គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 38:12-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. រួច​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ក៏​ប្រាប់​យេរេមា​ថា សូម​ទ្រាប់​កំណាត់​ចាស់ និង​អាវ​រយ៉ី‌រយ៉ៃ​ទាំង​នេះ នៅ​ក្រោម​ក្លៀក​លោក​ពី​ក្រោម​ខ្សែពួរ​ទៅ យេរេមា​ក៏​ធ្វើ​ដូច្នោះ

13. រួច​គេ​យោង​ទាញ​យេរេមា​ឡើង​រួច​ពី​គុក​ងងឹត​មក ហើយ​លោក​បាន​នៅ​ជាប់​ក្នុង​ទីលាន​គុក​វិញ។

14. គ្រា​នោះ ស្តេច​សេដេគា​ទ្រង់​ចាត់​គេ​ទៅ​នាំ​ហោរា​យេរេមា​មក​ឯ​ទ្រង់ នៅ​ត្រង់​ទ្វារ​ទី​៣​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យេរេមា​ថា យើង​ចង់​សួរ​បន្តិច កុំ​ឲ្យ​លាក់​អ្វី​នឹង​យើង​ឡើយ

15. ដូច្នេះ យេរេមា​លោក​ទូល​ដល់​សេដេគា​ថា បើ​សិន​ជា​ទូល‌បង្គំ​ទូល​ទ្រង់​ឲ្យ​បាន​ជ្រាប នោះ​តើ​ទ្រង់​មិន​សំឡាប់​ទូល‌បង្គំ​ជា​ប្រាកដ​ទេ​ឬ ហើយ​បើ​ទូល‌បង្គំ​ទូន្មាន​ទ្រង់ នោះ​ទ្រង់​ក៏​មិន​ព្រម​ស្តាប់​តាម​ដែរ

16. នោះ​ស្តេច​សេដេគា​ទ្រង់​ស្បថ​ឲ្យ​យេរេមា​ដោយ​សំងាត់​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​បង្កើត​ព្រលឹង​ឲ្យ​យើង​នេះ នោះ​ប្រាកដ​ជា​យើង​មិន​សំឡាប់ ឬ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​អ្នក​ឡើយ។

17. រួច​យេរេមា​ទូល​ដល់​សេដេគា​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ទ្រង់​យាង​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន នោះ​ទ្រង់​នឹង​គង់​ព្រះ‌ជន្ម​នៅ ហើយ​ទី​ក្រុង​នេះ​ក៏​មិន​ត្រូវ​ដុត​នឹង​ភ្លើង​ដែរ គឺ​ទ្រង់ និង​ពួក​វង្សា​ទ្រង់​នឹង​បាន​រួច​ជីវិត

18. ប៉ុន្តែ​បើ​ទ្រង់​មិន​ព្រម​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទេ នោះ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ហើយ​គេ​នឹង​ដុត​ចោល ឯ​ទ្រង់​ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​គេ​ដែរ

19. ស្តេច​សេដេគា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យេរេមា​ថា យើង​ខ្លាច​ពួក​សាសន៍​យូដា ដែល​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ ហើយ​ក្រែង​សាសន៍​ខាល់ដេ​ប្រគល់​យើង ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ​គេ​ត្មះ‌តិះដៀល​យើង

20. តែ​យេរេមា​ទូល​តប​ថា គេ​នឹង​មិន​ប្រគល់​ទ្រង់​ទៅ​ទេ ទូល‌បង្គំ​អង្វរ​ទ្រង់ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា តាម​សេចក្តី​ដែល​ទូល‌បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្តី​សុខ ហើយ​នឹង​មាន​ព្រះ‌ជន្ម​នៅ

21. តែ​បើ​សិន​ជា​ទ្រង់​មិន​ព្រម​យាង​ចេញ​ទៅ​ទេ នោះ​ព្រះ‌យេហូវ៉ា ទ្រង់​បាន​សំដែង​សេចក្តី​នេះ​មក ឲ្យ​ទូល‌បង្គំ​ឃើញ​ថា

22. មើល ពួក​ស្រីៗ​ទាំង​ប៉ុន្មាន ដែល​សល់​នៅ​ក្នុង​ដំណាក់​របស់​ស្តេច​យូដា នឹង​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន ហើយ​ស្រីៗ​ទាំង​នោះ​នឹង​ពោល​ថា ពួក​ជំនិត​របស់​ទ្រង់​បាន​បញ្ឆោត​ទ្រង់ ហើយ​ក៏​ឈ្នះ​ទ្រង់​ផង ឥឡូវ​នេះ ដែល​ព្រះ‌បាទ​ទ្រង់​ផុង​ជាប់​ទៅ​ក្នុង​ភក់​ហើយ នោះ​គេ​បាន​ងាក​ចេញ​ពី​ទ្រង់​ទៅ

23. គេ​នឹង​នាំ​ភរិយា និង​ព្រះ‌រាជ​បុត្រ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ចេញ​ទៅ​ឯ​ពួក​ខាល់ដេ ហើយ​អង្គ​ទ្រង់​ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​គេ​ដែរ គឺ​ដៃ​ស្តេច​បាប៊ីឡូន​នឹង​ចាប់​ទ្រង់​បាន ហើយ​ទ្រង់​នឹង​ជា​ហេតុ​ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ឆេះ​ដោយ​ភ្លើង។

24. នោះ​សេដេគា ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យេរេមា​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ពី​ពាក្យ​ទាំង​នេះ​ឡើយ នោះ​អ្នក​មិន​ត្រូវ​ស្លាប់​ទេ

សូមអានជំពូកពេញលេញ យេរេមា 38