គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 49:13-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្បថ​នឹង​ខ្លួន​អញ​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ខូច​បង់ ហើយ​ជា​ទី​ផ្តាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំវិញ​នឹង​ទៅ​ជា​កន្លែង​ខូច​បង់​នៅ​អស់‌កល្ប​ត​ទៅ។

14. ខ្ញុំ​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​បាន​ចាត់​ទូត​១​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​ប៉ុន្មាន​ប្រាប់​ថា ចូរ​មូល​គ្នា​មក​ទាស់​នឹង​គេ ហើយ​លើក​គ្នា​ទៅ​ច្បាំង​ចុះ

15. ដ្បិត​មើល​អញ​បាន​ធ្វើ​ឲ្យ​ឯង​ជា​យ៉ាង​តូច នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​មនុស្ស​ទាំង‌ឡាយ​មើល‌ងាយ​ឯង​ផង

16. ត្រង់​ឯ​សេចក្តី​គួរ​ស្ញែង​ខ្លាច​របស់​ឯង​នោះ គឺ​ជា​សេចក្តី​អំនួត​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ខ្លួន​ទេ ឱ​ឯង​ដែល​អាស្រ័យ​នៅ​ក្រហែង​ថ្មដា ជា​អ្នក​ដែល​រក្សា​កន្លែង នៅ​ជាប់​លើ​ទី​ខ្ពស់​អើយ ទោះ​បើ​ឯង​ធ្វើ​សំបុក​នៅ​ទី​ខ្ពស់ ដូច​ជា​ឥន្ទ្រី​ក៏​ដោយ គង់​តែ​អញ​នឹង​ទំលាក់​ឯង​ចុះ​ពី​នោះ​មក​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

17. ស្រុក​អេដំម​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ឯ​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ គេ​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​អស់​ទាំង​សេចក្តី​វេទនា​របស់​ស្រុក​នោះ

18. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ​ស្រុក​នោះ ឬ​មនុស្ស​ជាតិ​ណា​ស្នាក់​នៅ​ទី​នោះ​ឡើយ ដូច​ក្នុង​ការ​បំផ្លាញ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ទី​ក្រុង​ជិត​ខាង​នោះ​ទាំង​ប៉ុន្មាន​ដែរ

19. មើល នឹង​មាន​មនុស្ស​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន​នោះ ដូច​ជា​សិង្ហ​ដែល​ឡើង​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​គេ​រត់​ពី​ទី​នោះ​ទៅ​ភ្លាម រួច​អ្នក​ដែល​បាន​រើស​តាំង​ឡើង នោះ​អញ​នឹង​ដំរូវ​ឲ្យ​គ្រប់‌គ្រង​លើ​ទី​នោះ​វិញ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា​ដែល​នឹង​អាច​ឈរ​នៅ​មុខ​អញ​បាន

20. ដូច្នេះ ចូរ​ស្តាប់​សេចក្តី​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​សំរេច​ទាស់​នឹង​ស្រុក​អេដំម និង​ដំរិះ​ដែល​ទ្រង់​បាន​គិត​ទាស់​នឹង​ពួក​អ្នក​នៅ​ក្រុង​ថេម៉ាន គឺ​ថា ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ទាំង​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ

21. ផែនដី​ក៏​ញ័រ​ដោយ​សូរ​គេ​ធ្លាក់​ចុះ ក៏​មាន​ឮ​សំរែក​ដែល​ឮ​រហូត​ដល់​សមុទ្រ​ក្រហម

22. មើល គេ​នឹង​ឡើង​មក ទាំង​ហើរ​ដូច​ជា​ឥន្ទ្រី គេ​នឹង​ត្រដាង​ស្លាប​លើ​ក្រុង​បុសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​នៅ​ស្រុក​អេដំម​នឹង​បាន​ដូច​ជា​ចិត្ត​នៃ​ស្រី ដែល​រៀប​នឹង​សំរាល​កូន។

23. ពី​ក្រុង​ដាម៉ាស។ឯ​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ គេ​ត្រូវ​ខ្មាស​ជ្រប់​មុខ​ហើយ ពី​ព្រោះ​គេ​បាន​ឮ​ដំណឹង​អាក្រក់ ហើយ​ចិត្ត​គេ​រលាយ​ទៅ សេចក្តី​ទុក្ខ​ព្រួយ​របស់​គេ​ដូច​ជា​សមុទ្រ​ដែល​កំរើក​ឡើង និង​ឲ្យ​ស្ងប់​វិញ​មិន​បាន

24. ក្រុង​ដាម៉ាស​បាន​ទៅ​ជា​ខ្សោយ គេ​បែរ​ទៅ​រៀប​នឹង​រត់ សេចក្តី​ភ័យ​ញ័រ​ក៏​ចាប់​គេ​ហើយ គេ​កើត​មាន​សេចក្តី​ថប់​ព្រួយ និង​សេចក្តី​ទុក្ខ​វេទនា ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន

សូមអានជំពូកពេញលេញ យេរេមា 49