គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 44:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. តែ​គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក ដើម្បី​នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​គេ ដោយ​លែង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ​ឡើយ

6. ហេតុ​នោះ​បាន​ជា​សេចក្តី​កំហឹង និង​សេចក្តី​ក្រោធ​របស់​អញ​បាន​ចាក់​ចេញ ហើយ​កាត់​ឆេះ​ឡើង នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម​ផង ដូច្នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូច​បង់ ហើយ​ចោល​ស្ងាត់ ដូច​សព្វ​ថ្ងៃ​នេះ

7. ហេតុ​នោះ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ​នេះ ទាស់​នឹង​ព្រលឹង​របស់​ខ្លួន​ដូច្នេះ ជា​ការ​ដែល​នឹង​កាត់​ពួក​ឯង​រាល់​គ្នា​ទាំង​ប្រុស​ទាំង​ស្រី ទាំង​ក្មេង និង​កូន​នៅ​បៅ ចេញ​ពី​ពួក​យូដា ឥត​ទុក​ឲ្យ​មាន​ណា​មួយ​នៅ​សល់​ឡើយ

8. ដោយ​ដៃ​ឯង​រាល់​គ្នា​តែង​ប្រព្រឹត្ត​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង គឺ​ជា​ការ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​ឯង​រាល់​គ្នា​បាន​ទៅ​ស្នាក់​នៅ​នោះ ជា​ការ​ដែល​នឹង​កាត់​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ជា​ទី​ផ្តាសា និង​ជា​ទី​ត្មះ‌តិះដៀល នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី

9. តើ​ឯង​រាល់​គ្នា​បាន​ភ្លេច​អំពើ​អាក្រក់​របស់​ពួក​ព្ធយុ‌កោ​ឯង ហើយ​អំពើ​អាក្រក់​របស់​ពួក​ស្តេច​យូដា និង​ភរិយា​របស់​គេ ព្រម​ទាំង​អំពើ​អាក្រក់​ដែល​ខ្លួន​ឯង​រាល់​គ្នា និង​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​ផង គឺ​ជា​ការ​ដែល​គ្រប់​គ្នា​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ឬ​អី

10. ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​មិន​ទាន់​បន្ទាប​ខ្លួន​នៅ​ឡើយ ក៏​មិន​បាន​កោត‌ខ្លាច ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ និង​បញ្ញត្ត​ច្បាប់​របស់​អញ ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា និង​ពួក​ព្ធយុ‌កោ​របស់​ឯង​រាល់​គ្នា​ផង។

11. ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា សំរាប់​ជា​ការ​អាក្រក់ គឺ​ដើម្បី​នឹង​កាត់​ពួក​យូដា​ទាំង​អស់​ចេញ

12. អញ​នឹង​ចាប់​យក​សំណល់​ពួក​យូដា ដែល​បាន​តាំង​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​វិនាស​អស់​រលីង​ទៅ គឺ​គេ​នឹង​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​សូន្យ​ទៅ​ដោយ​ដាវ និង​អំណត់‌អត់ គេ​នឹង​ស្លាប់​ទៅ ចាប់​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ដោយ‌សារ​ដាវ និង​អំណត់‌អត់ នោះ​គេ​នឹង​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្តាសា ហើយ​ជា​ទី​ប្រមាថ​មើល‌ងាយ

13. ដ្បិត​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ដូច​ជា​អញ​បាន​ធ្វើ​ទោស​ដល់​ក្រុង​យេរូ‌សាឡិម ដោយ​ដាវ​អំណត់‌អត់ និង​អាសន្ន‌រោគ​ដែរ

14. ដល់‌ម៉្លេះ​បាន​ជា​ក្នុង​សំណល់​ពួក​យូដា ដែល​បាន​មក​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​គ្មាន​អ្នក​ណា​មួយ​រួច​ខ្លួន ឬ​សល់​នៅ ដើម្បី​នឹង​វិល​ទៅ​ក្នុង​ស្រុក​យូដា ដែល​គេ​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​អាស្រ័យ​នៅ​នោះ​ឡើយ ដ្បិត​នឹង​គ្មាន​អ្នក​ណា​វិល​ទៅ​វិញ​សោះ លើក​តែ​ពួក​អ្នក​ដែល​នឹង​រត់​រួច​បាន​ប៉ុណ្ណោះ។

15. ឯ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ដឹង​ថា ប្រពន្ធ​ខ្លួន​ធ្លាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ និង​ពួក​ស្រីៗ​ទាំង​អស់​ដែល​ឈរ​នៅ​ទី​នោះ ជា​ជំនុំ​យ៉ាង​ធំ គឺ​បណ្តា​មនុស្ស​ដែល​អាស្រ័យ​នៅ​ត្រង់​ប៉ាត្រូស​ក្នុង​ស្រុក​អេស៊ីព្ទ គេ​ឆ្លើយ​ដល់​យេរេមា​ថា

សូមអានជំពូកពេញលេញ យេរេមា 44