គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 34:2-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ទូល​សេដេគា ជា​ស្តេច​យូដា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ដុត​ចោល

3. ឯ​ឯង​នឹង​មិន​រួច​ពី​កណ្តាប់​ដៃ​នៃ​គេ​ដែរ គឺ​នឹង​ត្រូវ​ចាប់​បាន ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ជា​ពិត ឯង​នឹង​ឃើញ​ស្តេច​បាប៊ីឡូន​ប្រទល់​មុខ​គ្នា ហើយ​គេ​នឹង​និយាយ​នឹង​ឯង​ផ្ទាល់​មាត់ រួច​ឯង​នឹង​ត្រូវ​ទៅ​ឯ​ក្រុង​បាប៊ីឡូន

4. ប៉ុន្តែ ឱ​សេដេគា​ជា​ស្តេច​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទ្រង់​ថា ឯង​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ

5. គឺ​ឯង​នឹង​ស្លាប់​ដោយ​សេចក្តី​សុខ​វិញ ហើយ​គេ​នឹង​បូជា​សព​របស់​ឯង ដូច​ជា​បាន​បូជា​ភ្លើង​ថ្វាយ ដល់​ពួក​ព្ធយុ‌កោ​ឯង គឺ​ជា​ពួក​ស្តេច​ដែល​នៅ​មុខ​ឯង​ដែរ គេ​នឹង​យំ​ទួញ​នឹង​ឯង​ថា ឱ​ព្រះ‌អម្ចាស់​អើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ចេញ​វាចា​ហើយ។

6. នោះ​ហោរា​យេរេមា ក៏​ទូល​គ្រប់​ទាំង​ព្រះ‌បន្ទូល​នេះ​ដល់​សេដេគា ជា​ស្តេច​យូដា នៅ​ក្រុង​យេរូ‌សាឡិម

7. ក្នុង​កាល​ដែល​ពួក​ពល‌ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ដែល​នៅ​សល់ គឺ​នឹង​ក្រុង​ឡាគីស ហើយ​នឹង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។

8. នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ពាក្យ​ដែល​មក​ដល់​យេរេមា ក្នុង​ពេល​ក្រោយ​ដែល​ស្តេច​សេដេគា និង​ប្រជា‌ជន​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​តាំង​សេចក្តី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លែង​ដល់​គេ

9. គឺ​ឲ្យ​គ្រប់​ទាំង​មនុស្ស​បាន​បើក​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ដែល​ជា​សាសន៍​ហេព្រើរ​រួច​ចេញ​ទៅ ហើយ​កុំ​ឲ្យ​អ្នក​ណា​ចាប់​ប្រើ​សាសន៍​ហេព្រើរ ដែល​ជា​បង​ប្អូន​នឹង​គ្នា ទុក​ជា​បាវ​បំរើ​ទៀត​ឡើយ

10. ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន និង​បណ្តា‌ជន​ទាំង‌ឡាយ ដែល​បាន​ចូល​ក្នុង​សេចក្តី​សញ្ញា​នេះ ក៏​ស្តាប់​បង្គាប់​តាម ដើម្បី​នឹង​បើក​លែង​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ឲ្យ​រួច​ចេញ​ទៅ ឥត​មាន​អ្នក​ណា​ចាប់​ប្រើ​គេ​ទុក​ជា​បាវ​បំរើ​ទៀត គេ​ក៏​ស្តាប់​តាម ហើយ​លែង​អ្នក​ទាំង​នោះ​ឲ្យ​រួច​ចេញ​ទៅ

11. ប៉ុន្តែ​ក្រោយ​មក គេ​ក៏​បែរ​ជា​បង្ខំ​បាវ​ប្រុស បាវ​ស្រី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​លែង​ទៅ​ហើយ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​វិញ​ទៀត។

12. ហេតុ​នោះ ព្រះ‌បន្ទូល​ក៏​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា​ថា

13. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​តាំង​សេចក្តី​សញ្ញា​នឹង​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​សណ្ឋាន​ជា​បាវ​បំរើ ដោយ​ពាក្យ​ថា

14. លុះ​ផុត​៧​ឆ្នាំ​ហើយ នោះ​ឯង​រាល់​គ្នា​ត្រូវ​លែង​បង​ប្អូន​ឯង ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​ឯង ហើយ​បាន​បំរើ​ឯង​អស់​៦​ឆ្នាំ គឺ​ឯង​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​ឯង​ទៅ ប៉ុន្តែ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង

សូមអានជំពូកពេញលេញ យេរេមា 34