គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 50:27-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ចូរ​សំឡាប់​អស់​ទាំង​គោ​របស់​គេ ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សំឡាប់​ចុះ វរ​ដល់​គេ ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ

28. មាន​ឮ​សំឡេង​នៃ​ពួក​អ្នក ដែល​រត់​រួច​ពី​ក្រុង​បាប៊ីឡូន ដើម្បី​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​សង‌សឹក​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង គឺ​ជា​ការ​សង‌សឹក​ស្នង​នឹង​ព្រះ‌វិហារ​នៃ​ទ្រង់។

29. ចូរ​ហៅ​ពួក​ពល​ធ្នូ ឲ្យ​មក​ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ គឺ​អស់​អ្នក​ណា​ដែល​ធ្លាប់​យឹត​ធ្នូ ត្រូវ​ឲ្យ​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ កុំ​ឲ្យ​ពួក​គេ​ណា​មួយ​រួច​ឡើយ ចូរ​សង​តាម​ការ​ដែល​គេ​បាន​ធ្វើ​ចុះ ត្រូវ​ឲ្យ​ប្រព្រឹត្ត​នឹង​គេ​តាម​គ្រប់​ទាំង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដ្បិត​គេ​បាន​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​នៅ​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល

30. ហេតុ​នោះ ពួក​កំឡោះៗ​របស់​គេ​នឹង​ដួល​ចុះ នៅ​ក្នុង​ផ្លូវ ហើយ​អស់​ទាំង​មនុស្ស​ថ្នឹក​ច្បាំង​របស់​គេ នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

31. ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ អ្នក​ឆ្មើង‌ឆ្មៃ​យ៉ាង​ខ្លាំង​អើយ អញ​ទាស់​នឹង​ឯង ដ្បិត​ថ្ងៃ​កំណត់​របស់​ឯង​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ឯង

32. នោះ​អ្នក​ឆ្មើង‌ឆ្មៃ​នឹង​ចំពប់​ដួល ឥត​មាន​អ្នក​ណា​លើក​ឡើង​វិញ​ឡើយ អញ​នឹង​បង្កាត់​ភ្លើង នៅ​អស់​ទាំង​ទី​ក្រុង​របស់​គេ ហើយ​ភ្លើង​នោះ​នឹង​ឆេះ​គ្រប់​ទាំង​អស់​ដែល​នៅ​ជុំវិញ​គេ​ផង។

33. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា ត្រូវ​គេ​សង្កត់‌សង្កិន​ជា​មួយ​គ្នា ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ចាប់​គេ​នាំ​ទៅ​ជា​ឈ្លើយ នោះ​ក៏​ឃុំ‌ឃាំង​គេ​ជាប់​នៅ មិន​ព្រម​លែង​ចេញ​ទេ

34. ឯ​ព្រះ​ដ៏​ប្រោស​លោះ​គេ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​កាន់​ក្តី​គេ ដើម្បី​នឹង​ប្រោស​ឲ្យ​ផែនដី​បាន​សេចក្តី​ស្រាក‌ស្រាន្ត ហើយ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន កើត​មាន​ភ័យ​អាសន្ន​វិញ

35. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​ដាវ​មក​លើ​ពួក​ខាល់ដេ និង​លើ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន លើ​ពួក​ចៅ‌ហ្វាយ និង​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​ផង

សូមអានជំពូកពេញលេញ យេរេមា 50