គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 42:9-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. លោក​ក៏​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នាំ​ពាក្យ​អង្វរ​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ដល់​ទ្រង់​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា

10. បើ​ឯង​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ នោះ​អញ​នឹង​សង់​ឯង​ឡើង​ឥត​រំលំ​ចុះ​ឡើយ ក៏​នឹង​ដាំ​ឯង​រាល់​គ្នា​ឥត​រំលើង​វិញ​ដែរ ដ្បិត​អញ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​ធ្វើ​ដល់​ឯង​រាល់​គ្នា​ហើយ

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​ឯង​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ

12. អញ​នឹង​ប្រោស​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បាន​អាណិត​ឯង ហើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ឯង​រៀង​ខ្លួន​វិញ

13. តែ​បើ​ឯង​រាល់​គ្នា​ថា យើង​ខ្ញុំ​មិន​ព្រម​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ​ទេ គឺ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

14. ដោយ​ថា ទេ យើង​រាល់​គ្នា​នឹង​ទៅ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ជា​កន្លែង​ដែល​យើង​ខ្ញុំ​នឹង​មិន​ឃើញ​ចំបាំង​ទៀត ក៏​មិន​ឮ​សូរ​ត្រែ ឬ​ត្រូវ​អត់‌ឃ្លាន​ឡើយ គឺ​នៅ​ទី​នោះ​ដែល​យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ​វិញ

15. ដូច្នេះ ឱ​សំណល់​ពួក​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ឯង​រាល់​គ្នា​កាត់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​ពិត ហើយ​ក៏​ទៅ​អាស្រ័យ​នៅ​ឯ​នោះ

16. យ៉ាង​នោះ ដាវ​ដែល​ឯង​រាល់​គ្នា​ខ្លាច​នោះ​នឹង​តាម​ឯង​ទាន់ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​អំណត់‌អត់​ដែល​ឯង​រាល់​គ្នា​ខ្លាច​ដែរ នឹង​ជាប់​ប្រកិត​តាម​ឯង​រាល់​គ្នា ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​នោះ

17. ឯ​អស់​អ្នក​ដែល​កាត់​ចិត្ត​នឹង​ទៅ​អាស្រ័យ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​បាន​ដូច្នោះ គឺ​គេ​នឹង​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ និង​អាសន្ន‌រោគ ឥត​មាន​ពួក​គេ​ណា​មួយ​សល់​នៅ ឬ​រួច​ពី​ការ​អាក្រក់ ដែល​អញ​នឹង​នាំ​មក​លើ​គេ​នោះ​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 42