2. ហើយបើឯងនឹងស្បថដោយពិតត្រង់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតថា ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅពិត នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងទ្រង់ ហើយនឹងអួតសរសើរពីទ្រង់។
3. ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូល ដល់មនុស្សនៅស្រុកយូដា និងក្រុងយេរូសាឡិមដូច្នេះថា ចូរកំសុលដីហាប់របស់ឯងរាល់គ្នាឡើង ហើយកុំឲ្យសាបព្រោះ នៅកណ្តាលបន្លាឡើយ
4. ឱមនុស្សនៅស្រុកយូដា និងពួកក្រុងយេរូសាឡិមអើយ ចូរឯងរាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា ចូរកាត់យកស្បែកចិត្តឯងចោលចេញចុះ ក្រែងសេចក្តីក្រោធរបស់អញចេញមកដូចជាភ្លើង ហើយឆេះឥតមានអ្នកណាពន្លត់បាន ដោយព្រោះសេចក្តីអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តនោះ។
5. ចូរថ្លែងប្រាប់នៅស្រុកយូដា ហើយប្រកាសប្រាប់នៅក្រុងយេរូសាឡិម ដោយពាក្យថា ចូរផ្លុំត្រែនៅក្នុងស្រុក ចូរស្រែកឡើងជាខ្លាំងថា ចូរមូលគ្នាមក យើងចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានបន្ទាយចុះ
6. ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវឲ្យរត់ទៅ កុំបង្អង់ឡើយ ពីព្រោះអញនឹងនាំសេចក្តីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង
7. មានសត្វសិង្ហ១បានឡើងចេញពីព្រៃស្តុករបស់វាមក ជាមេបំផ្លាញនគរផ្សេងៗ វាកំពុងតែមកតាមផ្លូវ វាបានចេញពីកន្លែងរបស់វាមកហើយ ដើម្បីនឹងបំផ្លាញស្រុកឯង ហើយឲ្យទីក្រុងទាំងប៉ុន្មានរបស់ឯង ត្រូវបែកបាក់ចោល ឥតមានអ្នកណានៅ
8. ហេតុនេះ ចូរឲ្យឯងរាល់គ្នាស្លៀកសំពត់ធ្មៃ ព្រមទាំងទួញទំនួញ ហើយទ្រហោយំចុះ ដ្បិតសេចក្តីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា មិនបានបែរចេញពីយើងរាល់គ្នាទេ
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះព្រះទ័យនៃស្តេច និងចិត្តរបស់ពួកចៅហ្វាយ នឹងរលត់សូន្យទៅ ឯពួកសង្ឃនឹងស្រឡាំងកាំងនៅ ហើយពួកហោរានឹងនឹកប្លែកដែរ។