គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 49:19-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. មើល នឹង​មាន​មនុស្ស​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន​នោះ ដូច​ជា​សិង្ហ​ដែល​ឡើង​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​គេ​រត់​ពី​ទី​នោះ​ទៅ​ភ្លាម រួច​អ្នក​ដែល​បាន​រើស​តាំង​ឡើង នោះ​អញ​នឹង​ដំរូវ​ឲ្យ​គ្រប់‌គ្រង​លើ​ទី​នោះ​វិញ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា​ដែល​នឹង​អាច​ឈរ​នៅ​មុខ​អញ​បាន

20. ដូច្នេះ ចូរ​ស្តាប់​សេចក្តី​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​សំរេច​ទាស់​នឹង​ស្រុក​អេដំម និង​ដំរិះ​ដែល​ទ្រង់​បាន​គិត​ទាស់​នឹង​ពួក​អ្នក​នៅ​ក្រុង​ថេម៉ាន គឺ​ថា ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ទាំង​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ

21. ផែនដី​ក៏​ញ័រ​ដោយ​សូរ​គេ​ធ្លាក់​ចុះ ក៏​មាន​ឮ​សំរែក​ដែល​ឮ​រហូត​ដល់​សមុទ្រ​ក្រហម

22. មើល គេ​នឹង​ឡើង​មក ទាំង​ហើរ​ដូច​ជា​ឥន្ទ្រី គេ​នឹង​ត្រដាង​ស្លាប​លើ​ក្រុង​បុសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​នៅ​ស្រុក​អេដំម​នឹង​បាន​ដូច​ជា​ចិត្ត​នៃ​ស្រី ដែល​រៀប​នឹង​សំរាល​កូន។

23. ពី​ក្រុង​ដាម៉ាស។ឯ​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ គេ​ត្រូវ​ខ្មាស​ជ្រប់​មុខ​ហើយ ពី​ព្រោះ​គេ​បាន​ឮ​ដំណឹង​អាក្រក់ ហើយ​ចិត្ត​គេ​រលាយ​ទៅ សេចក្តី​ទុក្ខ​ព្រួយ​របស់​គេ​ដូច​ជា​សមុទ្រ​ដែល​កំរើក​ឡើង និង​ឲ្យ​ស្ងប់​វិញ​មិន​បាន

24. ក្រុង​ដាម៉ាស​បាន​ទៅ​ជា​ខ្សោយ គេ​បែរ​ទៅ​រៀប​នឹង​រត់ សេចក្តី​ភ័យ​ញ័រ​ក៏​ចាប់​គេ​ហើយ គេ​កើត​មាន​សេចក្តី​ថប់​ព្រួយ និង​សេចក្តី​ទុក្ខ​វេទនា ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន

25. ទី​ក្រុង​គួរ​សរសើរ ជា​ទី​រីក‌រាយ​ដល់​អញ ដូច​ម្តេច​បាន​ជា​គេ​មិន​សំចៃ​ទុក​ឯង​ដូច្នេះ​ហ្ន៎

26. ហេតុ​នោះ​ពួក​កំឡោះៗ​របស់​ក្រុង​នោះ​នឹង​ដួល​នៅ​ក្នុង​ផ្លូវ ហើយ​អស់​ទាំង​ទាហាន​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

27. ហើយ​អញ​នឹង​បង្កាត់​ភ្លើង​ឡើង​នៅ​ក្នុង​កំផែង​ក្រុង​ដាម៉ាស ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​បេន-ហាដាឌ​ទៅ។

សូមអានជំពូកពេញលេញ យេរេមា 49