គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 48:11-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. សាសន៍​ម៉ូអាប់​បាន​នៅ​ដោយ​ឥត​កង្វល់ តាំង​ពី​ក្មេង​មក គេ​បាន​រង​នៅ​លើក​ករ​របស់​គេ ឥត​ដែល​ចាក់​ផ្ទេរ​ពី​ដប​១​ទៅ​ដល់​ដប​១​ទៀត ក៏​មិន​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឡើយ ហេតុ​នោះ​បាន​ជា​គេ​មាន​រស‌ជាតិ​នៅ​ដូច​ដដែល ហើយ​ក្លិន​របស់​គេ​ក៏​មិន​បាន​ផ្លាស់​ប្រែ​ទៅ​ដែរ

12. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​ចាត់​ប្រើ​មនុស្ស​ទៅ​ឯ​គេ ដែល​នឹង​ចាក់​ផ្ទេរ​ចេញ​ឲ្យ​ដប​នៅ​ទទេ ហើយ​នឹង​បំបែក​ដប​ឲ្យ​ខ្ទេច‌ខ្ទី​ដែរ

13. នោះ​ម៉ូអាប់​នឹង​ខ្មាស​ចំពោះ​ព្រះ‌កេម៉ូស ដូច​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ខ្មាស​ចំពោះ​បេត-អែល ជា​ទី​ទុក​ចិត្ត​របស់​គេ​ដែរ

14. ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​ថា យើង​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​ស្ទាត់​ជំនាញ​ក្នុង​ចំបាំង​បាន

15. ស្រុក​ម៉ូអាប់​បាន​ត្រូវ​ខូច​បង់​ហើយ ទី​ក្រុង​របស់​គេ​បាន​ហុយ​ឡើង​ជា​ផ្សែង ពួក​កំឡោះ​ជ្រើស‌រើស​របស់​គេ​បាន​ចុះ​ទៅ​ឯ​ទី​សំឡេះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ទ្រង់​ព្រះ‌នាម​ជា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

16. សេចក្តី​អន្តរាយ​របស់​សាសន៍​ម៉ូអាប់​ជិត​មក​ដល់​ហើយ សេចក្តី​វេទនា​របស់​គេ​ក៏​ប្រញាប់​រួស‌រាន់​ដែរ

17. ឯង​រាល់​គ្នា​ដែល​នៅ​ជុំវិញ​គេ​អើយ ចូរ​យំ​ទួញ​នឹង​គេ​ចុះ ហើយ​ឯង​រាល់​គ្នា​ដែល​ស្គាល់​ឈ្មោះ​គេ​អើយ ចូរ​ពោល​ថា ដំបង​ខែង​មាំ​នោះ​បាន​បាក់​យ៉ាង​ណា​ហ្ន៎ ជា​ដំបង​រុងរឿង​ផង

18. ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​ឯង​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​ឯង​បង់

19. ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​អារ៉ូអ៊ើរ​អើយ ចូរ​ឈរ​ក្បែរ​ផ្លូវ​មើល​ចុះ ចូរ​សួរ​អ្នក​ដែល​រត់ ហើយ​ស្រី​ដែល​បាន​រួច​មក​ថា តើ​កើត​មាន​អ្វី

20. សាសន៍​ម៉ូអាប់​ត្រូវ​ខ្មាស ពី​ព្រោះ​ត្រូវ​រំលំ​ហើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ចូរ​ប្រាប់​នៅ​មាត់​ស្ទឹង​អើណូន​ថា ម៉ូអាប់​ត្រូវ​ខូច​បង់​ហើយ

21. ការ​សំរេច​ទោស​បាន​ធ្លាក់​មក​លើ​ស្រុក​វាល គឺ​លើ​ហូឡូន យ៉ាហាស និង​មេផ្អាត

22. លើ​ឌីបូន នេបូរ បេត-ឌីប្លា‌ថែម

23. លើ​គារ‌យ៉ា‌ថែម បេត-កាមូល បេត-មេយ៉ូន

24. ហើយ​លើ​កេរីយ៉ុត បុសរ៉ា និង​អស់​ទាំង​ទី​ក្រុង នៅ​ស្រុក​ម៉ូអាប់​ទាំង​ជិត​ទាំង​ឆ្ងាយ​ផង

25. ឯ​ស្នែង​របស់​សាសន៍​ម៉ូអាប់​នោះ​បាន​កាត់​ចេញ​ហើយ ដៃ​គេ​ក៏​ត្រូវ​បាក់​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

26. ចូរ​បង្អក​ឲ្យ​គេ​ស្រវឹង​ចុះ ដ្បិត​គេ​បាន​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ម៉ូអាប់​នឹង​ត្រូវ​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​នឹង​ត្រូវ​គេ​មើល‌ងាយ​ផង

27. ដ្បិត​តើ​សាសន៍​អ៊ីស្រា‌អែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​ឯង​ឬ តើ​បាន​ឃើញ​គេ​នៅ​កណ្តាល​ពួក​ចោរ​ឬ​អី ដ្បិត​វេលា​ណា​ដែល​ឯង​និយាយ​ពី​គេ នោះ​ឯង​ចេះ​តែ​គ្រវី​ក្បាល

28. ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន ទៅ​អាស្រ័យ​នៅ​ក្នុង​ថ្ម​ចុះ ត្រូវ​ឲ្យ​បាន​ដូច​ជា​ព្រាប ដែល​ធ្វើ​សំបុក​នៅ​មាត់​ចំរែះ​រអាង

សូមអានជំពូកពេញលេញ យេរេមា 48