គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 5:19-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ដូច្នេះ បើ​កាល​ណា​ឯង​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង នោះ​ទ្រង់​នឹង​ឆ្លើយ​ដល់​គេ​ថា ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​គោរព​ដល់​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​ឯង​ជា​យ៉ាង​ណា ឯង​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន​យ៉ាង​នោះ​ដែរ។

20. ចូរ​ថ្លែង​សេចក្តី​នេះ​នៅ​ក្នុង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​ពួក​យូដា​ថា

21. ឱ​ជន‌ជាតិ​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្តី​នេះ​ឥឡូវ​ចុះ

22. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​រាល់​គ្នា​មិន​កោត‌ខ្លាច​ដល់​អញ​ទេ​ឬ តើ​ឯង​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​អញ​ទេ​ឬ​អី ដែល​អញ​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ‌ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្ត​ដ៏​នៅ​ជានិច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង​ឡើយ ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង​គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ

23. តែ​ជន‌ជាតិ​នេះ​គេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បះ‌បោរ​វិញ គេ​បាន​បះ‌បោរ​ចេញ​បាត់​ទៅ​ហើយ

24. គេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា ឥឡូវ​នេះ ចូរ​យើង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ ដែល​ទ្រង់​ប្រទាន​ភ្លៀង​មក គឺ​ទាំង​ភ្លៀង​ដើម ហើយ​ចុង​រដូវ​ផង​តាម​រដូវ​ភ្លៀង ហើយ​ក៏​កំណត់​រក្សា​ទុក​ប៉ុន្មាន​អាទិត្យ ដែល​សំរាប់​ច្រូត​កាត់​ដល់​យើង​ដែរ នោះ​ឡើយ

25. អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ ហើយ​អំពើ​បាប​របស់​ឯង បាន​បង្ខាំង​សេចក្តី​ល្អ ចេញ​ពី​ឯង​រាល់​គ្នា​ដែរ

26. ដ្បិត​នៅ​ក្នុង​រាស្ត្រ​អញ ឃើញ​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​រំពៃ​ចាំ​ដូច​ជា​អ្នក​ទាក់​សត្វ​ហើរ​ពួន​ចាំ​ដែរ ឯ​គេ​គឺ​ដាក់​អន្ទាក់ ហើយ​ចាប់​មនុស្ស​វិញ

27. ទ្រុង​មាន​ពេញ​ដោយ​សត្វ​ហើរ​យ៉ាង​ណា ផ្ទះ​គេ​ក៏​ពេញ​ដោយ​សេចក្តី​ឆ‌បោក​យ៉ាង​នោះ​ដែរ ដូច្នេះ គេ​បាន​ត្រឡប់​ជា​ធំ ហើយ​មាន​ឡើង

28. គេ​បាន​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ អើ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្តី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចំរើន​ឡើង​ឡើយ ក៏​មិន​សំរេច​ត្រឹម​ត្រូវ​ដល់​ពួក​កំសត់​ផង

សូមអានជំពូកពេញលេញ យេរេមា 5