គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 48:7-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដ្បិត​ដោយ​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​ការ​របស់​ឯង ហើយ​នឹង​ទ្រព្យ​សម្បត្តិ​របស់​ឯង បាន​ជា​ឯង​នឹង​ត្រូវ​គេ​ចាប់​យក​ដែរ ហើយ​ព្រះ‌កេម៉ូស​នឹង​ត្រូវ​នាំ​ចេញ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​ចៅ‌ហ្វាយ​របស់​វា​ទាំង​អស់​ផង

8. នឹង​មាន​មេ​បំផ្លាញ​មក​លើ​គ្រប់​ទាំង​ទី​ក្រុង ឥត​មាន​ណា​មួយ​រួច​ឡើយ ឯ​ច្រក​ភ្នំ នឹង​ត្រូវ​វិនាស​ទៅ ហើយ​ស្រុក​វាល​នឹង​ត្រូវ​បំផ្លាញ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ

9. ចូរ​ឲ្យ​ម៉ូអាប់​មាន​ស្លាប​ចុះ ដើម្បី​ឲ្យ​បាន​ហើរ​ទៅ​ឲ្យ​រួច ដ្បិត​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ

10. អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កំចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្តាសា​ដែរ។

11. សាសន៍​ម៉ូអាប់​បាន​នៅ​ដោយ​ឥត​កង្វល់ តាំង​ពី​ក្មេង​មក គេ​បាន​រង​នៅ​លើក​ករ​របស់​គេ ឥត​ដែល​ចាក់​ផ្ទេរ​ពី​ដប​១​ទៅ​ដល់​ដប​១​ទៀត ក៏​មិន​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឡើយ ហេតុ​នោះ​បាន​ជា​គេ​មាន​រស‌ជាតិ​នៅ​ដូច​ដដែល ហើយ​ក្លិន​របស់​គេ​ក៏​មិន​បាន​ផ្លាស់​ប្រែ​ទៅ​ដែរ

12. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​ចាត់​ប្រើ​មនុស្ស​ទៅ​ឯ​គេ ដែល​នឹង​ចាក់​ផ្ទេរ​ចេញ​ឲ្យ​ដប​នៅ​ទទេ ហើយ​នឹង​បំបែក​ដប​ឲ្យ​ខ្ទេច‌ខ្ទី​ដែរ

13. នោះ​ម៉ូអាប់​នឹង​ខ្មាស​ចំពោះ​ព្រះ‌កេម៉ូស ដូច​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ខ្មាស​ចំពោះ​បេត-អែល ជា​ទី​ទុក​ចិត្ត​របស់​គេ​ដែរ

14. ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​ថា យើង​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​ស្ទាត់​ជំនាញ​ក្នុង​ចំបាំង​បាន

សូមអានជំពូកពេញលេញ យេរេមា 48