គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 46:9-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. សេះ​ទាំង‌ឡាយ​អើយ ចូរ​ឡើង​ទៅ រទេះ​ចំបាំង​ទាំង‌ឡាយ​អើយ ចូរ​សំរុក​ចូល​ចុះ ហើយ​ត្រូវ​ឲ្យ​មនុស្ស​ស្ទាត់​ជំនាញ​ចេញ​ទៅ​ដែរ គឺ​ទាំង​ពួក​គូស និង​ពួក​ពូត ជា​ពួក​អ្នក​ដែល​កាន់​ខែល ហើយ​ពួក​លូឌ​ដែល​កាន់ ហើយ​ដំឡើង​ធ្នូ

10. ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ថ្ងៃ​សឹក សំរាប់​ឲ្យ​ទ្រង់​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ ហើយ​ដាវ​នឹង​ស៊ី​ទាល់​តែ​ឆ្អែត ក៏​ផឹក​ឈាម​គេ​យ៉ាង​ស្កប់‌ស្កល់ ពី​ព្រោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​យញ្ញ‌បូជា​នៅ​ស្រុក​ខាង​ជើង​ក្បែរ​ទន្លេ​អ៊ើប្រាត

11. ឱ​កូន​ស្រី​ក្រមុំ​នៃ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ឡើង​ទៅ​ឯ​ស្រុក​កាឡាត យក​ប្រទាល​មុខ‌សះ​ចុះ ឯង​នឹង​ប្រើ​ថ្នាំ​ច្រើន​មុខ ជា​ឥត​ប្រយោជន៍​ទេ ឯង​នឹង​មើល​ខ្លួន​មិន​ជា​ឡើយ

12. អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​សេចក្តី​អាម៉ាស់​ខ្មាស​របស់​ឯង ហើយ​ផែនដី​ក៏​ឮ​ពេញ​ដោយ​សំរែក​របស់​ឯង​ដែរ ដ្បិត​មនុស្ស​ខ្លាំង​ពូកែ​បាន​ចំពប់​នឹង​មនុស្ស​ខ្លាំង​ពូកែ ហើយ​ទាំង​២​បាន​ដួល​ជា​មួយ​គ្នា។

13. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ហោរា​យេរេមា ពី​ដំណើរ​នេប៊ូ‌ក្នេសា ជា​ស្តេច​សាសន៍​បាប៊ីឡូន ដែល​នឹង​មក​វាយ​ស្រុក​អេស៊ីព្ទ

14. ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​មីកដុល ព្រម​ទាំង​នៅ​ក្រុង​ណូព និង​នៅ​ក្រុង​ថាផ្នេស​ផង ត្រូវ​ឲ្យ​ប្រាប់​ថា ចូរ​ឈរ​ឡើង ហើយ​រៀប​ខ្លួន​ចុះ ដ្បិត​ដាវ​បាន​ស៊ី​នៅ​ព័ទ្ធ​ជុំវិញ​ឯង​អស់​ហើយ

15. ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង​ត្រូវ​កៀរ​យក​ទៅ​ដូច្នេះ គេ​មិន​បាន​ឈរ​នឹង​នៅ​ទេ គឺ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ច្រាន​គេ​ទៅ

16. ទ្រង់​បាន​ធ្វើ​ឲ្យ​ច្រើន​គ្នា​ចំពប់ អើ គេ​បាន​ដួល​គរ​លើ​គ្នា គេ​បាន​និយាយ​គ្នា​ថា ចូរ​យើង​ក្រោក​ឡើង​វិល​ទៅ​ឯ​សាសន៍​យើង នៅ​ស្រុក​កំណើត​របស់​យើង​វិញ​ទៅ ដើម្បី​នឹង​រួច​ពី​ដាវ​ដែល​ធ្វើ​ទុក្ខ

17. នៅ​ទី​នោះ គេ​បាន​ស្រែក​ឡើង​ថា ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ជា​សូរ​កំទរ​ទទេ ទ្រង់​បាន​ទុក​ឲ្យ​ពេល​ដែល​ស្រួល​កន្លង​ហួស​ទៅ

18. ឯ​មហា‌ក្សត្រ​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ភ្នំ​តាបោរ​នៅ​កណ្តាល​ស្រុក​ភ្នំ ហើយ​ភ្នំ​កើមែល​នៅ​ឆ្នេរ​សមុទ្រ​ជា​យ៉ាង​ណា នោះ​ពិត​ប្រាកដ​ជា​គេ​នឹង​មក​យ៉ាង​នោះ​ដែរ

19. ឱ​កូន​ស្រី​ដែល​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ផ្គត់‌ផ្គង់​ដល់​ខ្លួន សំរាប់​នឹង​ទៅ​ជា​ឈ្លើយ​ចុះ ដ្បិត​ក្រុង​ណូព​នឹង​ត្រូវ​ខូច​បង់ ហើយ​ដុត​ចោល​ឥត​មាន​អ្នក​ណា​នៅ

20. ស្រុក​អេស៊ីព្ទ​ជា​គោ​ក្រមុំ​យ៉ាង​ល្អ​ក្រៃលែង ប៉ុន្តែ​មេ​បំផ្លាញ​បាន​ចេញ​ពី​ស្រុក​ខាង​ជើង​មក​ក៏​មក​ដល់​ហើយ

21. មួយ​ទៀត ជើង​ឈ្នួល​របស់​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​កូន​គោ​បំប៉ន​នៅ​កណ្តាល​ស្រុក គេ​ក៏​បាន​បែរ​ខ្នង​ដែរ គេ​បាន​រត់​ចេញ​ទៅ​ជា​មួយ​គ្នា ឥត​ឈរ​នឹង​នៅ​ទេ ដ្បិត​ថ្ងៃ​អន្តរាយ​របស់​គេ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ​បាន​មក​លើ​គេ​ហើយ

22. សូរ​សន្ធឹក​នៃ​ថ្ងៃ​នោះ ដូច​ជា​សូរ​នៃ​ពស់​លូន ដ្បិត​ពួក​នោះ​នឹង​ដើរ​មក​ជា​ក្បួន​ទ័ព ក៏​នឹង​មក​ទាស់​នឹង​គេ មាន​ទាំង​ពូថៅ ដូច​អ្នក​កាប់​ឈើ​ផង

23. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​នឹង​កាប់​រំលំ​ព្រៃ​របស់​ស្រុក​អេស៊ីព្ទ​បង់ ទោះ​បើ​ជា​ព្រៃ​ស្តុក ដល់​ចូល​មិន​បាន​ក៏​ដោយ ដ្បិត​គេ​មាន​គ្នា​ច្រើន​ជាង​កណ្តូប គឺ​ហួស​ប្រមាណ​នឹង​រាប់​បាន

24. កូន​ស្រី​របស់​ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ខ្មាស នាង​នឹង​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​របស់​ពួក​សាសន៍ ពី​ស្រុក​ខាង​ជើង

សូមអានជំពូកពេញលេញ យេរេមា 46