គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 4:15-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដ្បិត​មាន​សំឡេង​១​បន្លឺ​ចេញ​ពី​ស្រុក​ដាន់ ក៏​ចេញ​ពី​ស្រុក​ភ្នំ​អេប្រា‌អិម​មក​ប្រកាស​ពី​ការ​អាក្រក់

16. ចូរ​ដំណាល​ប្រាប់​ដល់​អស់​ទាំង​សាសន៍​ឲ្យ​ដឹង នែ ចូរ​ប្រកាស​ប្រាប់​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា មាន​ពួក​ទ័ព​កំពុង​តែ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ឡោម‌ព័ទ្ធ​ឯង គេ​ស្រែក​ទាស់​នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន

17. គេ​នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង ដូច​ជា​ពួក​រក្សា​ចំការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះ‌បោរ​នឹង​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

18. គឺ​ជា​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត និង​អំពើ​របស់​ឯង ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​ឯង នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​ឯង ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ពី​ព្រោះ​ការ​នេះ​លូក​មក​ប៉ះពាល់​ដល់​ចិត្ត​ឯង​ហើយ។

19. ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​សេចក្តី​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចំបាំង​ហើយ

20. គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ខ្ជាន់​លើ​ការ​បំផ្លាញ ពី​ព្រោះ​ស្រុក​ទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ​ស្រាប់​តែ​ខូច​បង់​ភ្លាម ហើយ​ត្រសាល​របស់​ខ្ញុំ​ជា​១​រំពេច​ដែរ

21. តើ​ត្រូវ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ទង់‌ជ័យ ហើយ​ឮ​សូរ​ត្រែ​ដល់​កាល​ណា​ទៀត

22. ពិត​ប្រាកដ​ជា​រាស្ត្រ​របស់​អញ​គេ​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​អញ​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។

23. ខ្ញុំ​បាន​ពិចារណា​មើល​ផែនដី ឃើញ​ថា​ខូច ហើយ​នៅ​ទទេ រួច​មើល​ទៅ​លើ​មេឃ នោះ​ក៏​ឥត​មាន​ពន្លឺ​ដែរ

24. ខ្ញុំ​ក្រឡេក​មើល​ទៅ​ភ្នំ​ធំ ឃើញ​ថា​ញ័រ​ទាំង​អស់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​កក្រើក​រញ្ជួយ

25. ខ្ញុំ​ក៏​ពិចារណា​មើល​ឃើញ​ថា គ្មាន​មនុស្ស​ណា​ទៀត​សោះ អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ហើរ​ទៅ​បាត់​ហើយ

26. រួច​ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ដី​ដុះ‌ដាល បាន​ត្រឡប់​ជា​វាល​ស្ងាត់ ហើយ​អស់​ទាំង​ទី​ក្រុង​ក៏​ត្រូវ​រលំ​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់។

27. ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ស្រុក​ទាំង​មូល​នឹង​ត្រូវ​ខូច​បង់ ប៉ុន្តែ​អញ​មិន​បំផ្លាញ​អស់​រលីង​ទេ

28. ដោយ​ហេតុ​ការ​ទាំង​នេះ ផែនដី​នឹង​យំ​សោក ហើយ​មេឃ​ខាង​លើ​នឹង​ទៅ​ជា​ខ្មៅ ពី​ព្រោះ​អញ​បាន​ចេញ​វាចា អញ​បាន​គិត​សំរេច​ការ​នេះ​ហើយ អញ​នឹង​មិន​ប្រែ​ចិត្ត ឬ​បែរ​ចេញ​ពី​ការ​នេះ​ឡើយ។

29. បណ្តា​មនុស្ស​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​រត់​ទៅ​ដោយ​ព្រោះ​សូរ​ពល​សេះ និង​ពល​ធ្នូ គេ​ចូល​ទៅ​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឡើង​ទៅ​លើ​ថ្ម​ជា ទី​ក្រុង​ទាំង‌ឡាយ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ

30. ឯ​ឯង កាល​ណា​ឯង​បាន​ត្រូវ​ខូច​បង់​ហើយ នោះ​តើ​ឯង​នឹង​ធ្វើ​ដូច​ម្តេច ទោះ​បើ​ឯង​ស្លៀក‌ពាក់​ពណ៌​ក្រហម ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ព្រម​ទាំង​ផាត់​រង្វង់​ភ្នែក​ឯង ដោយ​ថ្នាំ​ផង​ក៏​ដោយ គង់​តែ​ឯង​នឹង​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​មើល​ជា​ឥត​ប្រយោជន៍​ទទេ ពួក​សហាយ​របស់​ឯង គេ​ស្អប់​ខ្ពើម​ឯង​ហើយ ក៏​រក​ជីវិត​ឯង​ផង

សូមអានជំពូកពេញលេញ យេរេមា 4