គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 35:7-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ក៏​មិន​ត្រូវ​ឲ្យ​ឯង​ធ្វើ​ផ្ទះ ឬ​សាប‌ព្រោះ ឬ​ដាំ ឬ​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​១​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ

8. ហើយ​យើង​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​យ៉ូណាដាប ជា​កូន​រេកាប ដែល​ជា​ព្ធយុ‌កោ​យើង តាម​គ្រប់​ទាំង​សេចក្តី​ដែល​គាត់​បាន​ផ្តាំ​មក គឺ​មិន​បាន​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដរាប​ដល់​អស់​១​ជីវិត​យើង ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​យើង​ផង

9. ក៏​មិន​បាន​ធ្វើ​ផ្ទះ​សំរាប់​អាស្រ័យ​នៅ ហើយ​គ្មាន​ដំណាំ​ទំពាំង‌បាយ‌ជូរ ឬ​ចំការ ឬ​ពូជ​ពង្រោះ​ណា​ផង

10. គឺ​យើង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​តែ​ក្នុង​ត្រសាល ហើយ​បាន​ស្តាប់​បង្គាប់ ទាំង​ប្រព្រឹត្ត​តាម​គ្រប់​សេចក្តី​ដែល​យ៉ូណាដាប ជា​ព្ធយុ‌កោ​យើង​បាន​ផ្តាំ​ទុក

11. ប៉ុន្តែ​កាល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ឡើង​មក​ក្នុង​ស្រុក នោះ​យើង​បាន​និយាយ​គ្នា​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​ពួក​ទ័ព​ខាល់ដេ និង​ពួក​ទ័ព​ស៊ីរី​ចេញ ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ។

12. នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​យេរេមា​ថា

13. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​និយាយ​នឹង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ថា តើ​ឯង​រាល់​គ្នា​មិន​ព្រម​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ ដើម្បី​នឹង​ស្តាប់​តាម​ពាក្យ​អញ​ទេ​ឬ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

14. ឯ​ពាក្យ​របស់​យ៉ូណាដាប ជា​កូន​រេកាប​ដែល​បាន​ហាម​ដល់​ពួក​កូន​ចៅ មិន​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​បាន​សំរេច​ហើយ ដ្បិត​គេ​មិន​ផឹក​សោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​គេ​ស្តាប់​តាម​បង្គាប់​របស់​ព្ធយុ‌កោ​គេ ឯ​អញ​វិញ​អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ប្រាប់​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ

15. អញ​ក៏​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​អញ ឲ្យ​មក​ឯ​ឯង​ដែរ ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ឲ្យ​ប្រាប់​ថា ចូរ​ឲ្យ​ឯង​ទាំង​អស់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ឥឡូវ ហើយ​កែ​កិរិយា​របស់​ឯង​ផង កុំ​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​ដល់​វា​នោះ​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ជាប់​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​ព្ធយុ‌កោ​ឯង តែ​ឯង​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក ឬ​ស្តាប់​តាម​អញ​សោះ

16. ដូច្នេះ ដោយ​ឃើញ​ថា ពួក​កូន​ចៅ​យ៉ូណាដាប ជា​កូន​រេកាប បាន​សំរេច​តាម​បង្គាប់​របស់​ព្ធយុ‌កោ​គេ ដែល​ផ្តាំ​មក​នោះ តែ​ជន‌ជាតិ​ទាំង​នេះ​មិន​បាន​ស្តាប់​តាម​អញ​ទេ

17. ហេតុ​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​គ្រប់​ទាំង​សេចក្តី​អាក្រក់​មក​លើ​ពួក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​អញ​បាន​ពោល​ទាស់​នឹង​គេ​ហើយ ពី​ព្រោះ​អញ​បាន​ប្រាប់​ដល់​គេ តែ​គេ​មិន​បាន​ស្តាប់​ទេ ហើយ​អញ​បាន​ហៅ​គេ តែ​គេ​មិន​បាន​ឆ្លើយ​តប​ឡើយ។

18. រួច​យេរេមា លោក​ប្រាប់​ដល់​ពួក​វង្ស​នៃ​រេកាប​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ស្តាប់​តាម​បង្គាប់​យ៉ូណាដាប ជា​ព្ធយុ‌កោ​ឯង ហើយ​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​គាត់ ព្រម​ទាំង​សំរេច​តាម​អស់​ទាំង​ពាក្យ ដែល​គាត់​បាន​ផ្តាំ​មក

19. ដូច្នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យ៉ូណា‌ដាប​ជា​កូន​រេកាប នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​សំរាប់​ឈរ​នៅ​មុខ​អញ​ជា​ដរាប​ត​ទៅ​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 35