គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 50:11-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. នែ ឯង​រាល់​គ្នា​ដែល​ប្លន់​មរដក​របស់​អញ​អើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​អំណរ ដោយ​ព្រោះ​ចិត្ត​ឯង​រាល់​គ្នា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​លោភ ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ ហើយ​កញ្ជ្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង

12. នោះ​ម្តាយ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្តី​ខ្មាស​គ្រប់​យ៉ាង អ្នក​ដែល​បាន​បង្កើត​ឯង​មក​នឹង​ត្រូវ​ជ្រប់​មុខ​ចុះ មើល គាត់​នឹង​ត្រូវ​ជា​ប្រទេស​ក្រោយ​បំផុត គឺ​ជា​ទី​រហោ‌ស្ថាន ជា​ដី​ហួត‌ហែង ជា​ទី​សមុទ្រ​ខ្សាច់

13. ឥត​មាន​អ្នក​ណា​នៅ ដោយ​ព្រោះ​សេចក្តី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ទទេ អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ក្រុង​បាប៊ីឡូន​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​ទី​ក្រុង

14. នែ ពួក​អ្នក​ដែល​ដំឡើង​ធ្នូ​អើយ ចូរ​ដំរៀប​គ្នា​នៅ​ព័ទ្ធ​ជុំវិញ ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​បាញ់​ទៅ កុំ​ឲ្យ​សំចៃ​ព្រួញ​ឡើយ ដ្បិត​ទី​ក្រុង​នេះ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ

15. ចូរ​ហ៊ោ​ឡើង​ជុំវិញ​ទាស់​នឹង​វា​ចុះ គេ​បាន​ទទួល​ចាញ់​ហើយ របង​សំរាប់​ការ‌ពារ​បាន​ដួល កំផែង​ទី​ក្រុង​បាន​រំលំ​ហើយ ដ្បិត​នេះ​ជា​សេចក្តី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ចូរ​សង‌សឹក​នឹង​គេ​ចុះ ចូរ​សង​គេ​ឲ្យ​ស្នង​នឹង​ការ​ដែល​គេ​បាន​ធ្វើ​ដល់​ឯង

16. ត្រូវ​ឲ្យ​កាត់​អ្នក​ដែល​សាប‌ព្រោះ និង​អ្នក​ដែល​កាន់​កណ្តៀវ​ក្នុង​រដូវ​ចំរូត ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ គេ​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​គេ​រៀង​ខ្លួន ហើយ​រត់​ទៅ​ឯ​ស្រុក​គេ​គ្រប់​គ្នា ដោយ​ខ្លាច​ដាវ​ដែល​កំពុង​តែ​ធ្វើ​ទុក្ខ។

17. ពួក​អ៊ីស្រា‌អែល គេ​ប្រៀប​ដូច​ជា​ចៀម ដែល​ត្រូវ​ប្រដេញ​កំចាយ​ទៅ ពួក​សិង្ហ​បាន​ដេញ​កំចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាស‌ស៊ើរ​បាន​ត្របាក់​ស៊ី​គេ ឥឡូវ​នេះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ ជា​ខាង​ក្រោយ

18. ហេតុ​នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ធ្វើ​ទោស​ដល់​ស្តេច​បាប៊ីឡូន ហើយ​នឹង​ស្រុក​របស់​គេ ដូច​ជា​បាន​ធ្វើ​ទោស​ដល់​ស្តេច​អាស‌ស៊ើរ​ដែរ

19. អញ​នឹង​នាំ​អ៊ីស្រា‌អែល​វិល​មក​ឯ​ក្រោល​របស់​ខ្លួន​វិញ នោះ​គេ​នឹង​រក​ស៊ី​នៅ​លើ​ភ្នំ​កើមែល ហើយ​នៅ​ស្រុក​បាសាន ឯ​ព្រលឹង​គេ​នឹង​បាន​ស្កប់‌ស្កល់ នៅ​លើ​ភ្នំ​អេប្រា‌អិម ហើយ​នៅ​ស្រុក​កាឡាត

20. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង គេ​នឹង​រក​សេចក្តី​ទុច្ចរិត​របស់​ពួក​អ៊ីស្រា‌អែល តែ​នឹង​មិន​ប្រទះ​ទេ ហើយ​រក​អំពើ​បាប​របស់​ពួក​យូដា តែ​នឹង​មិន​ឃើញ​ឡើយ ពី​ព្រោះ​អញ​នឹង​អត់​ទោស​ដល់​ពួក​អ្នក ដែល​អញ​ទុក​ឲ្យ​សល់​នៅ។

21. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​មេរ៉ាថែម​ចុះ គឺ​ទាស់​នឹង​គេ ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​ស្រុក​ពេកូឌ​ដែរ ចូរ​សំឡាប់ ហើយ​បំផ្លាញ​អស់​រលីង​តាម​ក្រោយ​គេ ត្រូវ​ឲ្យ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្តី ដែល​អញ​បាន​បង្គាប់​ដល់​ឯង

22. មាន​ឮ​សូរ​ចំបាំង​នៅ​ក្នុង​ស្រុក​ជា​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សំបើម

23. ញញួរ​ដែល​វាយ​ផែនដី​ទាំង​មូល​បាន​កាច់​បាក់​យ៉ាង​ណា​ហ្ន៎ ក្រុង​បាប៊ីឡូន​បាន​ត្រឡប់​ជា​ទី​ខូច​បង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎

24. នែ បាប៊ីឡូន​អើយ អញ​បាន​ដាក់​អន្ទាក់​សំរាប់​ចាប់​ឯង ហើយ​ឯង​ត្រូវ​ជាប់​ដែរ ឯង​មិន​បាន​ដឹង​ខ្លួន​សោះ គឺ​បាន​រក​ឯង​ឃើញ ហើយ​ចាប់​បាន​ផង ពី​ព្រោះ​ឯង​បាន​ត‌យុទ្ធ​នឹង​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ យេរេមា 50