គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 49:30-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. ឱ​ឯង​រាល់​គ្នា​ជា​ពួក​អ្នក​ស្រុក​ហាសោរ​អើយ ចូរ​រត់​ទៅ ចូរ​ដើរ​សាត់‌ព្រាត់​ទៅ​ឲ្យ​ឆ្ងាយ ត្រូវ​ឲ្យ​ជ្រក​នៅ​រអាង​យ៉ាង​ជ្រៅ​ចុះ ដ្បិត​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ប្រឹក្សា​ការ ហើយ​កើត​មាន​គំនិត​ទាស់​នឹង​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

31. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ក្រោក​ឡើងៗ​ទៅ​ឯ​សាសន៍១​ដែល​នៅ​ជា​សុខ ហើយ​ឥត​កង្វល់​ចុះ គេ​គ្មាន​ទ្វារ គ្មាន​រនុក ជា​ពួក​អ្នក​ដែល​នៅ​តែ​គ្នា​គេ​ប៉ុណ្ណោះ

32. ហ្វូង​អូដ្ឋ​របស់​គេ​នឹង​បាន​ជា​របឹប ហើយ​ហ្វូង​សត្វ​ដ៏​សន្ធឹក​របស់​គេ នឹង​បាន​ជា​របស់​សំរាប់​ប្លន់ អញ​នឹង​កំចាត់‌កំចាយ​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ឲ្យ​ទៅ​គ្រប់​ទិស ហើយ​នឹង​នាំ​សេចក្តី​អន្តរាយ​របស់​គេ មក​ពី​គ្រប់​តំបន់​ជុំវិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

33. នោះ​ក្រុង​ហាសោរ​នឹង​ត្រឡប់​ជា​ទី​លំនៅ​របស់​សត្វ​ស្វាន ជា​ទី​ខូច​បង់​ជា​ដរាប​ត​ទៅ នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ ឬ​មនុស្ស​ជាតិ​ណា​មួយ​ស្នាក់​នៅ​ទី​នោះ​ឡើយ។

34. នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ស្រុក​អេឡាំ នៅ​ដើម​រាជ្យ​នៃ​សេដេគា ស្តេច​យូដា ថា

35. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​បំបាក់​ធ្នូ​របស់​ពួក​អេឡាំ គឺ​ជា​ដើម​កំឡាំង​របស់​គេ

36. អញ​នឹង​នាំ​ខ្យល់​ទាំង​៤​ឲ្យ​មក​ពី​ទាំង​៤​ទិស ធ្លាក់​លើ​ស្រុក​អេឡាំ ហើយ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​គ្រប់​ទិស​ទាំង​៤​នោះ ឥត​មាន​នគរ​ណា​មួយ ដែល​ពួក​បំបរ‌បង់​របស់​សាសន៍​អេឡាំ​មិន​បាន​ទៅ​ដល់​នោះ​ឡើយ

37. អញ​នឹង​ឲ្យ​ពួក​សាសន៍​អេឡាំ​ស្រយុត​ចិត្ត នៅ​មុខ​ខ្មាំង​សត្រូវ ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​រក​ជីវិត​គេ ក៏​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​គេ គឺ​ជា​សេចក្តី​កំហឹង​ដ៏​សហ័ស​របស់​អញ​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា អញ​នឹង​ចាត់​ដាវ​ឲ្យ​ដេញ​តាម​ក្រោយ​គេ ទាល់​តែ​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ

38. អញ​នឹង​តាំង​បល្ល័ង្ក​អញ នៅ​ស្រុក​អេឡាំ ហើយ​នឹង​បំផ្លាញ​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ពី​ស្រុក​នោះ​ចេញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

39. ប៉ុន្តែ​ដល់​ជាន់​ក្រោយ នោះ​អញ​នឹង​នាំ​ពួក​អេឡាំ ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ យេរេមា 49