គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 4:9-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ​ព្រះ‌ទ័យ​នៃ​ស្តេច និង​ចិត្ត​របស់​ពួក​ចៅ‌ហ្វាយ នឹង​រលត់​សូន្យ​ទៅ ឯ​ពួក​សង្ឃ​នឹង​ស្រឡាំង‌កាំង​នៅ ហើយ​ពួក​ហោរា​នឹង​នឹក​ប្លែក​ដែរ។

10. នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ពិត​ប្រាកដ​ជា​ទ្រង់​បាន​បញ្ឆោត​ជន‌ជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡិម​ជា​ខ្លាំង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា នឹង​មាន​សេចក្តី​សុខ​ដល់​ឯង​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ។

11. នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​ប្រាប់​ដល់​ជន‌ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​រាស្ត្រ​អញ មិន​មែន​សំរាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សំរាប់​សំអាត​ដែរ

12. គឺ​ជា​ខ្យល់​ពេញ​កំឡាំង​នឹង​មក​ជំនួស​អញ ឥឡូវ​នេះ អញ​នឹង​សំរេច​ទោស​ដល់​គេ

13. មើល អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចំបាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ‌ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ

14. ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​ឯង​ឲ្យ​ជ្រះ​ចេញ​ពី​សេចក្តី​ទុច្ចរិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន​ដល់​កាល​ណា​ទៀត

15. ដ្បិត​មាន​សំឡេង​១​បន្លឺ​ចេញ​ពី​ស្រុក​ដាន់ ក៏​ចេញ​ពី​ស្រុក​ភ្នំ​អេប្រា‌អិម​មក​ប្រកាស​ពី​ការ​អាក្រក់

16. ចូរ​ដំណាល​ប្រាប់​ដល់​អស់​ទាំង​សាសន៍​ឲ្យ​ដឹង នែ ចូរ​ប្រកាស​ប្រាប់​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា មាន​ពួក​ទ័ព​កំពុង​តែ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ឡោម‌ព័ទ្ធ​ឯង គេ​ស្រែក​ទាស់​នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន

17. គេ​នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង ដូច​ជា​ពួក​រក្សា​ចំការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះ‌បោរ​នឹង​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

18. គឺ​ជា​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត និង​អំពើ​របស់​ឯង ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​ឯង នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​ឯង ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ពី​ព្រោះ​ការ​នេះ​លូក​មក​ប៉ះពាល់​ដល់​ចិត្ត​ឯង​ហើយ។

19. ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​សេចក្តី​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចំបាំង​ហើយ

20. គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ខ្ជាន់​លើ​ការ​បំផ្លាញ ពី​ព្រោះ​ស្រុក​ទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ​ស្រាប់​តែ​ខូច​បង់​ភ្លាម ហើយ​ត្រសាល​របស់​ខ្ញុំ​ជា​១​រំពេច​ដែរ

សូមអានជំពូកពេញលេញ យេរេមា 4