គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 49:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ពី​ពួក​កូន​ចៅ​អាំម៉ូន។ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ប្រុស​ទេ​ឬ​អី តើ​គ្មាន​អ្នក​ណា​នឹង​គ្រង​មរដក​ទេ​ឬ ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ម៉ូឡុក បាន​គ្រង​ស្រុក​កាឌ​ជា​មរដក ហើយ​ពួក​វា​នឹង​អាស្រ័យ​នៅ ក្នុង​ទី​ក្រុង​នៃ​ស្រុក​នោះ​ដូច្នេះ

2. ហេតុ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​ធ្វើ​ឲ្យ​ឮ​សំរែក​ប្រាប់​ពី​ចំបាំង​នៅ​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ទី​ក្រុង​នោះ​នឹង​ទៅ​ជា​គំនរ​បំណែក​នៅ​ស្ងាត់​ច្រៀប ហើយ​តំបន់​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដុត​ចោល​ទៅ គ្រា​នោះ​សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​មរដក ដែល​ពួក​កូន​ចៅ​អាំម៉ូន​បាន​យក​ជា​របស់​ផង​គេ​នោះ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

3. ឱ​ហែសបូន​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ក្រុង​អៃយ​ត្រូវ​ខូច​បង់​ហើយ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​រ៉ាបាត​អើយ ចូរ​ស្រែក​ឡើង ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​ទំនួញ​ចុះ ត្រូវ​ឲ្យ​រត់​ទៅ​មក​តាម​របង ដ្បិត​ព្រះ‌ម៉ូឡុក​នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​ចៅ‌ហ្វាយ​វា​ទាំង​ប៉ុន្មាន​ផង

4. ឱ​កូន​ស្រី​ដែល​រា‌ថយ​អើយ ជា​អ្នក​ដែល​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ហើយ​ពោល​ថា តើ​អ្នក​ណា​នឹង​មក​ទាស់​នឹង​អញ ហេតុ​អ្វី​បាន​ជា​ឯង​អួត​ពី​ច្រក​ភ្នំ​របស់​ឯង គឺ​ជា​ច្រក​ភ្នំ​ដែល​មាន​ទឹក​ហូរ​នោះ

5. ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​នាំ​សេចក្តី​ស្ញែង​ខ្លាច​មក​លើ​ឯង ពី​គ្រប់​ទាំង​សាសន៍​ដែល​នៅ​ជុំវិញ​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ខាង​មុខ​រៀង​ខ្លួន ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​ផ្តុំ​ពួក​អ្នក ដែល​រត់​ទៅ​នោះ​ឡើយ

6. ប៉ុន្តែ ជាន់​ក្រោយ​អញ​នឹង​នាំ​ពួក​កូន​ចៅ​អាំម៉ូន ដែល​ជា​ឈ្លើយ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

7. ពី​សាសន៍​អេដំម។ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ តើ​សេចក្តី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ​អី តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ឬ

8. ឱ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ស្រុក​ដេដាន់​អើយ ចូរ​រត់​ទៅ ចូរ​បែរ​ខ្នង​ចុះ ត្រូវ​ឲ្យ​ទៅ​ជ្រក​នៅ​រអាង​យ៉ាង​ជ្រៅ​ទៅ ដ្បិត​អញ​នឹង​នាំ​សេចក្តី​អន្តរាយ​របស់​អេសាវ​មក​លើ​គេ គឺ​ជា​វេលា​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​គេ

9. បើ​មាន​ពួក​សំរាប់​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​ឯ​ឯង នោះ​តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​បេះ​សន្សំ​ជាន់​ក្រោយ​ទេ​ឬ បើ​ចោរ​មក​នៅ​ពេល​យប់ នោះ​តើ​វា​មិន​បំផ្លាញ​ឲ្យ​ល្មម​តែ​ស្កប់​ចិត្ត​ប៉ុណ្ណោះ​ទេ​ឬ​អី

10. ប៉ុន្តែ​ឯ​អញៗ​បាន​ធ្វើ​ឲ្យ​អេសាវ​អាក្រាត​នៅ​ទទេ អញ​បាន​បើក​កេរ‌ខ្មាស​គេ​ឲ្យ​ឃើញ​ផង គេ​នឹង​មិន​អាច​បិទ​បាំង​ខ្លួន​បាន​ទេ ពូជ‌ពង្ស​គេ​ត្រូវ​បំផ្លាញ​ហើយ ព្រម​ទាំង​បង​ប្អូន និង​អ្នក​ជិត​ខាង​គេ​ផង ឯ​ខ្លួន​គេ​ក៏​មិន​នៅ​ទៀត​ដែរ

11. ចូរ​លះ​ចោល​កូន​កំព្រា​របស់​ឯង​ចុះ អញ​នឹង​ចិញ្ចឹម​វា​ឲ្យ​រស់​នៅ ហើយ​ត្រូវ​ឲ្យ​ពួក​មេម៉ាយ​របស់​ឯង​ទុក​ចិត្ត​នឹង​អញ​ទៅ

12. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល ពួក​អ្នក​ដែល​មិន​មាន​ទោស​ជា​ត្រូវ​ផឹក​ពី​ពែង នោះ​នឹង​ត្រូវ​ផឹក​វិញ​ជា​មិន​ខាន ឯ​ឯង​តើ​ជា​អ្នក​ដែល​នឹង​អាច​រួច​ពី​ទោស​ទាំង​អស់​ឬ ឯង​មិន​ត្រូវ​នៅ​ជា​ឥត​ទោស​ទេ គឺ​ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​នេះ​ជា​ពិត​វិញ

សូមអានជំពូកពេញលេញ យេរេមា 49