គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 50:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ក្រុង​បាប៊ីឡូន គឺ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ដោយ‌សារ​ហោរា​យេរេមា។

2. ចូរ​ថ្លែង​ប្រាប់​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​ប្រកាស​ទៅ ចូរ​លើក​ទង់‌ជ័យ​ឡើង ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ឥត​លាក់​ទុក​អ្វី​សោះ​ឡើយ ចូរ​ប្រាប់​ថា គេ​ចាប់​យក​ក្រុង​បាប៊ីឡូន​ហើយ ព្រះ‌បាល​បាន​ត្រូវ​ខ្មាស​ទៅ ព្រះ‌ម្រដាក់​បាន​ត្រូវ​បាក់​រលំ​ចុះ រូប​ឆ្លាក់​របស់​គេ​បាន​ត្រូវ​ខ្មាស រូប​ព្រះ​របស់​គេ​បាន​បាក់​រំលំ​ចុះ​ហើយ

3. ដ្បិត​នៅ​ស្រុក​ខាង​ជើង​មាន​សាសន៍​១​លើក​គ្នា​ឡើង​មក​ទាស់​នឹង​គេ ជា​ពួក​ដែល​នឹង​ធ្វើ​ឲ្យ​ស្រុក​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ ទោះ​ទាំង​មនុស្ស​នឹង​សត្វ​ផង​បាន​រត់​ទៅ គេ​បាត់​អស់​ហើយ

4. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មក ទាំង​ខ្លួន​គេ និង​ពួក​កូន​ចៅ​យូដា​ទាំង​អស់​គ្នា​ផង គេ​នឹង​ដើរ​តាម​ផ្លូវ ទាំង​យំ​បណ្តើរ ហើយ​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ

5. គេ​នឹង​ស៊ើប​សួរ​ពី​ដំណើរ​ក្រុង​ស៊ីយ៉ូន ទាំង​មាន​មុខ​ដំរង់​ទៅ​ចំពោះ​ក្រុង​នោះ ដោយ​ពាក្យ​ថា ចូរ​មក​យើង​នឹង​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា ដោយ​សេចក្តី​សញ្ញា​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ជា​សេចក្តី​សញ្ញា​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ។

6. រាស្ត្រ​របស់​អញ​ជា​ហ្វូង​ចៀម​ដែល​វង្វេង​បាត់ ពួក​អ្នក​គង្វាល​របស់​គេ​បាន​បណ្តាល​ឲ្យ​គេ​វង្វេង​ទៅ ក៏​បាន​បំបែរ​គេ​ចេញ​នៅ​លើ​ភ្នំ គេ​បាន​ដើរ​ពី​ភ្នំ​ធំ ចុះ​ទៅ​ដល់​ភ្នំ​តូច ហើយ​បាន​ភ្លេច​ក្រោល​របស់​គេ​ទៅ

7. អស់​អ្នក​ណា​ដែល​ប្រទះ​នឹង​គេ បាន​ត្របាក់​ស៊ី​គេ ហើយ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ពោល​ថា យើង​គ្មាន​ទោស​ទេ ពី​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដែល​ជា​ទី​លំនៅ​នៃ​សេចក្តី​សុចរិត គឺ​ព្រះ‌យេហូវ៉ា​ជា​ទី​សង្ឃឹម​របស់​ពួក​ព្ធយុ‌កោ​គេ

8. ចូរ​រត់​ពី​កណ្តាល​ក្រុង​បាប៊ីឡូន​ទៅ ហើយ​ចេញ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ឲ្យ​ផុត ឲ្យ​បាន​ដូច​ជា​ពពែ​ឈ្មោល​ដែល​នាំ​មុខ​ហ្វូង​ចុះ

9. ដ្បិត​មើល អញ​នឹង​ដាស់​នគរ​ធំៗ​១​ពួក នៅ​ស្រុក នៅ​ខាង​ជើង​ឡើង ហើយ​បណ្តាល​ឲ្យ​គេ​មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​ចាប់​យក​បាន ព្រួញ​របស់​គេ​នឹង​បាន​ដូច​ជា​ព្រួញ​របស់​មនុស្ស​ស្ទាត់​ជំនាញ ហើយ​ខ្លាំង​ពូកែ ឥត​មាន​ណា​មួយ​បាញ់​ទៅ ជា​ឥត​ប្រយោជន៍​នោះ​ទេ

10. នោះ​ស្រុក​ខាល់ដេ​នឹង​ត្រូវ​ជា​រំពា ហើយ​អស់​អ្នក​ដែល​ចាប់​យក នោះ​នឹង​បាន​ឆ្អែត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

11. នែ ឯង​រាល់​គ្នា​ដែល​ប្លន់​មរដក​របស់​អញ​អើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​អំណរ ដោយ​ព្រោះ​ចិត្ត​ឯង​រាល់​គ្នា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​លោភ ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ ហើយ​កញ្ជ្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង

សូមអានជំពូកពេញលេញ យេរេមា 50