប៊ីឡូន​បាន​ឮ​ដំណឹង​ពី​គេ ព្រះ‌ហស្ត​ទ្រង់​ក៏​ខ្សោយ​ទៅ មាន​សេចក្តី​ថប់​ព្រួយ​ចាប់​ទ្រង់ ទ្រង់​ក៏​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន

44. មើល ខ្មាំង​សត្រូវ​នឹង​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន ដូច​ជា​សិង្ហ​ដែល​ឡើង​មក​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​ក្រុង​បាប៊ីឡូន​រត់​ចេញ​ភ្លាម រួច​អ្នក​ណា​ដែល​បាន​រើស​តាំង នោះ​អញ​នឹង​តាំង​ឲ្យ​គ្រប់‌គ្រង​វិញ តើ​អ្នក​ណា​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា ដែល​អាច​នឹង​ឈរ​នៅ​ចំពោះ​អញ​បាន

45. ដូច្នេះ​ចូរ​ស្តាប់​សេចក្តី​ប្រឹក្សា​របស់​ព្រះ‌យេហូវ៉ា​ជា​សេចក្តី​ដែល​ទ្រង់​បាន​គិត​សំរេច ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​នឹង​ការ​ដែល​ទ្រង់​បាន​សំរេច ទាស់​នឹង​ពួក​អ្នក​ស្រុក​ខាល់ដេ​ចុះ គឺ​ថា​ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ហើយ​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ

46. ផែនដី​ក៏​ញ័រ ដោយ​សូរ​នៃ​ការ​ចាប់​យក​ក្រុង​បាប៊ីឡូន សំរែក​របស់​គេ​ក៏​បាន​ឮ នៅ​កណ្តាល​អស់​ទាំង​សាសន៍។

សូមអានជំពូកពេញលេញ យេរេមា 50